យី​ឌុ​ប​ដឹក​ដំឡូង​លើស​ចំណុះ​បំបាក់​ស្ពាន​ព្រំប្រទល់​ក្រចេះ​-​ត្បូងឃ្មុំ

យី​ឌុ​ប​ដឹក​ដំឡូង​លើស​ចំណុះ​បំបាក់​ស្ពាន​ព្រំប្រទល់​ក្រចេះ​-​ត្បូងឃ្មុំ

ខេត្តក្រចេះ ៖ ការ​ស្ទះចរាចរណ៍​បាន​កើត​មាន​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយសារ​តែ​ការ​បាក់​ស្ពានដែក​បេ​ឡេ​ត៍ បន្ទាប់​ពី​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូង​មី​លើស​ចំណុះ​បាន​ធ្វើ​ឲ្យ​បាក់​ស្ពាន​នេះ​នៅ​តាម​ផ្លូវជាតិ​លេខ​៧៣ ជាប់​ព្រំប្រទល់​ស្រុក​ឆ្លូង កាលពី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ។ ជាមួយនឹង​ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​សកម្មភាព​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់ គឺ​ធ្វើ​ឡើង​ដើម្បី​តែ​បំពេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ក៏​ដូច​ជា​សម្បត្តិ​សាធារណៈ​ជា​បន្តបន្ទាប់​ដូច​ជា ការ​ខូច​ផ្លូវជាតិ​និង​ផ្លូវលំ​នានា និង​បាក់​ស្ពាន​ជាដើម គឺ​ប៉ះពាល់​ដល់​សាធារណជន​ទូទៅ ។

ស្ពានដែក​បេ​ឡេ​ត៍​ដែល​បាក់​នេះ មាន​ប្រវែង​ជិត​១០​ម៉ែត្រ ស្ថិត​នៅ​ចំណុច​ព្រែក​កំពង់​រាំង ជាប់ ព្រំប្រទល់​រវាង​ស្រុក​ឆ្លូង ខេត្តក្រចេះ ជាមួយនឹង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ស្ពាន​សម្រាប់​វាង​ការដ្ឋាន​ដែល​កំពុង​បើក​ការ​ស្ថាបនា​ស្ពានបេតុង​ថ្មី កាលពីដើម​ខែកុម្ភៈ​នេះ ។

ទោះបីជា​បែប​ណា ចរាចរណ៍​មិន​បាន​កកស្ទះ​រយៈពេល​យូរ​ទេ ក្រោយ​ពី​កម្លាំង​នគរបាល​ខេត្ត និង​ស្រុក​ឆ្លូង​ចុះ​ទៅ​សម្រួល​និង​បង្កើត​ផ្លូវ​វាង​ថ្មី​មួយទៀត​នៅ​ក្បែរ​នោះ ឱ្យ​រថ​យ្ត​តូច​និង​រថយន្ត​ធុន​ធំ​ល្មម​អាច​ទៅ​មក​បាន​តាម​ធម្មតា ព្រោះ​ពេល​នេះ​ជា​រដូវប្រាំង មិន​មានទឹក​ដក់​ពិបាក​ឆ្លងកាត់​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក ហន ប៉ូច ស្នងការ​រង​នគរបាល​ខេត្ត ។

លោកស្នងការ​រង បានឱ្យ​ដឹង​ទៀត​ថា មិន​មាន​ជន​ណា​ម្នាក់​រង​របួស​ក្នុង​គ្រោះថ្នាក់​បើករថយន្ត​បាក់​ស្ពាន​នេះ​ទេ ។ អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់ បន្ទាប់​ពី​ជួប​ហេតុការណ៍​នេះ ដោយ​បន្សល់​ទុក​រថយន្ត​យី​ឌុ​ប​១​គ្រឿង ដែល​ផ្ទុក​ដំឡូង​មី​ពេញព្រៀប​ចាក់​ក្រាល​ពេញ​ក្រោម​ស្ពាន ជាមួយនឹង​ការ​បាក់​ស្ពាន​ទៅ​មុខ​លែង​រួច​។ យ៉ាងណា​ក៏​ដោយ នគរបាល​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ការ​ខូចខាត​សម្បត្តិ​រដ្ឋ​មួយ​នេះ ដើម្បី​មាន​វិធានការ​ទៅ​តាម​ច្បាប់ ។

ភាព​អនាធិបតេយ្យ​ក្នុង​ការ​ដឹក​ជញ្ជូន​នា​ពេល​បច្ចុប្បន្ន កំពុង​ចោទ​បញ្ហា​ជា​បន្តបន្ទាប់ ហើយ​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ​នានា ហាក់ដូចជា​ពុំ​ឃើញ​មាន​វិធានការ​ណាមួយ​ក្នុង​ការ​រៀបចំ​ឱ្យ​ការងារ​ដឹក​ជញ្ជូន​មាន​សណ្ដាប់ធ្នាប់​ល្អ​នៅឡើយ ៕