ចាប់​ក្រុម​ព្រានព្រៃ​ថៃ​៧​នាក់​ជិះ​ម៉ូតូ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​កម្ពុជា

ចាប់​ក្រុម​ព្រានព្រៃ​ថៃ​៧​នាក់​ជិះ​ម៉ូតូ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​កម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​៧​នាក់ ជិះ​ម៉ូតូ​៧​គ្រឿង ចូល​មក​បរបាញ់​សត្វ​តាម​បន្ទាត់​ព្រំដែន​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ក្នុង​ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ។

ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ ១-​ឈ្មោះ​វី​រ៉ា​ក់ សឹម​សិរិ​វ៉ា​ត់ ភេទ​ប្រុស ២-​ឈ្មោះ ឧ​ថៃ ព្រម​ងា​ម ភេទ​ប្រុស ៣-​ឈ្មោះ​រស្មី ថង​ឡាំ ភេទ​ប្រុស ៤-​ឈ្មោះ​បញ្ញា សន​ខាំ​មី ភេទ​ប្រុស ៥-​ឈ្មោះ​សុ​ឆាត ច​រិ​យ៉ា​ម៉ា ភេទ​ប្រុស ៦-​ឈ្មោះ ស៊ុម​គឹ​ត មិត​ចាំង​រិ​ទ ភេទ​ប្រុស ៧-​ឈ្មោះ​ថៃ​បួន ខាន់​បូ​លី ភេទ​ប្រុស ។ ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​រស់នៅ​ភូមិ​ខូ​ត​សាមគ្គី ឃុំ​ណ​ង​មួ​ង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ។

សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ឲ្យ​ដឹង​ថា នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​៧​នាក់​នោះ ដោយសារ​លួច​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ រក​បរបាញ់​សត្វ និង​បាញ់​កណ្តុរ​តាម​បន្ទាត់​ព្រំដែន​តាំងពី​ស្រុក​អូរ​ជ្រៅ​ឆ្លងកាត់​ក្រុង​ប៉ោយ​ប៉ែ​ត​រហូត​ដល់​ស្រុក​ម៉ា​ឡៃ ។ ការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៧​នាក់​នោះ​រួម​ទាំង​ម៉ូតូ​ចំនួន​៧​គ្រឿង​និង​សម្ភារ​បាញ់​សត្វ​មួយ​ចំនួន ។

សមត្ថកិច្ច​បាន​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ធ្វើ​កិច្ចសន្យា ព្រមទាំង​អប់រំ​រួច​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​នៅ​ថ្ងៃ​ដដែល ៕