បារមី​លោកយាយ​«​ទេព​»​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​

Doliprane TVC

​ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មិនថាតែ​អ្នករស់នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ឡើយសូម្បីតែ​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ ឬ អ្នករស់នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នោះក៏​ធ្លាប់​ល្បីឈ្មោះ​បារមី​លោកយាយ ទេព នេះ​តាំងពី​យូរលង់​ណាស់​មកហើយ​ដែរ ។ ចំពោះ​អ្នករស់នៅ​ក្បែរៗ​នោះ​ក៏ដូចជា​អ្នករស់នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងមូលនៅពេលណា​ដែល​ពួកគាត់​មានទុក្ខ​ភ​យ័​អ្វីមួយ ពួកគាត់​តែងតែ​នាំគ្នា​ទៅ​បន់ស្រន់​សុំឱ្យ​លោកយាយ ទេព ជួយ រីឯ​អ្នកដំណើរ​វិញ​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​វត្ត​យាយ ទេព សុទ្ធតែ​ចូលទៅ​អុជ​ធូប​ថ្វាយបង្គំ​សុំ​សេចក្តីសុខ​ពី​លោកយាយ ទេព គ្រប់គ្នា ។

បារមី​លោកយាយ​«​ទេព​»​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​

បារមី​លោកយាយ​«​ទេព​»​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​

​គេ​ធ្លាប់​ឮ និង ល្បី​បារមី​’​លោកយាយ​«​ទេព​» នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​គ្រប់ៗ​គ្នាប៉ុន្តែ​គេ​នៅ​ពុំបានដឹង​អំពី​ប្រវត្តិ​នៃ​ទី​អារាម​នេះឡើយ ដូច្នេះ​សូមលោកអ្នក​អញ្ជើញ​ទៅ​ទស្សនា​វត្ត​ទេព​ធិ​តា​រាម​ហៅ​«​វត្ត​យាយ ទេព​»​ដោយ​លោកអ្នក​គ្រាន់តែ​ធ្វើដំណើរ​ចេញពី​ចំណតរថយន្ត​ក្រុង​កំពង់ឆ្នាំង​ឆ្ពោះទៅ​ទិស​ខាងជើង​តម្រង់​ទៅ​កំពង់ផែ​ផ្សារ​ក្រោម​ចម្ងាយ​ប្រមាណ ២ គីឡូម៉ែត្រ នៅ​ខាងឆ្វេង​ដៃជា​អាង​រដ្ឋាករទឹក រីឯ​នៅ​ខាងស្តាំ​ដៃ​គឺ​ជាទី​អារាមវត្ត​យាយ ទេព ដែល​បច្ចុប្បន្ន​កំពុងតែ​មានការចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ។​

​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា វត្ត​ទេព​ធិ​តា​រាម ហៅ វត្ត​យាយ ទេព នេះ​ស្ថិតនៅ​ក្នុងភូមិ ផ្សារឆ្នាំង ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង សង់​នៅលើ​ផ្ទៃដី​ទំហំ ២ ហិកតារ ១៤ អារ ។ បើតាមឯកសារ​ព័ត៌មាន​លម្អិត​អំពី​ប្រវត្តិ​នៃ​ការកកើត​ទី​អារាម​នេះ​ពី​ព្រះចៅ អធិការ​វត្ត​ព្រះនាម ជូ សុខ ព្រះជន្ម ៧២ វស្សា​(​បច្ចុប្បន្ន​សុគត​ហើយ​)​បានឱ្យដឹងថាវត្ត​ទេព​ធិ​តា​រាម ហៅ វត្ត​យាយ ទេព ចាប់​កើត​ជាទី​អារាម​វត្ត​តាំងពី​ឆ្នាំ ១៦៧៧ មកម៉្លេះគិត​មកទល់ពេលនេះ​មាន​អាយុ ៣៣៧ ឆ្នាំ ហើយ ។ ប្រវត្តិ​ទី​អារាម​វត្ត​ដែល​ចងក្រង​ដោយ​ព្រះអង្គ​ព្រះចៅអធិការ​មាន​សំអាង​លើ​សង្ឃដីកា​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ដែល​បាននិមន្ត​មក​សម្ពោធ​សាលា​បាលី និង ចេតិយ នៅ វត្ត​យាយ ទេព ក្នុង​ឆ្នាំ ១៩៦៥ ។​

បារមី​លោកយាយ​«​ទេព​»​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​

​ប្រវត្តិ​នោះបាន​បង្ហាញថា កាលពី​ដើមឡើយបរិវេណ​នេះ​គឺជា​ទឹកដី​ជា​កម្មសិទ្ធិ​របស់លោក​យាយ ទេព ដោយ​កាលនោះ​ដី​មាន​ទំហំ​ប្រមាណ​ជា ៥ ហិកតារ​កន្លះនៅ​ចំ​ចំណុច​ទី​អារាម​សព្វថ្ងៃ​គឺជាទី​ទួល​មួយដែល​កាលពីមុន​ជាទី​លំនៅ​របស់​លោកយាយ ទេព ។ នៅលើ​ទីទួល​មាន​ដើម​ពោធិ៍ មួយ​ដើម​ធំ និង ព័ទ្ធជុំវិញ​ដោយ​ផ្ទៃ​ទឹក​ល្ហល្ហាចប្រៀប​ដូច​សមុទ្រ​នៃ​បឹង​ទន្លេសាប ។ ដោយមាន​ជំនឿ​ស៊ប់​ទៅ តាម​ផ្លូវ​ព្រះពុទ្ធសាសនា​លោក យាយ ទេព ក៏បាន​បរិ​ច្ចាគដី​ដែលជា​ទីលំនៅរបស់ខ្លួនទុក​ធ្វើជា​ទ្រព្យសម្បត្តិ​គរុភណ្ឌ​ដើម្បី​ផល ប្រយោជន៍​សាធារណៈ ។ លោកយាយ​ក៏បាន​ផ្តួចផ្តើមគំនិត​ដើរ​កៀងគរ​អ្នកស្រុក​ឱ្យគេ​មកជួយកសាង​ព្រះ​ពន្លា​ធ្វើ​ជាទី​សក្ការបូជា​តាមផ្លូវ​ព្រះពុទ្ធសាសនា ។

ក្រោយមកទៀតទីនេះ​ក៏​ក្លាយ​ជាទីអារាម​មួយ​យ៉ាង​ល្អ​ដោយ​ស្មារតី​លះបង់​ដ៏​ធំធេង និងចិត្ត​ជ្រះថ្លា​របស់លោក​យាយ ទេព លើផ្លូវ​ព្រះពុទ្ធសាសនា​រួចមក​អ្នកស្រុក​ក៏បាន​ឯកភាពគ្នាដាក់ឈ្មោះ​វត្ត​នេះ​ទៅជា​«​វត្ត​ទេព​ធិ​តា​រាម​»​ហៅ វត្ត​យាយ ទេព តាំងពី​ពេលនោះ​រហូតមកដល់សព្វថ្ងៃនេះ ។ បើតាម​សម្តី​របស់លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បញ្ជា​ក់ទៀត ថា ទាក់ទង​ដល់​សេចក្តី​ជ្រះថ្លា​របស់លោក​យាយ ទេព ពោលគឺ​ក្រោយពេល​គាត់​ធ្វើ​មរណកាល​ទៅ​អ្នកស្រុក​បាន​និយាយ​តៗ​គ្នា​ថា​ព្រលឹង​យាយ ទេព បានមក​សណ្ឋិត​នៅ​​ដើម​ពោធិ៍​ហើយ​មាន​ចេស្តា​បារមី​ស័ក្តិសិទ្ធិ​ធ្វើឱ្យ​អ្នកស្រុក​មាន​ជំនឿគោរពបូជា​រៀង​រហូតមក ។

បារមី​លោកយាយ​«​ទេព​»​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​

បន្ទាប់មក​ក៏មាន​កវីនិពន្ធ​បាន​ចារ​ជា​ទំនុក​បទ​ចម្រៀង​ទាក់ទង​នឹងបារមី​យាយ ទេព នេះ​ថែម​ទៀតផង ដូចជា​បទ«ចម្ប៉ា​ផ្សារលើ​»​​រៀបរៀងនិងច្រៀង​ដោយអធិរាជ​សំឡេង​មាស​លោក ស៊ិន ស៊ី​សាមុត ។​
​នៅ​បរិវេណ​វត្ត​យាយ ទេព គេ​សង្កេតឃើញ​មាន​មនុស្សម្នា​ចេញចូល​ឥត​ដាច់​ដែល​អ្នកខ្លះបាន​ទៅ​បួងសួង​សុំឱ្យ​បារមី​លោកយាយ ទេព ជួយ​អ្នក​ខ្លះទៅ​លាបំណន់​និង​អ្នកខ្លះ​បាននាំគ្នាចូល​ទស្សនា​វត្ត​យាយ ទេព ដើម្បីឱ្យ​មើលឃើញច្បាស់​នូវ​ទី​អារាម​ដែលមាន​ឈ្មោះ​ល្បីល្បាញ​មួយ​នេះ ៕ នឿន​