ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​ផ្នែក​សំណង់​ទូទៅ​រួម​ទាំង​សណ្ឋាគារ ខុន​ដូ អា​ផាត​មិន សាលារៀន ផ្សារ​ទំនើប Malls និង​ក្លិប​កម្សាន្ដ​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ គឺ​កំពុង​តែ​រីក​ដុះដាល​ស្ទើរ​គ្រប់​ទីកន្លែង ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ ក្រសួង​បាន​ផ្ដល់​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សាងសង់ លិខិត​បិទ​ការដ្ឋាន​សាងសង់ និង​លិខិតអនុញ្ញាត​ជួសជុល បាន​ត្រួតពិនិត្យ​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែល​ជា​សមត្ថកិច្ច​របស់​ក្រសួង​មាន​ចំនួន​៣២​គម្រោង ។ ផ្តល់​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សាងសង់ ដែល​ជា​សមត្ថកិច្ច​ក្រសួង​បាន​ចំនួន​១១១​គម្រោង លិខិត​បិទ​ការដ្ឋាន​សាងសង់​បាន​ចំនួន​៥៥​គម្រោង និង​លិខិតអនុញ្ញាត​ជួសជុល​ចំនួន​១០​គម្រោង ។

ទន្ទឹម​នឹង​ការ​សាងសង់​បាន​និង​កំពុង​រីក​ដុះដាល​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​រំឭក​ឲ្យ​ក្រុមហ៊ុន​ទោះបី​តូច​ក្ដី​ធំ​ក្ដី ត្រូវ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ជា​ចម្បង ។ រាល់​ការ​សាងសង់​ត្រូវ​តែ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​គោរព​តាម​គោលការណ៍​សំណង់ និង​មានគុណ​ភាព​ដែល​ជាទី​ទុកចិត្ត​របស់​ពលរដ្ឋ ។ នេះ​បើ​តាម​សារ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​សរសេរ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ។

ក្នុង​នោះ​ដែរ សម្ដេច​ក៏​បាន​លើក​ឡើង​ពី​សំណង់​មិន​គោរព​ច្បាប់ រំលោភ​បំពាន​ចំណី​ដី​សាធារណៈ ដែល​ត្រូវ​ប្រឈម​នឹង​ការ​រុះរើ និង​ការ​ពិន័យ បើ​ទោះជា​រួចខ្លួន​ពេល​នេះ​ក៏​ដោយ ។

សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ « នៅ​ក្នុង​រាជធានី​ភ្នំពេញ យើង​សង្កេត​ឃើញ​មាន​សំណង់​តូច​ធំ​មួយ​ចំនួន គឺ​ធ្វើ​ចូល​ចិត្ត​តែ​រីក​លយ​ចេញ​មក​ខាងក្រៅ​លើ​ចំណី​ដី​សាធារណៈ ហើយ​គិត​ថា នឹង​បាន​រួច​ពី​សំណាញ់​ច្បាប់ ។ ដើម្បី​ចៀសវាង​ការ​រុះរើ​ចេញ​នៅ​ក្នុង​ពេល​ពាក់កណ្តាល​សាងសង់​អគារ គឺ​សូម​បណ្តា​ក្រុមហ៊ុន​នានា​យក​ចិត្ត​ទុកដាក់ កុំ​បំពារបំពាន ឬ​កេង​ចំណេញ​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​ជា​របស់​ផង​ខ្លួន ។ នាំ​គ្នា​គោរព​ច្បាប់​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ បើ​ទោះបី​ពេល​មុន ឬ​ពេល​នេះ​បាន​រួច​ផុត​ពី​សំណាញ់​ច្បាប់​ក៏​ដោយ តែ​នៅ​ពេល​មួយ​នោះ នឹង​ទទួលទោស​ពិន័យ​ធ្ងន់ធ្ងរ​ថែម​ទៀត » ។

គួរ​រំឭក​ផង​ដែរ​ថា នៅ​ក្នុង​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ​លោក​ទេស​រដ្ឋមន្ត្រី អុ​ឹ​ម ឈុ​ន​លឹ​ម បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​បាតុភាព​កើត​ចេញពី​ការ​សាងសង់​បំពាន​ច្បាប់​ដោយ​បុគ្គល ឬ​ក្រុមហ៊ុន​រំលោភ​លើ​ដី​សាធារណៈ​ដូច​ជា ចំណី​ផ្លូវ​សាធារណៈ និង​សួនច្បារ​សាធារណៈ ដោយ​ក្រសួង​ចាត់​ទុក​ថា ទ​ង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​នៅ​តាម​រាជធានី​-​ខេត្ត ។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​បញ្ជា​ឲ្យ​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​រាល់​ការ​សាងសង់​សំណង់​ខុសច្បាប់​រំលោភ​លើ​ដី​សាធារណៈ​តទៅ​ទៀត ដោយ​ចំណាត់ការ​នេះ ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

ទោះបី​យ៉ាងណា បើ​យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ឆ្នាំ​២០១៥ ក៏​បាន​បង្ហាញ​ថា ក្រសួង​នៅ​មាន​ចំណុច​ខ្សោយ​ដែល​ទាមទារ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ដ​ទៀត​ដូច​ជា កង្វះខាត​ផ្នែក​ធនធានមនុស្ស កម្លាំង​ពលកម្ម​ជំនាញ និង​គុណវុឌ្ឍិ​វិជ្ជាជីវៈ​ពាក់ព័ន្ធ ដូច​ជា ឯកសារ​គតិ​យុ​ត្ត និង​លិខិត​បទដ្ឋាន​សម្រាប់​គ្រប់គ្រង​ក្នុង​វិស័យ​សំណង់​នៅ​ពុំ​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង ។ ការ​គ្រប់គ្រង និង​ការ​ផ្ដល់​សេវា​សាធារណៈ​ក្នុង​វិស័យ​សំណង់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ពេញលេញ និង​ពុំ​ទាន់​ឆ្លើយ​តប​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ។ ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដែល​ស្ថិត​នៅ​ជា​ធរមាន​នៅ​ពុំ​ទាន់​បាន​សម​ស្រប និង​ពុំ​ទាន់​មាន​ប្រសិទ្ធភាព ។ ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ជំនាញ​មួយ​ចំនួន​ក្នុង​ការ​ចុះ​ពិនិត្យ​តាមដាន​សំណង់​ខុសឆ្គង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ពុំ​បាន​ធ្វើ​របាយការណ៍​ស្ដី​ពី​កំហុសឆ្គង ព្រមទាំង​ពុំ​បាន​បំពេញ​តួនាទី​អ្នកត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ។

របាយការណ៍​ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ផង​ដែរ​ដូច​ជា ម្ចាស់​សំណង់​មួយ​ចំនួន​បាន​ដំណើរការ​សាងសង់​ដោយ​ពុំ​បាន​សុំ​លិខិតអនុញ្ញាត​សាងសង់ ឬ​សាងសង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់ ឬ​សាងសង់​ខុស​ពី​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ។ ករណី​នេះ​បង្ក​ឲ្យ​មាន​ទំនាស់​ជាមួយ​អ្នក​ជិតខាង ប៉ះពាល់​ដល់​សោភ័ណ​ភាព​ទីក្រុង និង​សុវត្ថិភាព​សាធារណៈ ។ ម្ចាស់​សំណង់​មួយ​ចំនួន​ពុំ​ព្រម​អនុវត្ត​តាម​សេចក្ដីណែនាំ​ឲ្យ​កែ​លម្អ និង​កែតម្រូវ​នេះ បណ្ដាល​ឲ្យ​មានការ​សាងសង់​ខុស​ពី​លិខិត​អនុ​ញ្ញាត​ជា​អាទិ៍ ខុស​គម្លាត ខុស​កម្ពស់ ឬ​រំលោភ​លើ​ដី​សាធារណៈ ដែល​ជា​ទូទៅ​ក្នុង​ការ​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់ ។

ដូច្នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​នឹង​មាន​វិធានការ និង​ទិស​ដៅ​ការងារ​ក្នុង​ឆ្នាំ​២០១៦ ដូច​ជា ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​សំដៅ​គ្រប់គ្រង​សំណង់​ឲ្យ​មាន​ប្រសិទ្ធភាព ។ ការងារ​ចុះ​ពង្រឹង និង​ផ្សព្វផ្សាយ​ឯកសារ​គតិ​យុ​ត្ត និង​ការងារ​កសាង​ទិន្នន័យ​សំណង់ ជាដើម ៕