ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​រតនគិរី ៖ ស្ត្រី​វ័យក្មេង​ជនជាតិ​វៀតណាម​៥​នាក់​ ​ជា​អ្នក​លក់​កាហ្វេ​​បម្រើ​សេវា​ផ្លូវភេទ​នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ ​ត្រូវ​​បាន​នគរបាល​អន្តោប្រវេសន៍​បញ្ជូន​ទៅ​ប្រទេស​វៀត​ណាម​​តាម​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​។

​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​​បាន​ឱ្យ​ដឹង​​ថា​ ស្ត្រី​វ័យក្មេង​ជនជាតិ​វៀតណាម​ខាងលើ​នេះ​​បម្រើ​ការ​ក្នុង​ហាង​កាហ្វេ​នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី ​ប្រទេស​កម្ពុជា ស្នាក់​នៅ​គ្មាន​វី​សារ និង​គ្មាន​ប័ណ្ណ​ការងារ (​ម្ចាស់​ហាង​កាហ្វេ​ជនជាតិ​វៀតណាម​ ឈ្មោះ ង្វៀ​ន ធី​ថា​ញ់​ម៉ា​យ មាន​លិខិត​អនុញ្ញាត​ប្រកប​អាជីវ​កម្ម សេវាកម្ម ពាណិជ្ជកម្ម​) ចុះហត្ថលេខា​ដោយ​លោក ភួ ធា​ឡុំ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

ក្រៅពី​ហាង​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​​​ខាង​លើ​នេះ នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ​ គេ​សង្កេត​ឃើញ​មាន​ហាង​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​៤-៥​កន្លែង​ផ្សេង​ទៀត​ ដែល​មាន​ស្ត្រី​ជន​ជាតិ​​វៀតណាម​ក្មេង​ៗបាន​និង​​កំពុង​​បម្រើ​សេវា​ផ្លូវភេទ​ប៉ុន្តែ​មិន​ទាន់​បង្ក្រាប ​។ ដោយឡែក​ នៅ​ទីរួមស្រុក​បរ​កែវ​២-៣​កន្លែង និង​នៅ​ស្រុក​ទីរួមស្រុក​កូន​មុំ​១​កន្លែង ​(​ជួល​ផ្ទះ​លោក​អធិការ​ស្រុក​កូន​មុំ​ធ្វើ​ខ្នងបង្អែក​តែ​ម្តង​) ហាង​ខាងលើ​នេះ​ លក់​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​ ។

ជាមួយ​គ្នា​នឹង​សកម្មភាព​បើកហាង​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​នៅ​ខេត្តរតនគិរី​នេះ​ដែរ ​ប្រជាពលរដ្ឋ​សំណូមពរឱ្យ​​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់លើ​ មេត្តា​ចុះ​បង្ក្រាប ​ព្រោះ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​សេចក្តី​ថ្លៃ​ថ្លូ​រ​របស់​ស្ត្រី​ខ្មែរ​ខ្លាំង​ណាស់​​ ៕