ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ រួម​​នឹង​​មន្ត្រី អាជ្ញាធរ​មូលដ្ឋាន ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​២០១៦ បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​​បូមទឹក​ទូល​គោក​ទី​១ត្រឡោក​បែក ​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ​។

លោក សាំ ពិសិដ្ឋ​ ​ប្រ​ធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា​ ស្ថានីយបូមទឹក​ថ្មី​នេះសាងសង់​អគារ​​​ទំហំ​១៧,៥​ម៉ែត្រ​គុណ​១៣​ម៉ែត្រ​បំពាក់​មូទ័រ​ចំនួន​៥​គ្រឿង ក្នុង​នោះ​ទំហំ០,៦​ម៉ែត្រ​ ចំនួន៣​គ្រឿង និង​ទំហំ០,៥​ម៉ែត្រ​ ចំនួន​២​គ្រឿង មាន​សមត្ថភាព​បូមទឹក៥​ម៉ែត្រគូប​ក្នុង​១​វិនាទី ឬត្រូវជា១៨.០០០​ម៉ែត្រគូប​ក្នុង​១​ម៉ោង គឺ​​កើន​​ជិត៤​ដង​ ធៀប​សមត្ថភាព​បូមទឹក​បច្ចុប្បន្ន ​។

លោ​​ក​​បាន​បន្ត​ថា គម្រោង​នេះ​នឹង​ដោះស្រាយ​​បញ្ហា​​ទឹក​លិច​​លើ​​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង១៨៤​ហិ​កតា ជា​ពិសេស​ដោះស្រាយ​បញ្ហា​​ទីតាំង​ដែល​តែងតែ​លិចលង់​ដូច​ជា ផ្លូវ​លេខ​៥៩២ សាលា​ឥន្ទ្រ​ទេវី ផ្លូវ​លេខ​៣១៥ ផ្សារ​មាន់​អាំង ផ្លូវ​លេខ​៦០៦ ផ្លូវ​លេខ​៦០៨ វិ​ថី​សម្តេចប៉ែន នុ​ត​...​។ ​ស្ថានីយ​នេះ មាន​កម្លាំង​បូម​រំដោះ​ទឹក​ចេញពី​ក្នុង​ក្រុងមាន​កម្លាំង​ខ្លាំង​ជា​មុន​៤​ដង ។

លោក សាំ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​យើង​បាន​​និង​​កំពុង​កសាង​សង់​​ស្ថានីយ​បូមទឹក​ចំនួន​៣​កន្លែង ​រួម​មាន​ ស្ថានីយ​បូមទឹក​ទូល​គោក​ទី​១ ស្ថានីយ​បូមទឹក​ទូល​គោក​ទី​២ ​និង​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ ។ ស្ថានីយ​បូមទឹក​៣​កន្លែង​នេះ ​ក្រោយ​ការ​ស្ថាបនា​រួច​ នឹង​អាច​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​បាន​ចេញពី​ខណ្ឌ​ទួល​គោក ៧​មក​រា ដូនពេញ​ និង​ខណ្ឌចំការមន​បាន​ប្រមា​ន​៦០%​ ។

ក្នុង​ឱកាស​នោះ​ដែរ ​លោក ប៉ា សុ​ជាតិ​វង្ស ​បាន​​ជំរុញ​ឱ្យ​លោក សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​ជំរុញ​​ការ​ស្ថាបនា​ស្ថានីយ​ទាំងនេះ​ឱ្យ​​បាន​លឿន ដើម្បីអាច​​បូម​​រំដោះ​ទឹក​ឱ្យ​​បាន​ទាន់​​នៅ​ក្នុង​រដូវវស្សា​នេះ​​ ៕