អគ្គិភ័យ​លេប​ត្របាក់​លំនៅ​ឋាន​ពលរដ្ឋ​២​ខេត្ត

អគ្គិភ័យ​លេប​ត្របាក់​លំនៅ​ឋាន​ពលរដ្ឋ​២​ខេត្ត

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ចំនួន​៤​ខ្នង​នៅ​ក្នុងស្រុក​កំពង់​សិលា​បាន​ទទួល​រង​នូវ​អគ្គិភ័យ ក្នុង​នោះ​២​ខ្នង​ឆេះ​ហ្មត់​ទាំងស្រុង និង​២​ខ្នង​ទៀត​ឆេះ​អស់​ពាក់កណ្តាល កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នៅ​ចំណុច​ដី​ក្រហម ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ។

លោក សំ សា​មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹង​ថា ផ្ទះ​ទាំង​៤​ខ្នង​នេះ​មាន​អ្នក​ស្នាក់​នៅ​៨​គ្រួសារ​ដែល​មាន​ម្ចាស់ ១-​ឈ្មោះ ហាំ យ៉ា ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ស្នាក់​៥​គ្រួសារ ផ្ទះ​មាន​ទំហំ ៧​ម៉ែត្រ​x៨​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់ស​ង្ក័​សី ។ ចំពោះ​ការ​ខូចខាត​មាន​សម្ភារ​មួយ​ចំនួន និង​ប្រាក់​២៨.០០០​ដុល្លារ ។ ២-​ឈ្មោះ សា សាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ផ្ទះ​ទំហំ ៧​ម៉ែត្រ​x១៥​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ក្បឿង និង​ឃ្លាំង​ទំហំ ៤​ម៉ែត្រ​x៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី សម្ភារ​មួយ​ចំនួន និង​ប្រាក់​១២.០០០​ដុល្លារ ។ ៣-​ឈ្មោះ​ទៀត សា​ឡេះ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ផ្ទះ​ទំហំ​៤​ម៉ែត្រ​X៥​ម៉ែត្រ​ម្ចាស់​ពុំ​នៅ ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ខូចខាត​សម្ភារ​ទាំងអស់ ។ ៤-​ឈ្មោះ សុះ ស្លេះ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ផ្ទះ​ទំហំ​៨​ម៉ែត្រ​x១២​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ខូចខាត​សម្ភារ​មួយ​ចំនួន ។ និង​ប្រើប្រាស់​អស់​ទឹក​ចំនួន​១៦​ធុង ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង តែ​ចេញពីផ្ទះ​ណា​នៅ​ពុំ​ទាន់​ដឹង​ទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។

សម្រាប់​ស្រុក​ចំនួន​ពីរ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ គឺ​ស្រុក​ព្រៃ​នប់​និង​ស្រុក​កំពង់​សិលា​ពុំ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ទេ ជា​ពិសេស​ស្រុក​ព្រៃ​នប់​ដែល​ជា​ស្រុក​ធំ​មាន​រហូត​ដល់​១៤​ឃុំ  និង​មាន​ទីប្រជុំជន​ផ្សារ និង​មាន​ខ្សែបណ្តាញ​អគ្គិសនី​ចូល​ផ្សារ​មាន​សភាព​រញ៉េរញ៉ៃ​មិន​មាន​ស្តង់ដា ដែល​អាច​ប្រឈម​នឹង​អគ្គិភ័យ​ជាយថាហេតុ ។​បច្ចុប្បន្ន​នេះ​បើ​មាន​អគ្គិភ័យ​កើតឡើង គឺ​មាន​តែ​ក្លាយជា​ចំណី​ភ្លើង​ប៉ុណ្ណោះ ។

ផ្ទះ​ឈើ​៣​ខ្នង​នៅ​ស្រុក​ឆ្លូង​ព្រះ​អគ្គី​ត្របាក់​ហ្មត់​តែ​ក្នុង​រយៈពេល​ជាង​១​ម៉ោង

ខេត្តក្រចេះ ៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង ធំ​ៗ​ចំនួន​៣​ខ្នង ស្ថិត​នៅ​ក្បែរ​គ្នា​ក្នុងភូមិ​ដងក្តោង​ទី​១ ឃុំ​ពង្រ ស្រុក​ឆ្លូង ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ក្នុង​រយៈពេល​ជាង​១​ម៉ោង ដោយសា​តែ​ទុ​ស្សេ​ចរន្ត​ភ្លើង ។

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ខេត្ត​បាន​ទៅ​បាញ់​ពន្លត់ភ្លើង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ខណៈ​អណ្តាត ភ្លើង​ឆេះ​ខ្លាំង និង​មាន​ខ្យល់​បក់​ផង​ដែរ ។

អធិការ​នគរបាល​ស្រុក​ឆ្លូង លោក​ឌួ​ង សុ​ទ្ឋី ដែល​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​បញ្ជាក់​ថា នគរបាល​សន្និដ្ឋាន​ជា​ជំ ហាន​ដំបូង​ថា​គ្រោះ​អគ្គិភ័យ​នេះ​អាច​ផ្តើម​ចេញពី​ការ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​ចេញពីផ្ទះ​មួយ​នៅ​ក្បែរ​គ្នា ខណៈ​ដែល​ម្ចាស់​ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​បិទទ្វារ​ផ្ទះ និង​នាំ​គ្នា​ទៅ​ចូលរួម​ភ្ជាប់ពាក្យ​កូន​អ្នកស្រុក​ដែល​នៅ​ក្បែរ​នោះ ។

នគរបាល​ស្រុក​ឆ្លូង​បង្ហាញ​ថា លំនៅ​ឋាន ដែល​រង​គ្រោះ គឺ​ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ​៧​គុណ​១២​ម៉ែត្រ​ចំនួន​៤​ដំបូល ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​វ៉ែន គឹ​ម​យ៉ុ​ន អាយុ​៧២​ឆ្នាំ អាច​ជា​ផ្ទះ​ដើមហេតុ​បាន​ឆេះ​អស់ទាំង​ស្រុង និង​បាន​រាលដាល​ទៅ​ឆេះ​ផ្ទះ​មួយ​ខ្នង​ទៀត​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​មាន​ទំហំ​៨​គុណ​១៤​ម៉ែត្រ ចំនួន​៣​ដំបូល​ជា​កម្មសិទ្ធិ របស់​ឈ្មោះ​វង្ស ហុ​ន អាយុ​៦៩​ឆ្នាំ ក៏​ខូចខាត​ទាំងស្រុង​ដែរ ។ ភ្លើង​បាន​បន្ត​ឆេះ​រាលដាល​ទៅ​ឆេះ​ផ្ទះ​មួយទៀត ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទំហំ​៧​គុណ​១២ ម៉ែត្រ ចំនួន​៣​ដំបូល ដោយ​ឆេះ​ទាំងស្រុង​ដូច​គ្នា ។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ពី​ស្នងការ​រង​ទទួល​បន្ទុក​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គី​ភ័យ​លោក ច្រឹង ផ​ល្លី ថា ក្នុង​សកម្មភាព​ជួយ​បាញ់​ពន្លត់ភ្លើង និង​ទប់ស្កាត់​ការ​ឆាបឆេះ នគរបាល​បាន ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ធំ​ៗ​ចំនួន​២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​ជិត ១០​ជើង ដើម្បី​បាញ់​ទប់ស្កាត់ កុំ​ឲ្យ​ឆាបឆេះ​រាលដាល​តទៅ​ទៀត ។ ស្ថានភាព​ភ្លើង​មានការ​ឆេះ​សន្ធោសន្ធៅ​តែ​ក្នុង​រយៈពេល​ជាង​១​ម៉ោង​ទើប​ស្ងប់ ហើយ​ការ​ជួយ​អន្តរាគមន៍​ជួប​ការ​លំបាក​ច្រើន ដោយសារ​តំបន់​នោះ​នៅ​ឆ្ងាយ​ពី​ខេត្ត លើ​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ ហើយ​សភាព​ផ្លូវ​តូច​ចង្អៀត ស្រប​ពេល​មាន​ខ្យល់​បក់​ខ្លាំង​ទើប​ធ្វើ​ឲ្យ​កម្លាំង​អន្តរាគមន៍​ពិបាក​គ្រប់គ្រង​សភាពការណ៍​។ មិន​មាន​មនុស្ស​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ។ ចំពោះ​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​បាន​ក្លាយជា​ចំណី​ភ្លើង ។

ចំនួន​ខាតបង់​សរុប​នៅ​មិន​ទាន់​មាន​តួលេខ​នៅឡើយ​ទេ ៕