ដំណាំ​ឫស្សី​ទំពាំង​ផ្អែម​នៅ​បាត់ដំបង​

Doliprane TVC

​ពលរដ្ឋ​ខ្មែរ​តាំងពី​បុរាណនិងបច្ចុប្បន្នតែង​និយម​យក​ទំពាំង​ឫស្សី​​ធ្វើជា​បន្លែ​សម្រាប់​បរិភោគហើយ ​កន្លងមក​គេ​ក៏​ពុំដែល​ឃើញ ឬ ស្គាល់​ទំពាំង​ឫស្សី​មាន​រសជាតិ​ផ្អែម​នោះដែរ ប៉ុន្តែ​ឥ​ទ្បូ​វ​នេះ​មានគ្រួសារ​កសិករ​មួយ​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ប្រក​បរបរ​ដាំ​ឫស្សី​ដែលមាន​ទំពាំង​ផ្អែម​នេះ ហើយ​ពូជ​ឫស្សី​ទំពាំង​ផ្អែម​នេះ​គឺ​ត្រូវបាន​គេ​អះអាងថា​នាំចូល​មកពី​ប្រទេស​ម៉ា​ទ្បេ​ស៊ី ។ បច្ចុប្បន្ន​ពូជ​ឫស្សី​ទំពាំង​ផ្អែម​នេះ​កំពុង​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជនដោយមាន​ប្រជាពលរដ្ឋ​នៅតាម បណ្តា​ខេត្ត​មួយចំនួន​បាន​កុម្ម៉ង់​ទិញ​ពូជ​ឫស្សី​ទំពាំង​ផ្អែម​នេះ​យកទៅ​ដាំ​បន្ត ។​

ដំណាំ​ឫស្សី​ទំពាំង​ផ្អែម​នៅ​បាត់ដំបង​

ដំណាំ​ឫស្សី​ទំពាំង​ផ្អែម​នៅ​បាត់ដំបង​

ចម្ការ​ឫស្សី​ទំពាំង​ផ្អែម​នេះ​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​គល់ ឃុំ​ក​ន្ទឺ ស្រុក​បាណន់ ខេត្តបាត់ដំបង ដែលមាន​លោក ឆុង ឈឿត ជា​ម្ចាស់​ចម្ការ​ឫស្សី​ទំពាំង​ផ្អែម​នោះបាន​រៀបរាប់ថា «​កាលពីមុន​ដោយសារតែ​គ្មាន​កូនឈើ​ក្នុង​ចម្ការ​សម្រាប់ធ្វើ​ទម្រ ព្រោះ​ចម្ការ​របស់ខ្ញុំ​ដាំ​មៀននៅ​ថ្ងៃមួយ​ខ្ញុំ​ដេក​គិតរ​កដាំ​អ្វី​សម្រាប់​ធ្វើជា​ទម្រ​ដើម​មៀន​របស់ខ្ញុំក្រោយមក​ខ្ញុំក៏​សម្រេចចិត្ត​ដាំ​ដើម​ឫស្សី​ទំពាំង​ផ្អែម​នេះ​តែម្តងទៅ ។ ដំបូង​ឡើយ​ខ្ញុំ​មាន​ដី​ត្រឹមតែ ៧ ហិកតារ សម្រាប់​ដាំ​ស្វាយ និង មៀន ។ ទាក់ទង​នឹង​ការដាំ​ឫស្សី​ទំពាំង​ផ្អែម​នេះ ពីមុន​ខ្ញុំ​បាន​ជួប​ពលករ​ខ្មែរ​ចំណាកស្រុក​ម្នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​កសិដ្ឋាន​ដាំ​ឫស្សី​ទំពាំង​ផ្អែម​នេះ​សម្រាប់​នាំ​ចេញទៅ​បរទេស ។

ខ្ញុំ​ក៏បាន​សុំ​កូន​ឫស្សី​ពី​គាត់​មួយ​មែក​មក​ដាំ ហើយ​នៅពេល​ដាំ​បាន ៦ ទៅ ៧ ខែ ឃើញ​មែក​តូចៗ​លាស់​ឡើង​ក៏​ចាប់ផ្តើម​កាត់​ផ្សាំ​បន្ត រហូតដល់​បច្ចុប្បន្ននេះ​ខ្ញុំ​បាន​ដាំ​ឫស្សី​ទំពាំង​ផ្អែម​នេះ​បាន​ចំនួន ៥៥០ គុម្ព ហើយ​ខ្ញុំ​បានចាប់ផ្តើម​ដាំ​វា​តាំងពី​ឆ្នាំ ២០១១ ម៉្លេះ ។ ឫស្សី​នេះ​ខ្ញុំ​បាន​ពូជ​មកពីប្រទេស​ម៉ាឡេស៊ី​នៅ​ស្រុក​គេ​ហៅថា​ឫស្សី​ទំពាំង​ផ្អែមខ្ញុំ​គិតថា​បើ​ប្រៀបធៀប​ជាមួយ​ទំពាំង​ឫស្សីស្រុក​យើងគឺ​ទំពាំង​នេះ​វា​អត់​ហាង​មាន​សាច់​ម៉ដ្ឋរសជាតិ​ផ្អែម​តាមបែប​ធម្មជាតិ ។ ដំបូង​ឡើយ​ខ្ញុំ​ដាំ​ឫស្សី​ទំពាំង​ផ្អែម​នេះ​គឺមាន​បំណង​យក​ដើម​របស់​វា​មក​ធ្វើ​ទម្រ​ដាំ​មៀន និង ស្វាយ​តែប៉ុណ្ណោះតែ​ក្រោយមក​គិតថា​បើសិន​បាន​ទំពាំង​ល្អ​ក៏​យក​ទំញំង​នោះ​ទុក​សម្រាប់​បរិភោគ ហើយ​ពេល​បានទទួល​ជោគជ័យ​ក៏​សម្រេច​ដាំ​ខ្លួនឯង​បន្ត​រហូតមក​» ។​

ដំណាំ​ឫស្សី​ទំពាំង​ផ្អែម​នៅ​បាត់ដំបង​

​លោក ឆុង ឈឿត មានប្រសាសន៍​បន្តទៀត​ថា «​បច្ចុប្បន្ននេះ​ខ្ញុំ​កំពុង​បង្កាត់​ពូជ​ឫស្សី​ពាំង​ផ្អែម​នេះ​ដើម្បី​លក់​ឱ្យ​អតិថិជន​ដែល​គេ​បាន​កុម្ម៉ង់​ទិញ​ពី​ខ្ញុំ ។ របៀប​បង្កាត់​យើង​អាច​បង្កាត់​ដើម​របស់​វា​ក៏បាន​និង​បង្កាត់​ខ្នែង​របស់​វា​ក៏បាន ។ ក្នុងការ​បង្កាត់​ដើម​ក្នុង​មួយ​ដើម​យើង​អាច​បង្កាត់​វា​បាន​ពី ៤ទៅ៥ ដើម ។ មុនដំបូង​យើង​កាត់​វា​យកមក​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក​ខ្មៅ​ដែលមាន​ដី​នៅក្នុង​រួចជាស្រេច បន្ទាប់មក​យើង​ស្រោច​ទឹក​វា​មួយថ្ងៃ​បួន​ដង​រយៈពេល​ពី ៧០ ថ្ងៃ​ទៅ ៩០ ថ្ងៃ រហូត​វា​ដុះ​ឫស​ទើប​យើង​អាចយ​កវា​ទៅ​ដាំ​ក្នុង​ចម្ការ និង ទី​ពីរ ក្នុងការ​បង្កាត់​ខ្នែង​ពេល​ខ្នែង របស់​វា​ចេញពី​ដើម​បាន​អាយុ​បី​ខែ​យើង​ចាប់ផ្តើម​សាក​មែក​របស់​វា ឬ អារផ្តាច់​ចេញពី​ដើម ជម្រៅ​ពីមួយ​ភាគបី ឬ ពីរភាគបី​ដើម្បីឱ្យ​ទប់ខ្លួន​វា​ឱ្យមាន​លំនឹង ទើប​យក​ស្រកីដូង​ដែល​ច្រក​ក្នុង​ស្បោង​បា្ល​ស្ទិ​ក​ដែលមាន​ជាតិ​ទឹក​នៅ​ក្នុងនោះ យកទៅ​រុំ​ត្រង់ចំណុច​ដែល​យើង​អារ​នោះ​ទុក រយៈពេល ៤៥ ថ្ងៃ នៅពេល​វា​ដុះ​ឫស​ទើប​យើង​អាច​កាត់​វាយ​កម​កដាំ ។

បើតាម​ការអង្កេត ប្រសិនបើ​រដូវភ្លៀងរ​យៈ​ពេល​ពីរ​សបា្តហ៍​វាចា​ប់​ផ្តើម​ដុះ​ឫស​ហើយ​តែបើ​រដូវក្តៅ​វិញ​អាចឈាន ចូល​ប្រហែល​បី​សបា្តហ៍​ទើប​វា​ដុះ​ឫស ។ សព្វថ្ងៃនេះ​ខ្ញុំ​ដាំ​ឫស្សី​ទំពាំង​ផ្អែម​នេះ​បាន​ចំនួន ៥៥០ ដើម​លើ​ផ្ទៃដី​ទំហំ​ជាង​មួយ​ហិកតារ ហើយ​ឥឡូវនេះ​ខ្ញុំ​កំពុង​ធ្វើ​ពូជ​សម្រាប់​លក់​ចែកចាយ​ឱ្យប្រជាពលរដ្ឋ​ផងដែរ​» ។​ ​ម្ចាស់​ចម្ការ​ខាងលើនេះ​បាន​លើកឡើងថា​«​កាលពី​ឆ្នាំ​កន្លងទៅ​ខ្ញុំ​បាន​បង្កាត់​ពូជ​ឱ្យ​ប្រជាពលរដ្ឋបាន​ប្រហែល ៥ ហិកតា​រហើយ​នៅ​ឆ្នាំនេះ​ដាំ​បាន​តិចតួច​ទេ ។ កាលពី​ឆ្នាំ ២០១៣ បានទទួល​ជោគជ័យ​ក្នុងការ​ផលិត​ពូជ ហើយ​ដំបូង​យើង​ផ្តោតអារម្មណ៍​ទុក​ដើម​សម្រាប់​ទល់​ដើម​មៀន​ហើយ​មិន ទាន់​បាន​គិតពី​ការបណ្តុះ​កូន​នោះទេ​តែ​ពេល​ក្រោយមក​ក៏​ចាប់អារម្មណ៍​ក្នុងការ​បង្កាត់​ពូជ​នេះ រហូតមក​ដើម្បី​លក់​ជូន​ដល់​ប្រជាកសិករ​» ។​

ដំណាំ​ឫស្សី​ទំពាំង​ផ្អែម​នៅ​បាត់ដំបង​

លោក ឆុង ឈឿត មានប្រសាសន៍​បន្តទៀត​ថា​«​កន្លងមក​ខ្ញុំ​ធ្លាប់​លក់​ទំពាំង​ផ្អែម​ស្រស់ៗឱ្យ​កសិករ​បានត្រឹមតែ ៥០០ គីឡូក្រាម​កាលពី​ខែឧសភា​កន្លងទៅ ក្រៅពីនេះ​គឺ​ខ្ញុំ​ផ្តោតទៅលើ​តែ​ការ​បង្កាត់​ពូជ​ចែកចាយ​ឱ្យ​កសិករ​ប៉ុណ្ណោះ។ក្រោយពី​មានការ​ចាប់អារម្មណ៍​ពី​បងប្អូន​ខ្ញុំ​ក៏​ចាប់ផ្តើម​ទុក​ដើម​សម្រាប់​សាក​និង​បង្កាត់​ពូជ ។ សព្វថ្ងៃ​ខ្ញុំ​គ្រាន់តែ​ផលិត​ពូជ​ទេ​តែ​គោលដៅ​ទៅ​ថ្ងៃ​ខាងមុខបើសិនជា​កសិករ​ដាំ​ច្រើន​យើង​ត្រូវ​ចងក្រង​គ្នា​ឱ្យបាន​ច្រើន​ជា​សហគមន៍​ហើយ​កន្លងមក មាន​អ្នកធ្វើការ​នៅ​រដ្ឋាករទឹក​ខេត្តបាត់ដំបង​ដែល​គាត់​បាន​ដាំ​ជិត ៦០០ ដើមហើយ​គេ​បាន​សន្យា​ថាបើ​មាន​ច្រើន​នឹង​ទិញ​ពី​កសិករ​ សម្រាប់ធ្វើ​ចង្កឹះ​និង​ឈើចាក់ធ្មេញ ឬ សម្រាប់​ដោតសាច់​អាំង ជាដើម ។ ជំហាន​ដំបូង​បើ​មាន​ឫស្សី​ច្រើន​ទុក​បាន​រហូត​បី​ឆ្នាំ ថ្ងៃក្រោយ​យើង​អាច​ប្រើ​ឫស្សី​ជាគ្រឿងសង្ហារិម មាន​គ្រែ តុ ជាដើម ។ បច្ចុប្បន្ននេះ​យើង​ពុំទាន់​អាចមាន​សល់​នោះទេ​ហើយ​ឫស្សី​ទំញំង​ផ្អែម​នេះ​វា​មាន​បន្លា​តិចលក្ខណៈពិសេស​របស់​វា​គឺ​បើសិនជា​យើង​ស្រោច​ទឹក​គ្រប់គ្រាន់​មាន​ដាក់​ជី​ទៀត​នោះ​ទំពាំង​នឹង​ដុះ​រហូត​បានល្អ​» ។​

​ទំពាំង​ផ្អែម​លក់​មួយ​គីឡូក្រាម​តម្លៃ ៧.០០០ រៀល ហើយ​សម្រាប់​កូន​វិញ​មួយ​កូន​ឫស្សីលក់​ថ្លៃ ១០.០០០ រៀល ។ តាម​លោក ឆុង ឈឿត បានឱ្យដឹងថា មុខរបរ​នេះ​រីកចម្រើន​ច្រើន ដោយសារតែ​អ្នក​ដែល​ដាំ​មៀននៅ​ប៉ៃលិន​មួយចំនួនធំ​ចាប់អារម្មណ៍​ច្រើន ។ ឫស្សីព្រៃ​ត្រូវ​កាប់បំផ្លាញ​ធ្វើ​ចម្ការ​ហើយ​ថ្ងៃក្រោយ​នឹង​លែងមាន​ឫស្សី ដូច្នេះ​កសិករ​គួរតែ​នាំគ្នា​ដាំ​ឫស្សី​ឱ្យបាន ច្រើន ហើយ​អ្នក​ដែល​វិនិយោគ​ធ្វើ​សំណង់​ផ្សេងៗ​នោះ​នឹង​យក​ឫស្សី​មក​ជំនួស​ឈើ​បាន ។ កន្លង មក​មាន​អង្គការ​មួយ​បានរៀបចំ​គម្រោង​ឱ្យ​កសិករ​ដាំ​ឫស្សី​ដែរ ហើយ​ថ្ងៃក្រោយ​ដាំ​ណាំ​ឫស្សី នឹង​អាច​រីកចម្រើន​ដោយសារតែ​ដំណាំ​ឫស្សី​មិន​រើស​ដី ។​

​លោក ឈឿត បញ្ជាក់ថា​«​បើសិនជា​រដ្ឋ និង ក្រសួងកសិកម្ម​យើង​ចាប់អារម្មណ៍​អាចជួយផ្ចុងផ្តើម ហើយ​រៀបចំ​ជា​សហគមន៍​ដើម្បីឱ្យ​អ្នកស្រុក​របស់​យើង​ដាំនិងផលិត​ពូជ​ឱ្យបាន​កាន់តែច្រើនអាច​រៀបចំ​ជា​រោងចក្រ​ធ្វើ​ក្រដាសកែច្នៃ​ជា​ចង្កឹះ និង ឈើចាក់ធ្មេញ ឬ គ្រឿងសង្ហារិម ជាដើម ប៉ុន្តែ​រឿងនេះ​លុះត្រា​តែមាន​ការជួយ​ជ្រោង​ជ្រែង​ពី​រដ្ឋ​ទើបបាន ហើយ​ឫស្សី​ជា​ដំណាំ​មួយ​ស្រួល​ដាំ​មិន​រើស​ដី ព្រោះ​ឫស្សី​ទំពាំង​ផ្អែម​នេះ​ជា​ប្រភេទ​ឫស្សី​ស្រាលដាំ​តែមួយ​ឆ្នាំ​អាច​ទទួលផល​បាន​មិន​ដូច​ដំណាំ​ហូប​ផ្លែ​ដទៃទៀត​នោះទេ​» ។​

ដំបូង​ឡើយ​ចម្ការ​ឫស្សី​ទំពាំង​ផ្អែម​របស់លោក ឆុង ឈឿត ជំហាន​ដំបូង​មាន​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ ៧ ហិកតារ​ដែល​ពីមុន​ដី​នោះ​ដាំ​ស្វាយបាន ប្រហែល ៦០០ ដើម និង ដាំ​មៀន​ប៉ៃលិន​បាន​ចំនួន ២០០ ដើម​និង​ស្វាយ​រកា​កោង ចំនួន ២០០ ដើម​ផងដែរ ។ គិត​ចាប់តាំងពី​ឆ្នាំ ២០១១ និង កំលុង​ឆ្នាំ ២០១៣ កសិដ្ឋាន​នេះ​លក់​ពូជ​ឫស្សី​ទំពាំង​ផ្អែម​បាន​ប្រហែល ២.០០០ កូន និង រយៈពេល​ប៉ុន្មាន​ខែ​នៅ​ឆ្នាំ ២០១៤ នេះ​លក់បាន​ប្រហែល ៦០០ កូន ឱ្យ​កសិករ​ក្នុង​តំបន់​និង តាម​បណ្តា​ខេត្ត​មួយចំនួន ។ ដូច្នេះ​ចាប់តាំងពី​ចាប់យក​មុខរបរ​នេះ​មក​ធ្វើឱ្យ​គ្រួសារ​របស់លោក​បាន​ធូរធារ​ហើយ​អាច​ដោះ ស្រាយ​ក្នុង​ក្រុមគ្រួសារ​និង​សម្រាប់​កូន​រៀន ដែល​ក្នុង​មួយឆ្នាំៗ​បានទទួល​ចំណូល​យ៉ាងហោចណាស់​ក៏ ៤.០០០ ដុល្លារ​ដែរ ៕ ហៃ ស៊ីណា​