ការ​ប្រកួត​ផ្តាច់​ព្រ័ត​រវាង​លោក​ស្រី Clinton និង​លោក Sanders មុន​ការ​បោះឆ្នោត​បឋម​រួម​ថ្ងៃ​អង្គារ​នៅ​ជាង​១០​រដ្ឋ

ការ​ប្រកួត​ផ្តាច់​ព្រ័ត​រវាង​លោក​ស្រី Clinton និង​លោក Sanders មុន​ការ​បោះឆ្នោត​បឋម​រួម​ថ្ងៃ​អង្គារ​នៅ​ជាង​១០​រដ្ឋ

លោកស្រី Hillary Clinton ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គាត់​បន្ទាប់​ពី​ជ័យជម្នះ​របស់​លោកស្រី​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ South Carolina នៅ​ក្នុង​ក្រុង Columbia កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០១៦។​

ស្ថានីយ​បោះឆ្នោត​ក្នុង​រដ្ឋ​ South Carolina បាន​បើក​ទ្វារ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​នៅ​ទី​នោះ​ក្រុម​អ្នក​បោះឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើការ​ជ្រើសរើស​រវាង​លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. និង​លោក​ Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Vermont។​ ការ​បោះឆ្នោត​នេះ​ជា​ការ​ប្រកួត​ប្រជែង​ចុង​ក្រោយ​បង្អស់​នៅ​មុន​ការ​បោះឆ្នោត​បឋម​រួម​ថ្ងៃ​អង្គារ​នៅ​ជាង​១០​រដ្ឋ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Super Tuesday នៅ​សប្តាហ៍​ក្រោយ​ដែល​នៅ​ពេល​នោះ​នឹង​មាន​ការ​បញ្ចេញ​ប្រតិភូ​ជាង​មួយ​ពាន់​នាក់​សម្រាប់​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ការ​ស្ទង់​មតិ​នៅ​ទូទាំង​រដ្ឋ​នេះ​បង្ហាញ​ថា​លោកស្រី​ Clinton នាំ​មុខ​លោក Sanders ៥០ភាគ​រយ។​

លោក Chris Williams អ្នក​បោះ​ឆ្នោត​ម្នាក់​មក​ពី​ក្រុង Columbia រដ្ឋ​ South Carolina បាន​និយាយ​ប្រាប់​ VOA ថា​ លោក​បាន​បោះឆ្នោត​ជូន​លោកស្រី​ Hillary Clinton ពីព្រោះ «លោកស្រី​ជា​បេក្ខជន​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ជាង​គេ​ និង​មាន​ទស្សនៈ​ល្អ​បំផុត​សម្រាប់​ឱ្យ​ប្រទេស​នេះ​មាន​ចលនា​ទៅ​មុខ»។ លោក Williams បាន​ថ្លែង​ថា​ លោក​យល់​ថា​ គោលនយោបាយ​របស់​លោក​ Sanders មាន «ភាព​ស្រពិច​ស្រពិល​បន្តិច»។

លោក Jerry Shipes អ្នក​ធ្វើ​ការ​ខាង​ប្រៃសណីយ៍​ដែល​បាន​ចូល​និវត្តន៍​ហើយ​នោះ​មក​ពី​ក្រុង​ Columbia រដ្ឋ​ South Carolina បាន​និយាយ​ថា ​លោក​បាន​បោះឆ្នោត​ជូន​លោក​ Bernie Sanders ពី​ព្រោះ «លោក​ហាក់​ដូចជា​មនុស្ស​របស់​ប្រជារាស្ត្រ​ និង​ជា​មនុស្ស​របស់​ប្រជារាស្ត្រ​អាមេរិកាំង​ឋានៈ​កណ្តាល»។

ជ័យជម្នះ​យ៉ាង​ច្រើននៅ​ក្នុង​រដ្ឋ​ South Carolina នឹង​បង្កើន​ការ​គាំទ្រ​ដល់​លោកស្រី​ Clinton ក្នុង​ចំណោម​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដែល​ជា​ក្រុម​សំខាន់​មួយ​ខាង​ប្រជាសាស្ត្រ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ និង​អាច​នាំ​ឱ្យ​លោកស្រី​មាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។ កាល​ពី​សប្តាហ៍​មុន​ លោកស្រី​បាន​ទទួល​ការ​គាំទ្រ​ពី​លោក James Clyburn សមាជិក​សភា​ស.រ.អា.​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដែល​មាន​ឥទ្ធិពល​ក្នុង​រដ្ឋ​ South Carolina។​

លោកស្រី​ Clinton បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​ប្រជុំ​មួយ​ក្នុង​ក្រុង Columbia រដ្ឋ​ South Carolina ថា​ «ការ​បោះឆ្នោត​បឋម​នៅ​ South Carolina មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ខ្ញុំ​ពី​ព្រោះ​ខ្ញុំ​ចង់​បញ្ជូន​សញ្ញា​ខ្លាំង​មួយ​ថា​ រដ្ឋ​ South Carolina ប្រុងប្រៀប​ធ្វើ​ការ​ផ្លាស់​ប្តូរ​ហើយ»៕