យ៉ាង​ហោច​ណាស់​មនុស្ស​២៥នាក់​ស្លាប់​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន

យ៉ាង​ហោច​ណាស់​មនុស្ស​២៥នាក់​ស្លាប់​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន

កងកម្លាំង​អាហ្វហ្គានីស្ថាន​ដើរ​នៅ​កន្លែង​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​សោរ៍​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​វាយ​ប្រហារ​លើ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​នៅ​ជិត​អាគារ​ក្រសួង​ការពារ​ប្រទេស​នៅ​ក្នុង​ក្រុង​កាប៊ុល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១២​នាក់​ស្លាប់ ​និង​ធ្វើ​ឱ្យ​មនុស្ស១៣​នាក់​ទៀត​ត្រូវ​របួស នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ក្រុម​មន្ត្រី​ប៉ូលិស។ ការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​មុន​នេះ​នៅ​ក្នុង​ខេត្ត​ Kunar ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់​បាត់បង់​ជីវិត​និង​ធ្វើ​ឱ្យ​មនុស្ស​ជាង​៤០នាក់​ទៀត​ត្រូវ​របួស។​

ក្រុម​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ក្នុង​ក្រុង​កាប៊ុល​បាន​ឃើញ​ក្រុម​ជួយ​សង្គ្រោះ​បាន​ដឹក​មនុស្ស​ស្លាប់ និង​ត្រូវ​របួស​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្នុង​រដ្ឋធានី​ជា​បន្ទាន់​នៅ​ក្រោយ​ការ​ផ្ទុះ​គ្រាប់​បែក​នោះ។​

អ្នកនាំ​ពាក្យ​ពួក​តាលីបង់​ឈ្មោះ Zabihullah Mujahid បាន​និយាយ​ប្រាប់ VOA ​ថា​ពួក​បះបោរ​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ក្រុង​កាប៊ុល​ ហើយ​បាន​អះអាង​ថា​វា​បាន​បណ្តាល​ឱ្យ​ទាហាន​២៣​នាក់​ស្លាប់​ និង​ធ្វើ​ឱ្យ​មាន​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស។ ជាញឹកញយ​ ពួក​តាលីបង់​បាន​បំប៉ោង​ចំនួន​មនុស្ស​ស្លាប់​ និង​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​បែប​នេះ។

ក្រសួង​ការពារ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ ទាហាន​ពីរ​នាក់​ឋិត​នៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ក្រុង​កាប៊ុល។​

លោក Abdullah Abdullah ប្រធាន​ប្រតិបត្តិ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ថ្កោលទោស​អំពើ​ហិង្សា​នេះ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា «កិច្ចចរចា​សន្តិភាព ​និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជារាស្ត្រអាហ្វហ្គានីស្ថាន​មិន​អាច​មាន​ជាមួយ​គ្នា​បាន​ទេ»។

លោក​បាន​និយាយ​សំដៅ​ដល់​កិច្ចចរចា​ដោយ​ផ្ទាល់​ដែល​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​រំពឹង​ថា ​នឹង​ធ្វើ​ជាមួយ​ពួក​តាលីបង់​ និង​ពួក​បះបោរ​ឯ​ទៀតៗ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៅ​ជិត​ខាង​នៅ​សប្តាហ៍​ក្រោយ។ ​លោក​ Abdullah Abdullah បាន​មាន​ប្រសាសន៍​បន្ថែម​ថា «ពួក​បះបោរ​ត្រូវ​តែ​ជ្រើសរើស​យក​សន្តិភាព​ មិនមែន​យក​អំពើ​ហិង្សា​ទេ​ហើយ​ត្រូវ​តែ​ជា​ផ្នែក​មួយ​នៃ​អនាគត»។

នៅ​ក្នុង​ខេត្ត Kunar ពួកអ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាននិយាយ​ថា​ អ្នក​ជិះ​ម៉តូ​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិត​ខ្លោង​ទ្វារ​ចូល​ទៅ​ក្នុង​ការិយាល័យ​អភិបាល​ខេត្ត​នៅ​ក្នុង​ក្រុង Asadabad៕