សិស្ស​ពូកែ​វិទ្យាល័យ​ ជា ស៊ីម​ បង្ហើប​គន្លឹះ​ មុន​ពេល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត

សិស្ស​ពូកែ​វិទ្យាល័យ​ ជា ស៊ីម​ បង្ហើប​គន្លឹះ​ មុន​ពេល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត

 

លទ្ធផល​ការ​ប្រឡង​សិស្ស​ពូកែ​ក្នុង​កម្រង​ស្រុក​ដូន​កែវ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​រក​ឃើញ​អ្នក​ជាប់​លើ​មុខវិជ្ជា ភាសា​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​ចំនួន​៧​នាក់​ក្នុង​មួយ​មុខ​វិជ្ជា​។

 

ខាងក្រោម​នេះ​ជា​មតិយោបល់​របស់​ជើង​ខ្លាំង​លើ​មុខវិជ្ជា​ទាំង៣៖​

 

យុវតី ម៉ៅ ថងសូភីយ៉ា ជា​សិស្ស​ថ្នាក់​ទី​១២​ “ក” នៃ​វិទ្យាល័យ​ ជា ស៊ីម​ តាកែវ ជាប់​ចំណាត់​ថ្នាក់​លេខ​១​លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​។ យុវតី​តូច​ច្រឡឹង​រូប​នេះ​បាន​ប្រាប់ Sabay​ ថា “​ខ្ញុំ​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការ​ប្រឡង​ពាន​រង្វាន់​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​នៅ​ខែ​ក្រោយ​នេះ​។ ​ភាសា​ខ្មែរ​ជា​មុខវិជ្ជា​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ ព្រោះ​រាល់​ថ្ងៃ​ខ្ញុំ​តែងតែ​អាន​សៀវភៅ​រឿង អត្ថបទ​ផ្សេង​ៗ មើល​របៀប​តែង​និពន្ធ​របស់​អ្នកនិពន្ធ​ល្បីៗ​ដើម្បី​បង្កើន​គំនិត​ក្នុង​ការ​សរសេរ​ឲ្យ​បាន​ទូលំទូលាយ​”​។

 

សិស្ស​ពូកែ​វិទ្យាល័យ​ ជា ស៊ីម​ បង្ហើប​គន្លឹះ​ មុន​ពេល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត

 

សូភីយ៉ា ប្រាប់​ថា នាង​នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ជើង​ខ្លាំង​មក​ពី​សាលា​ផ្សេង​ៗ។ លោក​គ្រូ ​ញែម ធុល គ្រូ​បង្រៀន​ភាសាខ្មែរ​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ ជា ស៊ីម​ តាកែវ ​មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​កន្លង​មក សូភីយ៉ា ជា​សិស្ស​ដែល​មាន​ការ​ព្យាយាម​ខ្លាំង​បំផុត ហើយ​រាល់​កិច្ចកា​ដែល​លោក​ដាក់​ឲ្យ​នាង​ធ្វើ​បាន​ល្អ​។​

 

លី សៀវ​តុង សិស្ស​ពូកែ​រូបវិទ្យា​ប្រចាំ​វិទ្យាល័យ​ជាស៊ីម​ម្នាក់​ទៀត ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​មុខវិជ្ជា​រូបវិទ្យា​។ សិស្ស​ពូកែ​រូបនេះ​បាន​ប្រាប់​ថា “​ខ្ញុំ​បាន​ឆ្លង​កាត់​ការ​ប្រឡង​ច្រើន​ទាំង​ថ្នាក់​ខេត្ត ​និង​ថ្នាក់​ជាតិ ព្រោះ​កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​ជា​បេក្ខជន​ត្រៀម​ប្រឡង​សិស្ស​ពូកែ Olympia​ ម្នាក់​ដែរ។ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា​អាច​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រឡង​ខាង​មុខ​នេះ​”។

 

សិស្ស​ពូកែ​វិទ្យាល័យ​ ជា ស៊ីម​ បង្ហើប​គន្លឹះ​ មុន​ពេល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត

 

សៀវ​តុង​បាន​ចែករំលែក​បទពិសោធន៍​ថា​ ក្លាយ​ជា​សិស្ស​ពូកែ​ម្នាក់​ចាំបាច់​ត្រូវ​មើល​មេរៀន​ឲ្យ​បាន​ច្រើន និង​ឧស្សាហ៍​រំលឹក​ឡើង​វិញ​ឲ្យ​បាន​ទៀង​ទាត់ កន្លែង​ណា​មិន​ច្បាស់​ត្រូវ​រៀន​ឡើង​វិញ​ទោះ​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​ក៏ដោយ​។ ​ចំណែក​មេរៀន​នីមួយៗ មើល​ដោយ​ត្រិះរិះ​ពិចារណា កុំ​បង្ខំ​។​

 

ពិសិដ្ឋ សុវណ្ណ​បណ្ឌិត សិស្ស​ពូកែ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​លើ​មុខវិជ្ជា​គណិតវិទ្យា​ បាន​ឲ្យ​ដឹង​ថា “​ខ្ញុំ​បាន​ចំណាយ​ពេល​សិក្សា​គណិតវិទ្យា​ច្រើន​ជាង​មុខវិជ្ជា​ផ្សេង​ទៀត​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គឺ​ចំណាយ​ពេល​ស្រាវជ្រាវ​ធ្វើ​លំ​ហាត់​ប្រហែល​ជា​២​ម៉ោង​ក្នុង​១​ថ្ងៃ ចំពោះ​ការ​ស្វ័យ​សិក្សា​ប្រចាំ​ថ្ងៃ​វិញ គឺ​នៅ​យប់​ខ្ញុំ​មើល​មេរៀន​ទូទៅ តែ​ពេល​ម៉ោង​៤​ជិត​ភ្លឺ​ខ្ញុំ​ធ្វើ​លំ​ហាត់​ព្រោះ​ពេល​ថ្មើ​ហ្នឹង​អារម្មណ៍​ស្ងប់​ល្អ​”។

 

សិស្ស​ពូកែ​វិទ្យាល័យ​ ជា ស៊ីម​ បង្ហើប​គន្លឹះ​ មុន​ពេល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត

 

នៅ​ថ្ងៃ​ទី​៧ ខែ​មីនា​ខាង​មុខ​នេះ​ សិស្ស​ពូកែ​មកពី​កម្រង​ផ្សេង​ៗ​ទូទាំង​ខេត្ត​ត្រូវ​ធ្វើ​ការ​ប្រឡង​ជ្រើស​រើស​ម្តង​ទៀត​សម្រាប់​ពាន​រង្វាន់​ថ្នាក់​ខេត្ត​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ជាស៊ីម ​តាកែវ​។​

 

អត្ថបទ៖ ជិនវេន​
រូប​ថត៖ ទូរសព្ទ​ដៃ