ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​បង្ហាញ​ក្រុមជនល្មើសជា​អ្នកបើកបរ និង​ព្រូ​រថយន្តក្រុងចំនួន​៤​នាក់ រួម​ទាំង​វត្ថុ​តាង​នៃ​បទ​លើ្ម​ស មាន​សត្វ​អណ្តើក និង​ពស់ថ្លាន់ ឱ្យ​​អ្នក​សារព័ត៌មាន​ថតផ្សាយ​ពី​ស្នាដៃ ដែល​បាន​បង្ក្រាបបទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃនេះកាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិលេខ​៥ ចំណុចភូមិ​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ជនល្មើស​លួចលាក់​ដឹក​ជញ្ជូន​បង្កប់ក្នុង​ទំនិញ​ដឹក​តាម​រថយន្តក្រុង​២​គ្រឿង​ ។

​លោក លឹ​ម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការលួចលាក់​ដឹក​ជញ្ជូនសត្វព្រៃ​ខុសច្បាប់​​តាម​រថយន្តក្រុងទាំង​២​គ្រឿង​​ខាង​លើ​នេះ សមត្ថកិច្ច​កង​រាជអាវុធហត្ថស្រុក​កំពង់ត្រឡាច បាន​ដាក់​កម្លាំង​ស្ទាក់​ចាប់​បាននៅ​ស្រុក​កំពង់ត្រឡាច ហើយ​ក៏​បាន​នាំ​មកទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ។

លោក​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់ មាន​អ្នកបើកបរ​២​នាក់ ​និង​ព្រូ​២​នាក់ មាន​ ១-​ឈ្មោះ ស៊ុ​យ គឹ​ម​សៀន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ២​-ឈ្មោះ ឌី ទា អាយុ​៣៤ឆ្នាំ រស់នៅ​ខេត្តសៀមរាប ៣-​ឈ្មោះ ស៊ី​ផេង ស៊ី​ណាត ​អាយុ​២០​ឆ្នាំ រស់នៅ​ខេត្តពោធិសាត់ និង​៤-​ឈ្មោះ ហៀ​ង ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ខេត្ត សៀមរាប ។

ក្រោយ​ពី​ស្ទាក់​ចាប់​រថយន្តក្រុង​ទាំង​២​គ្រឿង​​សមត្ថកិច្ចបាន​ធ្វើការ​ឆែកឆេររក​ឃើញ​សត្វ​ពស់ថ្លាន់​ចំនួន​៤​ក្បាល ស្មើ​នឹង​២០​គីឡូក្រាម​ និងសត្វ​អណ្តើក​ចំនួន​៥៧​ក្បាល ស្មើ​នឹង​៤៣​គីឡូក្រាម ។

មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ​បាន​បញ្ជា​ក់ថា ក្រោយ​ពី​ពិនិត្យធ្វើ​កំណត់ហេតុ ដកហូត​រួច មន្ត្រីកងរាជអាវុធហត្ថបាន​ប្រគល់​ឱ្យ​ទៅ​ខ​ណ្ឌរដ្ឋបាលព្រៃឈើ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ដោយសារ​​តែ​ថ្ងៃ​សៅ​រ៏-អាទិត្យ  ការ​ប្រគល់​ទទួល​នេះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែកុម្ភៈ វិញ​ ហើយ​បើ​តាម​លោកដឹង​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​បញ្ជា​ក់​ថា ​ត្រឹមតែ​ធ្វើការ​ផាកពិន័យតាម​ផ្លូវច្បាប់ ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​មានទោស​ទ​ណ្ឌ​ត្រូវ​ជាប់​ព​ន្ឋ​នាគារ​នោះ​ឡើយ​ ​បើ​តាម​
​​ផ្លូវ​ច្បាប់​ ត្រូវ​ពិន័យ​គុណ​នឹង​៣​ដងនៃ​តម្លៃ​ទីផ្សារ អាច​​ជាង​១០​លាន​រៀល ទើប​ប្រគល់​រថយន្តឱ្យ​ទៅ​ម្ចាស់​ដើម​វិញ ចំណែក​វត្ថុ​តាង​ត្រូវ​រឹបអូសនិង​យក​ទៅ​លែង​នៅ​កន្លែង​មាន​សុវត្ថិភាព​វិញ​ ៕                                                                                                   ​