ព្រះ​ខ័ន​រាជ រំពឹង​ឈ្នះ​ល្ងាច​នេះ ខណៈបឹង​កេត លត់ វេស្ទើន ៦-០ ពី​ម្សិល​មិញ

ក្រុម​បឹងកេតអង្គរ បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៦ ជា​បណ្តោះ​អាសន្ន​ដ៏​គួរ​ឲ្យកត់​សម្គាល់ បន្ទាប់​ពី​ពួក​គេ​បាន​លត់​ក្រុម​វេស្ទើន ៦-០ កាល​ពី​ថ្ងៃ​សៅរ៍ ម្សិល​មិញ ឯ​​ក្រុម​ក្រសួង​ការពារ​ជាតិ ក៏​រក​បាន​៣ពិន្ទុ​បន្ថែម​ផង​ដែរ មុន​ពេល​ក្រុម​ភ្នំពេញ​ក្រោន បាន​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម​ប៉ូលិស ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង រំពឹង​ឈ្នះ​ខេមបូឌាន​ថាយហ្គឺរ នៅល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

kh-005

សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​សៅរ៍ ម្សិល​មិញ ក្រុម​កំពុង​ឡើង​ជើង ក្រសួង​ការពារ​ជាតិ(ទ័ព) បាន​បន្ត​យក​ឈ្នះ​លើ​​​ក្រុម​ណា​ហ្គា​វើល​ ១-០ ដែល​គ្រាប់​បាល់​ជ័យជម្នះ​នេះ​រក​បាន​ដោយ​កីឡាករ​កូរ៉េ​ Myong Ho នៅ​នាទី​​ទី​៦៤ ប៉ុន្តែ​​ការ​ឈ្នះ​ត្រឹម​ ១-០​នេះ មិន​អាច​ជួយ​ឲ្យ​ទ័ព ឡើង​ទៅ​កាន់​កំពូល​តារាង​បាន​ទេ ខណៈ​ក្រុម​បឹង​កេត​ បាន​លត់​ក្រុម​វេស្ទើន​ រហូត​ដល់ ៦-០ ដើម្បីឡើង​ទៅ​​គ្រប់​គ្រង​ទី​តាំងមួយ​នេះ​បាត់​នោះ។

​គ្រាប់​បាល់​ទាំង​៦គ្រាប់​របស់ បឹង​កេតអង្គរ រក​បាន​ដោយ​​កីកីឡាករ Samuel ២​គ្រាប់​គឺ​នៅនាទីទី​១១​ និងនាទីទី​៨២ ខ្សែ​ការពារ​ សុខ សុវណ្ណ​ នៅ​នាទី​ទី​២២​ ខ្សែ​ប្រយុទ្ធ​ ឃួន ឡាបូរ៉ាវី​ នៅ​នាទី​ទី​២៣​ ​ខ្សែ​បម្រើ​ជប៉ុន​ Yuya Vada រក​បាន​នៅ​នាទី​ទី​៣៣ និងខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា នៅនាទីទី​៦២។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ហាក់​មិន​សប្បាយ​ចិត្ត​នោះ​ទេ ខណៈ​ពួក​គេ​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​អគ្គ​ស្នង​ការនគរ​បាលជាតិ(ប៉ូលិស) សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​សុក្រ​នោះ។ ដោយ​ឡែក សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុម​ព្រះ​ខ័ន​រាជស្វាយ​រៀង នឹង​ត្រូវ​ធ្វើ​ការ​​ប្រកួត​ជាមួយ​ក្រុមខេមបូឌាន​ថាយហ្គឺរ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង របស់​ខ្លួន នាល្ងាច​ម៉ោង៦ ហើយ​​ការ​ប្រកួត​កាល​ពីឆ្នាំ​២០១៥ ក្រុម​ទាំង​២​នេះ​​ធ្លាប់​ស្មើគ្នា ២-២ មុន​ពេល​ព្រះខ័ន​រាជស្វាយ​រៀង ឈ្នះ​ ៣-០ ក្នុង​ការ​ប្រកួត​ជើង​ទី​២។

kh-004

​យ៉ាង​ណា​មិញ ស​ម្រាប់​ការ​ប្រកួត​នោះ​ល្ងាច​នេះ លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង ដែល​ទើប​ដឹក​នាំ​ក្រុម​ឲ្យ​ឈ្នះ​ក្រុម​​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់) ៦-២ ក្នុង​ថ្ងៃ​បើក​ឆាក​នោះ ​បាន​និយាយ​​ថា៖​«យើង​សង្ឃឹម​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ហើយ​កាល​ដែល​ខ្ញុំ​រំពឹង​បែប​នេះ ដោយសារការ​ប្រកួតនេះ​ធ្វើ​នៅ​លើ​ទឹក​ដី​របស់​យើង រីឯ​សមត្ថភាព​ប្រកួតវិញ ក៏​​យើង​​ខ្ពស់​ជាង​ខាង​គេ​ដែរ ព្រោះ​ក្រុម​យើង​មាន​កីឡាករលេងនៅ​ក្នុង​ក្រុម​ជម្រើស​ជាតិច្រើន និង​​មាន​កីឡាករ​​បរទេស​​​ទាំង​កូរ៉េ ​ជប៉ុន និង​ជន​ជាតិ​រ្វាន់ដា»។ ចំណែក​ក្រុម​ដែល​បាន​ជួប​ការ​ចាញ់​នៅ​ថ្ងៃ​បើក​ឆាក​ដូច​គ្នា​គឺ​ អាស៊ីអឺរ៉ុប និង​ក្រុម​ស៊ីម៉ាក់ ក៏​ត្រូវ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​លើក​ទី​២ នៅ​ល្ងាច​ម៉ោង​៦​នេះ​ផង​ដែរ ដែល​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ ខណៈ​ការ​ប្រកួត​​កាល​ពី​រដូវ​កាល​ឆ្នាំ​២០១៥ ក្រុម​អាស៊ីអឺរ៉ុប បាន​ឈ្នះ​ទាំង​២​ជើង​ជាមួយ​លទ្ធ​ផល ៥-២ និង ៣-១៕

kh-003

kh-002

kh-001