ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រជាជន​មូលដ្ឋាន​រាយការណ៍​ថា ជន​ស៊ី​វិល​៤៥​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ដោយ សារ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ច្រឡំ​គោលដៅ​ត្រូវ​ចំ​ផ្សារ​មួយ​នៅ​ភាគ​ឦសាន រដ្ឋធានី​យេ​ម៉ែ​ន ក្រុង​សា​ណា ។

ប្រជាជន​មូលដ្ឋាន​និយាយ​ថា មានការ​វាយប្រហារ​តាម​អាកាស​ជា​ច្រើន​លើក​សំដៅ​ដោយ​ផ្ទាល់​លើ​បណ្តា​មនុស្ស​ដែល​ប្រមូលផ្តុំ​គ្នា​ក្នុង​ផ្សារ​មួយ​នៃ​ស្រុក NEHM ខេត្ត​សា​ណា ហើយ​សម្លាប់​ជន​ស៊ី​វិល​ដល់​ទៅ​៤៥​នាក់ និង​ធ្វើ​ឱ្យ​របួស​៥០​នាក់​ទៀត ។

បណ្តា​សាក្សី​និយាយ​ថា ការ​ទម្លាក់​គ្រាប់បែក​សំដៅលើ​ផ្សារ​មាន​មនុស្ស​កុះករ​នៃ​ស្រុក NEHM ហើយ​បន្ទាប់​មក​យន្តហោះ​ទាំងឡាយ​បក​មក​វិញ ដើម្បី​វាយប្រហារ​លើ​ពួក​អ្នក​ជួយ​សង្គ្រោះ ។ ក្នុង​ពេល​នោះ​ទូរទស្សន៍ MARIRAH ស្និទ្ធ​ពួក​ឧទ្ទាម​ហ៊ូ​ធី​រាយការណ៍​ថា ពលរដ្ឋ​យ៉ាងតិច​២៥​នាក់ ស្លាប់​ហើយ​ជិត​៣០​នាក់​ទៀត រង​របួស​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ឈ្លានពាន​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លើ​ផ្សារ NEHM ។

ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​បំផុត​កើត​មាន​រវាង​កងកម្លាំង​ស្និទ្ធ​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត​ហ៊ូ​ធី នៅ​ស្រុក NEHM និង​តំបន់​ដទៃ​ៗ​ទៀត​នៅ​ជុំវិញ​រដ្ឋធានី​សា​ណា ។ កងទ័ព​រដ្ឋាភិបាល​ជួយ​ទ្រទ្រង់​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​រុលទៅមុខ​បាន​យ៉ាងតិច​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​សា​ណា នា​ខែ​នេះ ក្រោយ​ពី​វាយ​យក​បាន​ប៉ុស្តិ៍​យោធា​ទាំងឡាយ​ក្នុងស្រុក NEHM និង​តំបន់​ភ្នំ​ព័ទ្ធ​ជុំវិញ​រដ្ឋធានី​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី ។

ក្រុមចម្រុះ​ដឹកនាំ ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ចាប់ផ្តើម​វាយប្រហារ​តាម​អាកាស​រាល់ថ្ងៃ​លើ​ពួក​ឧទ្ទាម​ស៊ី​អីុត​ហ៊ូ​ធី និង​កងកម្លាំង​សម្ព័ន្ធមិត្ត​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥ មក ដែល​អាច​វាយ​បណ្តេញ​ពួក​ឧទ្ទាម​ចេញពី​តំបន់​នានា ហើយ​ឈាន​ទៅ​រំដោះ​រដ្ឋធានី​សា​ណា​ពី​ពួក​ឧទ្ទាម​វិញ ។

មនុស្ស​ជាង​៦.០០០​នាក់ ត្រូវ​ស្លាប់ ដោយសារ​ការ​ប្រយុទ្ធ​គ្នា និង​ការ​វាយប្រហារ​តាម​អាកាស​ក្នុង​នោះ​ពាក់កណ្តាល​ជា​ជន​ស៊ី​វិល ៕