ជើងឯក គោជល់ ទម្ងន់ ៦៩ គ.ក្រ វគ្គ៤ ចាប់ផ្តើមរដូវថ្មី នៅសង្វៀន CNC

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្ថានីយទូរទស្សន៍ CNC ក្រុមហ៊ុនភេសជ្ជៈគោជល់ បានសហការជាមួយ ស្ថានីយទូរទស្សន៍ CNC និងសហព័ន្ធកីឡាប្រដាល់ កម្ពុជា រៀបចំសន្និសីទ សារព័ត៌មាន ស្តីពីការប្រកាស បើកការប្រកួតកំពូល អ្នកប្រដាល់ជើងឯកគោជល់ ទម្ងន់ ៦៩ គ.ក្រ វគ្គ៤ បន្ទាប់ពីបញ្ចប់ការប្រកួតកំពូល អ្នកប្រដាល់ជើងឯក គោជល់ វគ្គ៣ ទម្ងន់៦៥គ.ក្រ នៅថ្ងៃដដែល ដែលផ្សាយផ្ទាល់ពី ស្ថានីយទូរទស្សន៍ CNC តែម្តង ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក ឆឹង យ៉ោយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ,លោក មាន សំអុល នាយកចាត់ការទូទៅ ក្រុមហ៊ុនភេសជ្ជៈគោជល់ ប្រចាំកម្ពុជា ,លោក ម៉ា សេរី នាយកផែ្នកកីឡា ស្ថានីយទូរទស្សន៍ CNC និងម៉ិល កាដូ តំណាងក្រសួងអប់រំយុវជន និងកីឡា។

លោក មាន សំអុល បានប្រាប់ឲ្យដឹងថា ការប្រកួតប្រដាល់ទម្ងន់ ៦៩ គ.ក្រ ដែលមានរយៈពេល ៣ខែ ពិតជាទទួលបាន ការគាំទ្រ យ៉ាងខ្លំាង និងជោគជ័យពីទស្សនិកជន ដែលស្រឡាញ់វិស័យកីឡាប្រដាល់កម្ពុជា និងជួយគាំទ្រ ព្រមទាំងលើកស្ទួយកីឡាក្នុង ប្រទេសកម្ពុជា ទើបក្រុមហ៊ុនសម្រេចឧបត្ថម្ភបន្តទៀត ក្នុងការប្រកួតទម្ងន់ ៦៩ គ.ក្រ វិញម្តង ។ ចំពោះការប្រកួត ដណ្តើមខ្សែក្រវាត់កំពូលអ្នកប្រដាល់ជើងឯកគោជល់ក្នុង ៦៩ គ.ក្រ នាសប្តាហ៍ក្រោយនេះ យើងបានសម្រិតសម្រាំង ជ្រើសរើស យកកីឡាករខ្មែរ កីឡាករថៃ និងកីឡាករឡាវ ដែលសុទ្ធតែជាជើងខ្លាំងមកចូលរូម ។

លោក ឆឹង យ៉ោយ៉េន អនុប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជាបាន មានប្រសាសន៍ថា កីឡាករទាំងអស់ ត្រូវប្រកួតឲ្យអស់ពី សមត្ថភាពរបស់ខ្លួន ហើយលោកនឹងបង្កើត ក្រុមប្រឹក្សាវិន័យមួយ ក្នុងគណៈកម្មការបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលការប្រកួត ក៏ដូចជាការកាត់ក្តី និងលទ្ធផលសម្រាប់គូខ្សែក្រវាត់ទៀតផង ។ ជាមួយគ្នានោះ លោកបានជំរុញឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែប្រកាន់ជំហអព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវក្នុងការកាត់សេចក្ដីឈ្នះ និងចាញ់ ។ ចំពោះកីឡាករវិញ ត្រូវតែធ្វើខ្លួនឲ្យបានល្អ គោរពឲ្យបានដាច់ខាត នូវវិន័យ សីលធម៌ ពិសេសត្រូវរក្សាទម្ងន់របស់ខ្លួន ៦៩ គ.ក្រ ឲ្យបានល្អ ។

ដោយឡែកការប្រកួតមានកីឡាករទាំងអស់៨រូប ក្នុងនោះមានកីឡាករកម្ពុជា ៤រូបរួមមាន ឡុង សុភី, រឿង សោភ័ណ្ឌ, ពេជ្រ សីហា និងកីឡាករ ស រាជសី ចំពោះកីឡាករថៃ២រូប មាន ហ្វានិមិត្ត វេរ្យាកហ្វាម និងកីឡាករ ភ្លាងនំ ឡូកម៉ាខាវ័ន ចំណែកកីឡាករឡាវ២រូប វិញមាន ធុតសាភុន សសូម៉ាលី  និងកីឡាករ ណមធីប សរ៉ុងរ៉ាវី ៕

ជើងឯក គោជល់ ទម្ងន់ ៦៩ គ.ក្រ វគ្គ៤ ចាប់ផ្តើមរដូវថ្មី នៅសង្វៀន CNC

ជើងឯក គោជល់ ទម្ងន់ ៦៩ គ.ក្រ វគ្គ៤ ចាប់ផ្តើមរដូវថ្មី នៅសង្វៀន CNC

ជើងឯក គោជល់ ទម្ងន់ ៦៩ គ.ក្រ វគ្គ៤ ចាប់ផ្តើមរដូវថ្មី នៅសង្វៀន CNC