សម្តេចក្រឡាហោម បញ្ជាឲ្យមន្ត្រីជំនាញ រៀបចំបែងចែក ថវិកាផាកវិន័យ ជូននគរបាល ចរាចរណ៍ក្នុងខែមីនា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីជំនាញ ត្រូវធ្វើការបែងចែក ថវិកាដែលប្រមូលបាន ពីការផាកពិន័យពីអ្នកបើក បរល្មើសច្បាប់ចរាចរណ៍ ជូនកងកម្លាំង នគរបាលចរាចរណ៍ នៅក្នុងខែមីនា ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះ ប្រាក់រង្វាន់ដែល សម្តេចក្រឡាហោម បានប្រកាសផ្តល់ជូន ៤.០០០រៀល ក្នុងមួយថ្ងៃ ក៏ត្រូវបានផ្តល់ជូន នៅក្នុងខែមីនានេះដែរ។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សម្តេចក្រឡាហោម បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ របស់គណៈកម្មការពិធីការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងកាល ពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា សម្រាប់ប្រាក់រង្វាន់ ដែលបានមកពីការបង់ប្រាក់ ផាកពិន័យពីអ្នកធ្វើដំណើរ ល្មើសច្បាប់ចរាចរណ៍ និងប្រាក់រង្វាន់ ដែលសម្តេចក្រឡាហោម បានសន្យាផ្តល់ជូនកងកម្លាំង នគរបាលចរាចរណ៍ចុះល្បាត រាលក្នុងមួយថ្ងៃ គឺត្រូវធ្វើការបែងចែក ប្រគល់ឲ្យកងកម្លាំងនគរបាលចរាចរណ៍ ដែលបានបំពេញភារកិច្ចនោះ គឺត្រូវបានធ្វើឡើងរៀងរាល់៣ខែម្តង។

សម្រាប់ការបែងចែកប្រាក់ ផាកពិន័យពីបទល្មើសច្បាប់ចរាចរណ៍ ត្រូវបានគេដឹងថា ប្រាក់ផាកពិន័យ ៥ភាគរយ ត្រូវបានបែងចែក ដាក់ចូលទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនៅសល់ប្រាក់ ផាកពិន័យជ ៩៥ភាគរយទៀត គឺត្រូវបានបែងចែក ជូនដល់កងកម្លាំងនគរបាលចរាចរណ៍ ចុះប្រចាំការនៅតាមដងផ្លូវចំនួន ៧០ភាគរយ ជូនអង្គភាពប្រតិបត្តិការ របស់កងកម្លាំង២៥ភាគរយ ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា សម្រាប់គ្រប់ប្រាក់រង្វាន់ ដែលគេបានបែងចែកនោះ នឹងត្រូវបានរៀបចំដាក់បញ្ចូល នៅក្នុងលេខគណនីធនាគារ របស់កងកម្លាំងនគរបាលចរាចរណ៍ នីមួយៗ ។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសបច្ចុប្បន្ន មានកងកម្លាំងនគរបាល ចរាចរណ៍ប្រមាណពី ២.៨០០ ទៅ៣.០០០នាក់ សម្រាប់ចាត់វិធានការឲ្យ ប្រជាជនអ្នកធ្វើដំណើរ ទាំងអស់អនុវត្តច្បាប់ ចរាចរណ៍ ។ សម្រាប់ប្រាក់ផាកពិន័យ ដែលទទួលបាពិន័យទៅបង់នៅតាម បណ្តាប៉ុស្តិ៍នគរបាល និងកន្លែងផ្សេងៗទៀត មកដល់សប្តាហ៍ទី៣ ក្នុងខែកុម្ភៈនេះ គឺទទួលបានប្រមាណជាង ៧៣៧លានរៀល។
 
ដោយឡែកបើគិតការ ចាប់ផាកពិន័យ ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ពេលនេះ គឺបានប្រមាណជាង ៣.៨៤១លានរៀល ។ មកដល់សប្តាហ៍ទី៣ ក្នុងខែកុម្ភៈនេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៧៣លើក ថយចុះ១៩លើក បើប្រៀបធៀបនឹងខែមករា៕

សម្តេចក្រឡាហោម បញ្ជាឲ្យមន្ត្រីជំនាញ រៀបចំបែងចែក ថវិកាផាកវិន័យ ជូននគរបាល ចរាចរណ៍ក្នុងខែមីនា