ហេតុអ្វី បានជាមនុស្សខ្លះ គេហៀរទឹកមាត់?

អ្នកខ្លះយល់ថា មានតែកូនក្មេងទេ ទើបគេងហៀរទឹកមាត់ ឯមនុស្សធំពុំអាចគេហៀរ ទឹកមាត់បានទេ។ តើយោបល់នេះត្រឹមត្រូវដែរឬទេ? តាមការពិត មិនថាចាស់ មិនថាក្មេង សុទ្ធតែអាចហៀរទឹកមាត់ទាំងអស់។
នៅក្នុងប្រអប់មាត់ មនុស្សយើងម្នាក់ៗ តែងតែមានទឹកមាត់ហៀរ ជ្រាបចេញជាអចិន្រ្តៃយ៍ សម្រាប់ផ្សើមបំពង់ក តែទោះជាយ៉ាងណាក្តី ក៏យើងម្នាក់ៗមិនឃើញហៀរទឹកមាត់ ចេញមកក្រៅដែរ ព្រោះយើងបានលេបចូល ទៅក្នុងពោះដោយ ស្វ័យប្រវត្តិទៅហើយ។

ជាមួយគ្នានេះដែរ នៅពេលគេងលក់ សាច់ដុំទាំងអស់នៅក្នុង សារពាង្គកាយលែងមានចលនា  ខួរក្បាលត្រូវបានសម្រាក ទិដ្ឋភាពជុំវិញខ្លួន ត្រូវបានបំភ្លេចចោលអស់ ដូច្នេះចលនាលេបទឹកមាត់ ក៏លែងប្រព្រឹត្ត ជាហេតុងាយនឹងបាន បណ្តាលឲ្យហៀរទឹកមាត់ ចេញមកក្រៅដោយឯកឯង។

ក៏ប៉ុន្តែពុំមែនម្នាក់ៗ សុទ្ធតែហៀរទឹកមាត់ ទាំងអស់គ្នានោះទេ ព្រោះនៅពេលគេងលក់ អ្នកខ្លះពុំសូវមានទឹកមាត់ចេញ មកក្រៅនោះទេ។ មួយវិញទៀត ដោយបបូរមាត់បិទជិតទៀត នោះទឹកមាត់មិនអាចហៀរចេញមកក្រៅបានទេ។

ដោយឡែក ប្រសិនបើពេលថ្ងៃ អ្នកធ្វើការច្រើន ឬលេងល្បែងច្រើន បណ្តាលឲ្យអ្នកហត់នឿយអស់កម្លាំង ធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់ ហើយបបូរមាត់របស់អ្នក មិនអាចបិទជិតបានទេ ដែលធ្វើឲ្យទឹកមាត់ងាយនឹង ហៀរចេញមកក្រៅ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកគេងដកដង្ហើមតាមមាត់ នោះក៏អាចធ្វើឲ្យទឹកមាត់ហៀរចេញមកក្រៅផងដែរ៕

ហេតុអ្វី បានជាមនុស្សខ្លះ គេហៀរទឹកមាត់?