ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រៃវែង ៖ ក្រោយ​ពី​ផ្ទុះ​រឿងរថយន្ត​យី​ឌុ​ប​ដឹក​លើស​​ទម្ងន់​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ទៅ​គាំង​ខូច​នៅ​លើ​ស្ពាន​អ្នក​លឿង ​​ត្រូវ​បាន​​ប្រព័ន្ធ​សង្គម​facebook យក​ធ្វើ​ជា​ប្រធានបទរិះគន់​ចំ​ៗ​ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ រហូត​ដល់​មាន​បទបញ្ជា​ឱ្យ​​តាម​ចាប់ខ្លួន​ម្ចាស់​រថយន្ត​​បង្ក​ហេតុ​ខាង​លើ​ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​ស្ត្រី​ជា​ម្ចាស់​រថយន្ត​បាន​នៅឡើយ​ទេ ប៉ុន្តែ​បាន​អះអាង​ថា កសាង​សំណុំរឿង​រួចរាល់​អស់ហើយ តើ​ជោគវាសនា​​​ម្ចាស់​រថយន្ត​យី​ឌុ​ប​ខាងលើ​នេះ នឹង​ទៅ​ជា​យ៉ាងណា​​?

រថយន្ត​យី​ឌុ​ប​ភ្លៅ​៥ ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ​តាកែវ ៣A-១៧៤៣ ដែល​ដឹក​អង្ករ​ប្រមាណ​ជា​៦០​តោន នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ហើយ​បាន​ដាច់​កាឡេ​ខូច​គាំង​នៅ​លើ​ស្ពាន​អ្នក​លឿង ដោយសារ​តែ​ដឹក​ធ្ងន់​ពេក​ឡើង​ស្ពាន​មិន​រួច​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​រថយន្ត​របស់​ស្ត្រី​ឈ្មោះ ម៉ែ​ន ចាន់​បុប្ផា អាយុ​៤៨​ឆ្នាំ​ ជា​អាជីវករ​រកស៊ី​ទិញ​-​លក់​ស្រូវ​អង្ករ នៅ​ក្បែ​រសាលាស្រុក​ពាមរ​ក៍ ​​បច្ចុប្បន្ន​នេះតាម​​ព័ត៌មាន​​​ខ្លះៗពី​សមត្ថកិច្ច​​​បាន​លួច​បង្ហើប​ឱ្យ​​ដឹង​ថា ស្ត្រី​រូប​នេះ​កំពុង​​​រត់ការ​ឱ្យ​​មេធាវីប្រមូល​ឯកសារ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ចាប់​ឃុំ​ ។

ដោយឡែក​ លោក​ឩ​ត្តម​សេនី​យ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បានឱ្យ​​ដឹង​តាម​ទូរ​ស័ព្ទ​ថា ពេល​នេះ​ស្ត្រី​ឈ្មោះ ម៉ែ​ន ចាន់​បុប្ផា កំពុង​​រត់គេច​ខ្លួន​នៅ​មិន​ទាន់​ត្រឡប់ចូល​ស្រុក​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា​ក្តី​ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿងដាក់​ចូល​​សាលា​ដំបូង​ខេត្ត​​​រួចរាល់​អស់ហើយ​ ។​ ទោះជា​បែប​នេះ​ក្តី លោកស្នងការ​សុំ​មិន​បញ្ជាក់​ទេ​ថា ស្ត្រី​រូប​នេះ​ត្រូវ​ប្តឹង​ចោទប្រកាន់​ពី​បទ​អ្វី​នោះ​​​ទេ ។​

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ​បាន​​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ដែល​បណ្តែតបណ្តោយ​ឱ្យ​​រថយន្ត​យី​ឌុ​ប​ធំ​ៗដឹក​លើស​​ទម្ងន់​ធ្វើ​ចរាចរ​ណ៍​ឆ្លងកាត់​ដងផ្លូវបាន​យ៉ាង​រលូន ​ដោយ​ពុំ​មានការ​ទប់ស្កាត់​អ្វី​សោះ​ ស្រាប់តែ​គេ​ឃើញអាជ្ញាធរ​ខេត្តព្រៃវែងដាក់​ក្រុម​ជញ្ជីង​ថ្លឹង​​ទម្ងន់​​១​ក្រុម ឱ្យ​​​បោះទីតាំង​នៅ​លើ​កំណាត់ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ក្បែ​ររង្វង់​មូល​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ដើម្បី​ចាំ​ចាប់​ក្រុម​រថយន្ត​ធំ​ៗ​ដែល​ដឹក​លើស​​ទម្ងន់​ឱ្យ​​សាង​ទំនិញ​ចេញ និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ​។ សកម្មភាព​នេះ​ត្រូវ​បាន​សាធារណៈ​មតិ​ខ្លះ​លើក​ឡើង​ថា ​«ទាល់តែ​ព្រះ​ឥន្ទ​ស្រែក ទើប​ផ្អើល​ដល់​ប្រែ​ត» ​ព្រោះ​ពី​មុន​ក្នុង​១​ថ្ងៃ​ៗ ១​យប់​ៗ មាន​រថយន្ត​រាប់​សិប​គ្រឿង ដែល​ដឹក​លើស​​ទម្ងន់​​ធ្វើ​ចរាចរ​ណ៍​​ដោយ​​សេរី ពី​ស្វាយ​រៀង​-​ព្រៃវែង ទៅ​ភ្នំពេញ មិន​ដែល​ឃើញ​មាន​ក្រុម​ជញ្ជីង ឬ​សមត្ថកិច្ច​ណា​ចេញ​ចាប់​ទេ ទំនងជា​ទទួល​បាន​ផល​ប្រ​យោ​ជ​ន៍​គ្រប់​គ្នា​ទៅ​ហើយ ​។ ជា​ពិសេស​គឺ​ក្រុម​កុងត្រូល​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក ដែល​គេឃើញ​ដាក់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ ដល់​ទៅ​២​កន្លែង ក្នុង​ខេត្តស្វាយរៀង​ផង និង​ព្រៃវែង​ផង ប៉ុន្តែ​ក្រុម​រថយន្ត​ធំ​ៗ​ទាំងនោះនៅ​តែ​អាច​ឆ្លងកាត់​មក​បាន​យ៉ាង​រំភើយ ឬ​មួយរថយន្ត​យី​ឌុ​ប​ទាំងនោះ បើក​លើ​មេឃ​ទេ​ដឹង?

​ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន ​គឺ​សុំ​ឱ្យ​​ក្រុម​ជញ្ជីង​នេះ ធ្វើការឱ្យ​​បាន​ត្រឹមត្រូវ​រហូត​ទៅ ​ចៀស​វាង​ធ្វើ​ល្អ​តែ​ពី​ដំបូង ដល់​យូរ​ៗ​ទៅ​ជិះសេះ​លែងដៃ​ ​សម្ងំ​​កើប​​លុយ​ដូច​កាលពីមុន​ទៀត បើ​បែប​​មែន​នោះ ច្បាស់​ជា​បណ្តាញ​ព័​ត៌​មានបង្ហោះ​ព្រោងព្រាត​ទៀត​ហើយ ព្រោះ​រាស្ត្រ​ទទួល​មិន​បាន​ទេ​ទាន​ ៕