ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ​៖ ​លោក​ ជា​ សំណាង​ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​ម្រាម ​និង​ជា​តំណាង​​​​លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​និង​​ព្យាបាល​ជូន​​ពលរដ្ឋ​​៤​ភូមិ​ ដោយ​ឥត​គិតថ្លៃ​ កាលពី​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​២៩ ​កុម្ភៈ​​ ​នៅ​សាលា​បឋម​សិក្សា​ម្រាម​ខាងត្បូង​ ភូមិ​ម្រាម​ខាងត្បូង​ ឃុំ​ម្រាម​ ស្រុក​រមាស​ហែក​ ។​​ ​ដោយ​មាន​លោ​អភិបាលរង​ស្រុក​ ក្រុមប្រឹក្សា​ឃុំ​ម្រាម​ និង​ប្រជាពលរដ្ឋ​មក​ពិនិត្យ​ព្យាបាល​ប្រមាណ​៥០០​នាក់​ មក​ពី​ភូមិ​ម្រាម​ខាងត្បូង ​ភូមិ​ម្រាម​ខាងជើង ភូមិ​ត្រពាំង​ជ័រ ​និង​ភូមិ​បឹង​ភេ​ ។​

​​លោក​វេជ្ជបណ្ឌិត ​ចៅ ឃី​ន ​ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​មាន​២៥​រូប ​​សហ​ការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​រមាស​ហែក​ និង​មណ្ឌលសុខភាព​ម្រាម​ ចុះ​មក​ពិនិត្យ​​និង​ព្យាបាល​ជូន​ពលរដ្ឋ​ ​ដោយ​ព្យាបាល​បឋមទៅ​លើមនុស្ស​ចាស់ កូន​ក្មេង និង​រោគ​ស្ត្រី ហើយ​ចំពោះ​មនុស្ស​ចាស់ គឺ​មានការ​បូម​ឈាម​ពិនិត្យ​មើល​ជាតិ​ស្ករផង​ដែរ ៕​