មន្រ្តី​មាន​មោទនភាព ចំពោះ​និស្សិត​ខ្មែរ​ឥស្លាម ៣នាក់ ទៅបន្ត​ការសិក្សា អាហារូបករណ៍ នៅ​ម៉ាឡេស៊ី

ភ្នំពេញ៖ និស្សិតខ្មែរឥស្លាម ៣នាក់ មានសំណាង បានទទួលអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិឡាល័យ The Binary University ម៉ាឡេស៊ី សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៩ ដែលជាសកលវិទ្បាល័យលំដាប់ផ្កាយប្រាំ ហើយជាសកលវិទ្បាល័យ ១ ក្នុងចំណោម ៥ ដែលល្បីជាងគេផ្នែកអប់រំនៅម៉ាឡេស៊ី និងជាសាខាសកលវិឡាល័យ The Binary University នៃប្រទេសចក្រភពអង់គ្លេស។

និស្សិតទាំង ៣នាក់ ដែលបានទទួលអាហារូបករណ៍ ហើយត្រូវចេញដំណើរនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ រួមមាន៖ ១- កញ្ញា វ៉ាន់ សូហ្វារី មកពីខេត្តក្រចេះ ២- កញ្ញា ម៉ាត់ រ៉ូហានី មកពីខេត្តកំពង់ធំ ៣- កញ្ញា ឯល ទីរៀម មកពីខេត្តកំពង់ឆ្នាំង។

លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា ក្នុងពិធីជូនដំណើរនិស្សិតទាំង ៣នាក់ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា អាហារូបករណ៍នេះ បានមកពីការខិតខំទំនាក់ទំនងល្អ ជាមួយមិត្តភក្តិរបស់លោក ដែលជាម្ចាស់ជំនួយនានា ជាពិសេស សូមថ្លែងអំណរគុណចំពោះ លោកបណ្ឌិត Dato’ Professor Joseph Adaikalam សកលវិទ្យាធិការ នៃសកលវិឡាល័យ The Binary University ម៉ាឡេស៊ី និង សម្តេច YAB. Tun Musa Hitam អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធាន មូលនិធិ Sime Darby Foundation ដែលបានជួយឧបត្ថម្ភ ផ្គត់ផ្គង់ការស្នាក់នៅ ហូបចុកក្នុងរយៈពេលសិក្សាផងដែរ។

លោក រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បន្តថា នេះជាជំហានទីមួយ និងមានបន្តបន្ទាប់ទៀត សម្រាប់ការផ្តល់អាហារូបករណ៍ នៃសកលវិឡាល័យ The Binary University ម៉ាឡេស៊ីនេះ ដែលពីមុននេះ យើងបានបញ្ចូននិស្សិតបន្តការសិក្សាថ្នាក់ឧត្តម នៅតាមសកលវិទ្យាល័យបណ្តាប្រទេសម៉ាឡេស៊ី អារ៉ាប់ ឥណ្ឌូនេស៊ី ថៃ ជាដើម។
លោក បានបង្ហើបឲ្យដឹងថា នៅពេលដែលក្មួយៗទាំង ៣នាក់ នេះ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររងនេះ ដោយជោគជ័យ លោកនឹងស្នើសុំឲ្យក្មួយៗ បានបន្តការសិក្សា ថ្នាក់បរិញ្ញាបត្របន្តទៀត ពិសេសនឹងមានឱកាសឈានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសកលវិឡាល័យ The Binary University នៃប្រទេសចក្រភពអង់គ្លេស ថែមទៀតផង។

លោកឧកញ៉ា អូស្មាន ហាស្សាន់ និងលោកស្រី ក៏បានឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារ ផងដែរ ជូនដល់និស្សិតទាំង ៣នាក់ សម្រាប់ជាសោហ៊ុយធ្វើដំណើរ និងចំណាយផ្សេងៗតាមការចាំបាច់៕