អ្នក​ឯកទេស​ផ្នែក​ជោគជ័យ​បុគ្គល​ថា​ ផ្លូវ​កាត់​ជោគជ័យ​លឿន​បំផុត​ គឺ…

លោក នួន អក សហគ្រិន​វ័យក្មេង​ និង​ជា​អ្នកឯកទេស​ផ្នែក​ជោគជ័យ​បុគ្គល បាន​ចែករំលែក​ពី​គន្លឹះ​ជំរុញ​ភាព​ជោគជ័យ​លឿន​រហ័ស​ថា បើ​បុគ្គល​ម្នាក់​ចង់​សម្រេច​បាន​ជោគជ័យ ផ្លូវកាត់​ដែល​ល្អ​បំផុត​គឺ​ត្រូវ​រៀន​ផ្ទាល់​ពី​បុគ្គល​គំរូ​ជោគជ័យ​ដោយ​ផ្ទាល់ តាម​រយៈ​ការ​ចូលរួម​ស្តាប់​ផ្ទាល់​នៅ​ពេល​សិក្ខា​សាលា​។​

 

អ្នក​ឯកទេស​ផ្នែក​ជោគជ័យ​បុគ្គល​ថា​ ផ្លូវ​កាត់​ជោគជ័យ​លឿន​បំផុត​ គឺ…

លោក នួន អក

 

​អ្នក​មាន​បទពិសោធន៍​លើ​វិស័យ​អាជីវកម្ម​រយៈ​ពេល​ជាង​១០​ឆ្នាំ​រូប​នេះ បន្ត​ថា ការ​ជោគជ័យ​មិនមែន​ត្រឹម​ទៅ​សាលារៀន​នោះ​ទេ តែ​វិធីសាស្ត្រ​ថ្មីៗ​ជួយ​ទទួល​បាន​ចំណេះដឹង​លឿន​គឺ​ពឹងផ្អែក​លើ​ការ​ចូល​រួម​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​ ព្រោះ​បុគ្គល​ជោគជ័យ​ជា​វាគ្មិន​ទាំង​នោះ​នឹង​បង្រៀន​អ្នក​ពី​ផ្នត់​គំនិត​នៃ​ការ​ធ្វើ​អាជីវកម្ម ចែក​រំលែក​បទពិសោធន៍​នៃ​ការ​រកស៊ី​របស់​គេ​ដល់​អ្នក ក៏​ដូច​ជា​រឿងរ៉ាវ​ប្លែកៗ​ស្ទើរ​ពាក់​កណ្ដាល​ជីវិត​របស់​បុគ្គល​ជោគជ័យ​ទាំង​នោះ​ដល់​អ្នក ដែល​អ្នក​ចំណាយ​ត្រឹម​ពេល​ខ្លី​តែ​ទទួល​បាន​មក​វិញ​នូវ​បទពិសោធន៍​យូរ​ឆ្នាំ​ពី​បុគ្គល​ទាំងនោះ ដែល​នេះ​ហើយ​ហៅ​ថា​ផ្លូវ​កាត់​យ៉ាង​ចំណេញ​បំផុត​។

 

​លើស​ពី​នេះ លោក​បាន​លើក​ពី​ឧទាហរណ៍​របស់​សឹង្ហ​បុរី​ថា ចំណុច​សំខាន់​ដែល​ជំរុញ​ភាព​រីក​ចម្រើន ​ តាម​ការ​សង្កេត​របស់​លោក គឺ​ប្រជាជន​ប្រទេស​នេះ​ចូលចិត្ត​ចូលរួម​ព្រឹត្តិការណ៍​សិក្ខាសាលា​ដែល​ប្រមូលផ្តុំ​នូវ​គំនិត​វិនិយោគ​។​

ការ​រៀន​ផ្ទាល់​ជាមួយ​អ្នក​ជោគជ័យ គឺ​ទទួល​បាន​ចំណេះដឹង​ច្រើន​សម្រាប់​ជីវិត​ធ្វើឲ្យ​ចំណេញ​ពេល​វេលា ដែល​នេះ​ជា​តិចនិក​ដែល​អ្នក​ជោគជ័យ​លើ​ពិភពលោក​តែង​អនុវត្ត​។​

 

​លោក នូ​ន អក ជា​សហគ្រិន​ និង​ជា​អ្នកនិពន្ធ​ល្បីល្បាញ​ម្នាក់ ដែល​វិនិយោគ​អស់​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​ចំណេះដឹង ហើយ​លោក​ជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ជោគជ័យ​បុគ្គល អាច​ជួយ​ជា​មតិ​ជំរុញ​មនុស្ស​ឲ្យ​ជោគជ័យ​ផ្នែក​អាជីវកម្ម ការ​វិនិយោគ និង​ការអភិវឌ្ឍ​ខ្លួនឯង​៕

 

អត្ថបទ៖ លឹម សុនា