បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​អេស្កាវ៉ាទ័រ​បុក​ហើយ​កិន​ស្លាប់​មួយ​រំពេច​

​ខេត្តបាត់ដំបង​៖ បុរស​ជា​កសិករ​ម្នាក់​បើកបរ​ម៉ូតូ​បត់​ទៅខាង​ស្តាំ​បម្រុង​ឆ្លង​ផ្លូ​ង​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​មកពី​ក្រោយ​បុក ចំ​ពេញទំហឹង​ប៉ើង​ដូច​សី​ស្លាប់​ភ្លាមៗ កាល​វេលា​ម៉ោង​៦ និង​៣០​នាទី ពីថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយសារ​រថយន្ត​ដឹក​អេស្កាវ៉ាទ័រ បើក​ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​ពីក្រោយ ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង បត់​ស្តាំ​ចូលទៅ​កណ្តាលផ្លូវ​បម្រុង​ឆ្លង​គាប់​ជួន​រថយន្ត​នៅ​ពីក្រោយ​បើក​លឿន​ហ្វ្រាំង​មិនទាន់​ក៏​បុក​ចំ​ពេញទំហឹង​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បានដាក់​មេ​ប្រូច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ។​

​ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​ឈ្មោះ ឆាយ ខែម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​សង់ សេរី​2008 ស្លាក​លេខ​សៀម​រាម 1A 7639 ចំណែក​រថយន្ត​ម៉ាក HiNO ស្លាក​លេខ ស្វាយរៀង 3A 0928 ។ ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បួរ បាន​ចុះ​វាស់វែង​រួច បាន​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាមច្បាប់ ចំណែក​សាកសព​បានប្រគល់​ឲ្យ​គ្រួសារ​ជនរងគ្រោះ​យកទៅ ចាត់ចែង​ធ្វើ បុណ្យ​៕

KA-28-02-2016-01 KA-28-02-2016-02 KA-28-02-2016-03