ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប៉ូលិស​រាយការណ៍​ថា បុរស​ម្នាក់​នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា​ឥណ្ឌា​បាន​សម្លាប់​សមាជិកគ្រួសារ​ខ្លួន​១៤​នាក់ មុន​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ​របស់​គេ​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ទីក្រុង THANE តំបន់​ក្រុង​មុម​បៃ ។

មេ​ប៉ូលិស​ម្នាក់​រៀបរាប់​ប្រាប់​សារព័ត៌​មាននៅ​មុខ​ផ្ទះ​ជន​នេះ​ថា យើង​បាន​យក​សាកសព​មនុស្ស​ទាំងឡាយ​ចេញពីផ្ទះ​នេះ​ដោយ​ក​របស់​ពួក​គេ​ត្រូវ​អារ នឹង​កាំបិត​យ៉ាង​មុត​មួយ ។ បុរស​នេះ​សង្ស័យ​ជា​ឃាតករ​ត្រូវ​បាន​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​មួយ ដោយ​មានកាំបិត​មួយ​នៅ​ដៃ ។ ជន​រង​គ្រោះ​រួម​មានកូន​របស់​គេ​៨​នាក់ ប្រពន្ធ ប្អូនស្រី​៣​នាក់ ព្រមទាំង​ឪពុក​ម្តាយ​ជនសង្ស័យ ព្រមទាំង​ជនសង្ស័យ​ផ្ទាល់ ។ នារី​ម្នាក់​នៃ​គ្រួសារ​នេះ​ដែល​នៅ​រស់រាន​មានជីវិត​ពី​ការ​វាយប្រហារ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ នាយ​ស្នងការ​រង​ប៉ូលិស​ក្រុង THANE លោក ASHUTOSH DUMBARE គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ។ លោក​អះអាង​ថា មូលហេតុ​នៃ​ការ​សម្លាប់​យ៉ាង​សាហាវ​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។ មាន​អ្នក​នៅ​រស់រាន​មានជីវិត​តែ​ម្នាក់​គត់ តែ​យើង​នៅ​ពុំ​ទាន់​ទទួល​បានការ​រៀបរាប់​របស់​គេ​នៅឡើយ ព្រោះ​នាង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ក្តុកក្តួល​ខ្លាំង​ពេក ។

យោង​តាម​ប្រភព​ព័ត៌មាន​នានា​ដែល​ដកស្រង់​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើបអង្កេត​ថា បុរស​នេះ​បាន​ប្រើ​ថ្នាំ​សន្តំ​ដល់​បណ្តា​សមាជិកគ្រួសារ​គេ​មុន​អារ​.​ក​សម្លាប់​ម្តង​មួយ​ៗ ៕