ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ថា​មិន​ទប់ស្កាត់​បទល្មើស​ដាក់​សម្រាស់​ក្នុង​បឹង​ទន្លេសាប​ខេត្ត​កំពង់ឆ្នាំង

សម្រាស់​ហ៊ុមព័ទ្ធ​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​ប្រមាណ ៥០​កន្លែង ឋិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​មូលហេតុ​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ទាំង​តូច​ទាំង​ធំ​ក្នុង​តំបន់​នេះ ត្រូវ​ហិនហោច។ អ្នក​ធ្វើ​ចម្ការ​ក្បែរ​មាត់​ទន្លេ និង​ប្រជា​នេសាទ​ខ្លះ រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ជលផល ថា​មិន​សូវ​អើពើ​ទប់ស្កាត់​បទល្មើស​នេសាទ​ទាំង​នេះ​ឡើយ គឺ​ចាប់​តាំង​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៥។

ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៅ​ភូមិ​កណ្ដាល ដែល​ជន​អន្តោប្រវេសន៍​វៀតណាម ធ្លាប់​តាំង​ទី​លំនៅ និង​ដាក់​ប៊ែរ​ត្រី​ចិញ្ចឹម​ក្រោម​ផ្ទះ បាន​ក្លាយ​ជា​ទីតាំង​ហ៊ុម​សម្រាស់​ជំនួស​វិញ បន្ទាប់​ពី​ជនជាតិ​វៀតណាម ទាំង​នោះ ចាក​ចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី កាល​ពី​ចុង​ឆ្នាំ​២០១៥។ សម្រាស់​ភាគ​ច្រើន បាន​បង្កប់​នៅ​ក្រោម​ដើម​កំប្លោក​ដែល​អណ្ដែត​ទឹក ហើយ​ជន​ល្មើស​តែង​តែ​ហ៊ុម​អួន​ចាប់​ត្រី​នៅ​ពេល​ល្ងាច ឬ​ពេល​យប់។

ពលរដ្ឋ​ធ្វើ​ចម្ការ និង​អ្នក​នេសាទ​ខ្លះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា សកម្មភាព​ដាក់​សម្រាស់​នេះ​កើត​មាន​តាំង​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ជលផល​ចុះ​ទប់ស្កាត់​ឡើយ។

អ្នក​ធ្វើ​ចម្ការ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា អ្នក​ដាក់​សម្រាស់ និង​ប៊ែរ​ត្រី​ភាគ​ច្រើន គឺជា​ជនជាតិ​វៀតណាម ហើយ​សម្រាស់​ទាំង​នោះ​គេ​បាន​ហ៊ុម​អួន​យក​ត្រី​ទាំង​តូច​ទាំង​ធំ​ជាច្រើន​ដង​ហើយ។ លោកស្រី​បារម្ភ​ថា បើ​សម្រាស់ និង​បទល្មើស​នេសាទ​កើត​មាន​ច្រើន​ដូច​សព្វថ្ងៃ​នេះ ធនធាន​មច្ឆជាតិ​នឹង​បាត់​បង់​អស់ ខណៈ​កសិករ​រក​ទិញ​ត្រី​ធ្វើ​ប្រហុក ឬ​ផ្អក​ស្ទើរ​លែង​បាន​ហើយ​នោះ៖ «ឃើញ​ចេះ​តែ​ឃើញ​ហើយ តែ​អត់​ហ៊ាន​និយាយ។ ខ្លាច​វា​ស្អប់ ហើយ​ធ្វើ​បាប​ខ្ញុំ។ អ្នក​ដាក់​សម្រាស់ និង​ប៊ែរ​ហ្នឹង​ជា​ជនជាតិ​វៀតណាម។ វា​ធ្វើ​ប៊ែរ​ធំៗ​ដាក់ ដោយ​យក​ក្រណាត់​ឈឹប​រុំ​សង​ខាង​ទៅ ហើយ​យក​ទៅ​ជ្រមុជ​កណ្ដាល​ទន្លេ ហើយ​យក​ដើម​កំប្លោក​គ្រប​ពី​លើ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភិរុណ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល ប៉ុន្តែ​កន្លង​ទៅ លោក​ធ្លាប់​បញ្ជាក់​ថា បទល្មើស​ដាក់​សម្រាស់​តែង​តែ​កើត​មាន​នៅ​តាម​ដង​ទន្លេ​មែន ពិសេស​នៅ​រដូវ​ប្រាំង​ទឹក​ស្រក ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ក៏​ចុះ​កម្ទេច​សម្រាស់​ទាំង​នោះ​ដូច​ភ្លៀង​រលឹម​ដែរ។

ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​២០០៦ បាន​ហាម​ឃាត់​ដាច់ខាត​ចំពោះ​ការ​នេសាទ​ដាក់​សម្រាស់ ឬ​មធ្យោបាយ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​ត្រី ឬ​វារី​សត្វ​កុំ។ ត្រង់​មាត្រា​១០០ នៃ​ច្បាប់​ដដែល​បាន​ចែង​ថា ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​ត្រង់​ប្រការ​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​២ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ ៥០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។