ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​បន្ទាយ​មានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​​​២​នាក់​ទៀត​​​រង​របួសធ្ងន់​/​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ២​ករណី​​ផ្សេង​គ្នា ​​​​​​​ស្ថិត​នៅ​ស្រុក​មង្គល​បូ​រី ​។​

​លោក​អនុសេនីយ៍ត្រី​ ផុ​ន ទី​ណូ ​អធិការ​​​រង​​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា​ ករណី​ទី​១-​​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ​វត្ត​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ​​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ​ដឹក​លួស​សំណាញ់​​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ​​ជិះ​គ្នា​២នាក់ បណ្តាល​ឲ្យ​អ្នក​បើ​បរ​ម៉ូតូ​​​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ​និង​ម្នាក់​ទៀត​រង​របួស ។

​ចំណែក​ករណី​ទី​២-​បាន​កើត​ឡើង​​កាល​​ពី​​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ​កុម្ភៈ​ ​​២០១៦​​ ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាលឲ្យ​​ស្លាប់​ម្នាក់​ និង​រង​របួស​ម្នាក់​​​​ នៅ​លើ​ផ្លូវលំ​ពី​ភូមិ​អូរ​ស្ងួត​ឆ្ពោះទៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ​។​

​​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ រីឯ​វត្ថុ​តាង​ទាំង​២​ករណី​ខាងលើ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​រង់​ចាំ​​​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕                                                       ​