អភិបាល​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ជាមួយ​រាជ​រដ្ឋាភិបាល

អភិបាល​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ក្រុម​អាជីវករ​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ​នានា មាន​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ ជាដើម ត្រូវ​ចូលរួម​សហការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ជាមួយ​រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត។

សារ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​កាន់​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កុម្ភៈ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​កាសែត និង​ក្រុម​អាជីវករ​រាប់​រយ​នាក់​នា​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ចូលរួម​សហការ​ជំរុញ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ជាមួយ​រាជ​រដ្ឋាភិបាល ឲ្យ​មាន​ដំណើរ​ការ​ល្អ។

ក្នុង​ឱកាស​នោះ លោក យន្ត មីន ក៏​ស្នើ​ដល់​ក្រុម​អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​ក្រុមហ៊ុន​អារីស្តុន និង​ឆ្នេរ​អូរត្រេះ ជាដើម ត្រូវ​លះ​បង់​ការ​តវ៉ា​ទាមទារ​អភិវឌ្ឍ​ទីតាំង​លក់​ដូរ​របស់​ខ្លួន​នៅ​លើ​ទីតាំង​ដើម ជាប់​ឆ្នេរ​សមុទ្រ​ចោល​ទៅ ព្រោះ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នឹង​អភិវឌ្ឍ​ប្រែ​ក្លាយ​ឆ្នេរ​សមុទ្រ​ទាំងអស់​នា​មូលដ្ឋាន​នេះ ឲ្យ​មាន​សោភ័ណភាព និង​អនាម័យ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ៖ «គោល​បំណង​នៃ​ការ​ចុះ​សម្អាត ឬ​រៀបចំ​ឆ្នេរ​ឲ្យ​មាន​សោភ័ណភាព​នា​ខេត្ត​ព្រះសីហនុ របស់​អាជ្ញាធរ គឺ​ដើម្បី​ផ្តល់​ជូន​សាធារណជន ឬ​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​ឲ្យ​បាន​ទូលំទូលាយ និង​មាន​ភាព​រីក​រាយ។ ជាង​នេះ​ទៀត ក៏​ដើម្បី​ឆ្លើយ​តប​នឹង​សារាចរ​លេខ​០១ ឆ្នាំ​២០១២ របស់​រាជ​រដ្ឋាភិបាល ដែល​ហាម​មិន​ឲ្យ​មាន​សំណង់​រឹងមាំ​ផ្សេងៗ​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ ឬ​ត្រូវ​ឃ្លាត​ពី​ឆ្នេរ​សមុទ្រ​យ៉ាង​តិច​ចំនួន ៣០​ម៉ែត្រ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់​រឹងមាំ​អ្វី​នោះ​ទេ»

ឆ្លើយ​តប​ចម្ងល់​របស់​ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ លោក យន្ត មីន បរិយាយ​ថា ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ របស់​រាជ​រដ្ឋាភិបាល គឺ​អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​ឲ្យ​បាន​ស្មើ​ភាព​គ្នា ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ ទាំង​ឈ្មួញ និង​មន្ត្រី​មាន​អំណាច ដែល​ប្រកប​អាជីវកម្ម ឬ​មាន​សំណង់​រឹងមាំ​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​នា​ថ្ងៃ​ខាង​មុខ។

ត្រង់​ចំណុច​នេះ អភិបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា បើ​អាច​អនុវត្ត​ទៅ​បាន អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ នឹង​ចុះ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ដែល​គេ​បិទ​របង​ថ្ម ឬ​របង​ដែក​ទុក​ចោល និង​គ្មាន​ការ​អភិវឌ្ឍ ដាក់​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អាច​ដើរ​ឆ្លង​កាត់​ផ្លូវ​តាម​ប្រប​ឆ្នេរ​សមុទ្រ ចាប់​ពី​ឆ្នេរ​ឯករាជ្យ រហូត​ដល់​ឆ្នេរ​អូរត្រេះ ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​មេសា ខាង​មុខ៖ «រដ្ឋាភិបាល ឬ​អាជ្ញាធរ បាន​ខិតខំ​ការពារ និង​រៀបរយ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ដែល​បាន​ជាប់​ជា​ឆ្នេរ​សម្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក​ជា​បន្តបន្ទាប់។ ដូច្នេះ ដើម្បី​ឆ្លើយ​តប​ថា ឆ្នេរ​សមុទ្រ​កម្ពុជា គឺ​ជា​ឆ្នេរ​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​តែ​រៀបចំ​កែលំអ​សោភ័ណភាព​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ មាន​លក្ខណៈ​ពិភពលោក»

ទោះ​យ៉ាង​ណា ក្រុម​អាជីវករ​មួយ​ចំនួន​នៅ​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរ​ឈើទាល នៅ​តែ​ទទូច​ស្នើ​ដល់ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្នើសុំ​អភិវឌ្ឍ​ទីតាំង​លក់​ដូរ​របស់​ពួក​គេ​នៅ​ជាប់​មាត់​សមុទ្រ​ដដែល ដោយ​គ្មាន​ការ​រុះរើ​ទីតាំង​លក់​ដូរ​នោះ​ទេ។ ជាង​នេះ ក្រុម​អាជីវករ​ទាំង​នោះ​ក៏​មាន​គម្រោង​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​នៅ​អំឡុង​ពេល​ប្រមុខ​ដឹក​នាំ អញ្ជើញ​មក​បើក​សម្ពោធ​អគារ​ថ្មី​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កុម្ភៈ នេះ។

ឆ្នេរ​ឯករាជ្យ ព្រះសីហនុ ២០១៦ ៨៥៥
ឆ្នេរ​ឯករាជ្យ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អភិវឌ្ឍ​ឡើង​វិញ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ RFA/Den Ayuthyea

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ បាន​សាទរ​ចំពោះ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រាជ​រដ្ឋាភិបាល និង​សកម្មភាព​វាយ​កម្ទេច​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ និង​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ខ្លះ​ទៀត​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​ជូន​សាធារណជន​អាច​ប្រើប្រាស់​បាន​ទូលំទូលាយ​នៅ​ពេល​នេះ៖ «ថ្មីៗ​នេះ​យើង​សង្កេត​ឃើញ​ថា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​គេ​រៀបចំ​សម្អាត​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ឲ្យ​មាន​សោភ័ណភាព​បាន​ទូលំទូលាយ និង​ពង្រីក​ផ្លូវ​នៅ​ជុំវិញ​ឆ្នេរ​នេះ​បាន​ល្អ និង​ធំ​ទូលាយ សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​ទៅ​កម្សាន្ត ឬ​ប្រើប្រាស់​ឡើង​វិញ បន្ទាប់​ពី​ឆ្នេរ​នេះ​ត្រូវ​គេ​បិទ​របង​ហ៊ុមព័ទ្ធ​ទុក​ចោល​ជាង ១០​ឆ្នាំ។ ខ្ញុំ​សង្ឃឹម​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ នឹង​មាន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​មក​ពី​គ្រប់​ទិសទី ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ច្រើន និង​មាន​ភាព​សប្បាយ​រីករាយ ព្រម​ទាំង​ចូលរួម​អបអរ ឬ​ត្រេកអរ​ជាមួយ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្នុង​ការ​អភិវឌ្ឍ​ឆ្នេរ​មាន​សោភ័ណភាព​ល្អ និង​បាន​ទូលំទូលាយ​ជាង​ពេល​មុន»

បន្ថែម​លើ​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​ត្រូវ​បន្ត​ចុះ​អនុវត្ត​បើក ឬ​វាយ​កម្ទេច​របង​ថ្ម ឬ​ដែក ដែល​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច បន្ត​ហ៊ុមព័ទ្ធ​របង​ទុក​ចោល ឬ​សង់​សំណង់​រឹងមាំ​សម្រាប់​ប្រកប​អាជីវកម្ម​របស់​ពួក​គេ​នៅ​ជាប់​មាត់​សមុទ្រ ដែល​កន្លង​មក​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​ចាប់​ពី​ឆ្នេរ​សមុទ្រ​មាន​ទីតាំង​នៅ​ទល់​មុខ​សាលា​ខេត្ត​ព្រះសីហនុ រហូត​ដល់​ឆ្នេរ​អូរត្រេះ ដូច​អាជ្ញាធរ​បាន​វាយ​កម្ទេច​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ​ដូច​គ្នា​ដែរ៖ «ចំណុច​មួយ​ទៀត​ខ្ញុំ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល លោក​ពិចារណា​ដែរ គឺ​ទាក់ទង​ឆ្នេរ​មួយ​ចំនួន​ទៀត​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ ហើយ​ត្រូវ​គេ​បិទ​របង​ទុក​ចោល និង​សង់​សំណង់​រឹងមាំ ព្រម​ទាំង​បិទ​របង​ហាម​មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​នៅ​តាម​ឆ្នេរ​នានា គឺ​សំណូមពរ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋាភិបាល ត្រូវ​ជួយ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​នៅ​តាម​ឆ្នេរ​ទាំង​នោះ ឲ្យ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ ឬ​សំណង់​រឹងមាំ​ដែល​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទាំង​នោះ ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ដើរ​ឆ្លង​កាត់ ឬ​ចូល​ទៅ​កម្សាន្ត​ដោយ​គ្មាន​ការ​ហាម​ឃាត់»

ចំណែក អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ ដែល​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​នេះ បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ឬ​អ្នក​ជាប់​ពាក់ព័ន្ធ មិន​ត្រូវ​ជំរិត​ទារ​លុយ​ពី​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ ដែល​ចូល​ទៅ​អង្គុយ​កម្សាន្ត​នៅ​តាម​ឆ្នេរ​ទាំង​នោះ​ទៀត​ទេ។ ជាង​នេះ អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​ចុះ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ​ឲ្យ​មាន​តម្លាភាព និង​មាន​ភាព​ស្មើ​គ្នា​រវាង​ប្រជាពលរដ្ឋ​សាមញ្ញ ឈ្មួញ និង​មន្ត្រី​មាន​អំណាច។ អ្នកស្រី​ក៏​ទទូច​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​អភិវឌ្ឍ​ឆ្នេរ​ទាំងអស់​មាន​ទីតាំង​នៅ​ទល់​មុខ​សាលា​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​ម្លប់​ជ្រៃ ឆ្នេរ​ប៉ោកី ឆ្នេរ​ជ័យជម្នះ ឆ្នេរ​លំហែ​កាយ និង​ឆ្នេរ​ហាវ៉ៃ ជាដើម ក៏​ត្រូវ​រុះរើ​សំណង់​រឹងមាំ​ដែល​សង់​នៅ​ជាប់​មាត់​សមុទ្រ ធ្វើ​យ៉ាង​ណា​ឲ្យ​ឃ្លាត​ពី​ឆ្នេរ​ចំនួន ៥០​ម៉ែត្រ និង​បើក​របង​ដែក ឬ​ថ្ម​ដែល​ហ៊ុមព័ទ្ធ​ឆ្នេរ​ទុក​ចោល​ឲ្យ​បាន​ឆាប់ បន្ទាប់​ពី​អាជ្ញាធរ​កម្ទេច​របង​ឆ្នេរ​ឯករាជ្យ៖ «សូម​កុំ​ឲ្យ​មាន​អ្នក​លក់​កន្លែង​អង្គុយ​លេង​នៅ​លើ​ដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​នៅ​តាម​ឆ្នេរ​នានា ព្រោះ​កន្លង​មក​ឃើញ​មាន​អ្នក​ដើរ​យក​លុយ​ពី​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ក្រាល​កន្ទេល​អង្គុយ​លេង​នៅ​តាម​ឆ្នេរ ក្នុង​ពិធី​មាន​បុណ្យ​ទាន​ធំៗ​ក្នុង​តម្លៃ​ខ្ពស់​ចាប់​ពី ២០​ដុល្លារ​រហូត​ដល់ ៥០​ដុល្លារ​អាមេរិក​ជាដើម។ ដូច្នេះ ដី​នៅ​តាម​ឆ្នេរ​សមុទ្រ​នានា គឺ​ជា​ដី ឬ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ហើយ​ពលរដ្ឋ​អាច​ចេញ​ចូល​មក​កម្សាន្ត​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​នោះ​ទេ»

តាម​ការ​សង្កេត​ចាប់​ពី​ដើម​ឆ្នាំ​២០១៦ មក ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ដល់​ទឹក​ដី​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​អារម្មណ៍​រីក​រាយ​នៅ​គ្រា​ពួក​គេ​សង្កេត​ឃើញ​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល បាន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ខ្លះ​ដាក់​ជូន​ពួក​គេ​អាច​ដើរ​ឆ្លង​កាត់ និង​ចូល​ទៅ​កម្សាន្ត។

ទន្ទឹម​គ្នា​នេះ ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា និង​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ត្រូវ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ដែល​ក្រុមហ៊ុន និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន ឃុបឃិត​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​បិទ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ ហើយ​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​ទុក​ជូន​សាធារណជន​ចូល​កម្សាន្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង​សរុប ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង​៤ នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។