ហេតុអ្វី​ប្រជាពលរដ្ឋ​​ត្រូវមាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ?

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការកែសម្រួល​ក្នុង​ការយក​ពន្ធលើប្រាក់បៀវត្ស​រ៍ សម្រាប់​ឆ្នាំ២០១៥ ដែល​នេះ​គឺជា​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សារពើពន្ធ​ដែល ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ឆ្នាំ ១៩៩៧ មក​នោះ។ ក្រោយ​ពេលដែល​បទ​ប្បញ្ញត្តិ​ថ្មី​នេះ ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​មក​នោះ ពលរដ្ឋ​ជាច្រើន​បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍ និង​បាន​ចោទ​ជា​សំណួរ​ឡើង​ថា តើ​ពួកគេ​នឹង​ទទួលបាន​ផល​អ្វី​មកវិញ ប្រសិនបើ​ពួកគេ​បង់ពន្ធ​ជូន​រដ្ឋ​នោះ?

ដូច្នេះ ដើម្បី​ស្វែងយល់ថា តើ​ហេតុអ្វី​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​នោះ? លោក បាន សំរេច អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មានថ្មីៗ បាន​ជួប​សម្ភាសន៍​ជាមួយ លោក ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ ដែលមាន​ជំនាញ​ផ្នែក គណនេយ្យ សវនកម្ម និង​ពន្ធដារ ព្រមទាំង​ជា​អតីតមន្ត្រី​ពន្ធដារ​ផងដែរ​នោះ បាន​ពន្យល់​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​បង់ពន្ធ​ដូចតទៅ៖

លោក បាន សំរេច ៖ តើ​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសមួយ ចាំបាច់​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ?

លោក ហេង វ៉ាន់ដា៖ សេដ្ឋកិច្ច​ទីផ្សារសេរី គឺជា​សេដ្ឋកិច្ច​ឯកជន​ភាវ​នីយកម្ម ដែល​រដ្ឋ​មិនអាច​រកស៊ី​ដោយ​ខ្លួនឯងបាន ដូច​សេដ្ឋកិច្ច​សង្គមនិយម​បែប​កាល់​ម៉ាក្ស-លេនីន នោះឡើយ។ ហេតុនេះ រាល់​ការរកស៊ី​ប្រកប​អាជីវកម្ម​ទាំងអស់ គឺ​រដ្ឋ​ត្រូវប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ហើយ​រដ្ឋ​ជា​អ្នក​ដកហូត​ពន្ធ​ពី​សកម្មភាព​អាជីវកម្ម​ទាំងនោះ​វិញ។ នេះ​គឺជា​កាតព្វកិច្ច​ដែល​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង់​ជូន​រដ្ឋ​ដែល​មិនអាច​ជៀស​ស​ផុត​ឡើយ។

លោក បាន សំរេច ៖ កន្លងមក​មានការ​ជជែក​គ្នាច្រើន​ពី​បញ្ហា​ដែលថា តើ​រដ្ឋ​យកប្រាក់​ពន្ធ​ទៅធ្វើ​អ្វីខ្លះ? តើ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​អ្វី​មកវិញ​ដែរឬទេ នៅពេលដែល​ពួកគាត់​បង់ពន្ធ​ជូន​រដ្ឋ​នោះ?

លោក ហេង វ៉ាន់ដា៖ រដ្ឋ​ជា​អ្នកធ្វើ​សេវាកម្ម​បម្រើ​ជូន​ប្រជាពលរដ្ឋ​ដូចជា ប៉ូលីស​ការពារ​សន្តិសុខ ទា​ហ៊ាន​សន្តិសុខ​ជាតិ និង​ការពារ​ព្រំដែន គ្រូបង្រៀន​បម្រើសេវា​អប់រំ មន្ទីរពេទ្យ​បម្រើសេវា​សុខភាព ផ្លូវ-ស្ពាន​បម្រើ​ផ្នែក​គមនាគមន៍ …. ជាដើម។ ដូច្នេះ​ប្រាក់​ពន្ធ​ដែល​ប្រជាពលរដ្ឋ​បង់​ជូន​រដ្ឋ គឺ​ប្រាក់​ពន្ធ​ទាំងនោះ នឹងត្រូវ​យកទៅ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​ប្រយោល​ដូច​អ្វីដែល​ខ្ញុំ​បាន​រៀបរាប់ត្រួសៗខាងលើនេះ។ ខ្ញុំ​ចង់​បញ្ជាក់ថា គ្មាន​ប្រាក់​ពន្ធ​ក្នុងប្រទេស​ណាមួយ​នៅលើ​ពិភពលោក​នេះ សង​ត្រឡប់​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​នោះឡើយ។

ប្រជាពលរដ្ឋ​មួយចំនួនធំ​នៅតែមាន​ចម្ងល់​ថា ហេតុអ្វី​នៅ​ប្រទេស​គេ ប្រជាពលរដ្ឋ​បង់ពន្ធ​ជូន​រដ្ឋ​រួចហើយ​ដល់ពេល​ពួកគេ ចាស់ ឈឺ ឬ គ្មាន​ការងារ​ធ្វើ រដ្ឋ​តែងតែ​ជួយ​ត្រឡប់មកវិញ។ តាមពិត នេះ​គឺជា​ការយល់ច្រឡំ​គ្នា រវាង ប្រាក់​ពន្ធ និង ប្រាក់​ធានារ៉ាប់រង ឬ ប្រាក់​បេឡា​សង្គម​ហើយ។ ប្រាក់​ធានារ៉ាប់រង ឬ ប្រាក់​បេឡា​សង្គម គឺ​ត្រូវបាន​បេឡា​សង្គម ឬ ខាង​ក្រុមហ៊ុន​ធានារ៉ាប់រង​ដកហូត​ប្រាក់​ពី​ពលរដ្ឋ​ដូចគ្នា តែ​វា​មិនមែនជា​ប្រាក់​ពន្ធ​នោះឡើយ។ ប្រាក់​ធានារ៉ាប់រង ឬ ប្រាក់​បេឡា​សង្គម ប្រាកដ​ណាស់ ពិតជា​សង​ត្រឡប់មកវិញ​ដោយផ្ទាល់។ ប៉ុន្តែ​ប្រាក់​ពន្ធ​មិន​សង​ត្រឡប់មកវិញ​ដោយផ្ទាល់​នោះទេ។

លោក បាន សំរេច ៖ ក្នុង​បរិបទ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន តើ​ការយកពន្ធ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព និង សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែរឬទេ?

លោក ហេង វ៉ាន់ដា៖ តាមពិត​ការយកពន្ធ ពិតជា​ប៉ះពាល់​ខ្លះ​ចៀស​មិន​រួច​នោះទេ។ ប៉ះពាល់​ដល់​ទាំង​ជីវភាព និង សតិអារម្មណ៍​ដល់​ប្រជាពលរដ្ឋ។ ហេតុនេះហើយ​រដ្ឋ​នានា នៅក្នុង​លោក តែងតែ​ព្យាយាម​ពន្យល់​ដល់​ប្រជាពលរដ្ឋ​គេ​ឲ្យ​យល់​ពី​កាតព្វកិច្ច​បង់ពន្ធ​នេះ។ ហេតុនេះ មុខវិជ្ជា​ពន្ធដារ ត្រូវបាន​គេ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា តាំងពី​ថ្នាក់​កុមារដ្ឋាន​មកម្ល៉េះ។ នៅទីណា​ក៏​រៀន​ពី​ពន្ធ នៅទីណា​ក៏​និយាយ​ពី​ពន្ធ ម្លោះ​ហើយ ពន្ធ គឺជា​រឿង​ធម្មតា​ទៅហើយ។

លោក បាន សំរេច ៖ កន្លងមក​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន មិនបាន​យល់ដឹង​ពី​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ។ ដូច្នេះ​តើ​រដ្ឋ​គួរ​មាន​យុទ្ធសាស្ត្រ​បែបណា ដើម្បី​បញ្ជាក់ថា រាល់​ការចំណាយ​ប្រាក់​ដែល​បានមកពី​ការប្រមូល​ពន្ធ​នោះ មាន​តម្លាភាព?

លោក ហេង វ៉ាន់ដា៖ ដើម្បី​បញ្ជាក់ថា​ការបង់ប្រាក់​ពន្ធ ពិតជា​បាន​បង់​ចូល​ថវិកាជាតិ​មែន​នោះ ប្រជាពលរដ្ឋ​ត្រូវ​ពិត​មើលថា តើ​ការចេញ​បង្កាន់ដៃ​ទទួល​ប្រាក់​ពិតជា​បាន​ពី​ការសរសេរ​របស់ ពន្ធដារ​នៅមុខ​របស់​យើង​មែន​ឬទេ? បើ​មន្ត្រី​ពន្ធ​ពិតជា​បាន​សរសេរ​មែន ប្រាក់​នោះ​ពិតជា​ចូល​ថវិកាជាតិ​ហើយ។ នេះ​គឺ​សម្រាប់​ប្រាក់​ពន្ធ​តាម​របប​ម៉ៅការ ឬ ពន្ធ​តាមផ្លូវ។ ចំពោះ​ការប្រមូល​ពន្ធ​តាម​របប​ពិត ឬ ស្វ័យ​ប្រកាស​វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ តម្រូវ​ឲ្យ​ពាណិជ្ជករធំៗដែលជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម ត្រូវយក​ប្រាក់​ទៅ​បង់​ចូល​ធនាគារ​ជាមុនសិន​រួច​ទើប​យក​លិខិត​បង់ប្រាក់​នោះ​ទៅជូន​រដ្ឋបាល​ពន្ធដារ​ត្រួតពិនិត្យ​តាម​ក្រោយ។ នេះ​ក៏​ជា​ប្រព័ន្ធ​មួយ​ដែល​បញ្ជាក់​ពី​ការបង់​សាច់ប្រាក់​ចូល​ថវិកាជាតិ​មួយ​ផងដែរ។

ជាក់ស្ដែង ខ្ញុំ​បានឃើញ​ប្រទេស​សាំង​ហ្គា​ពួរ នៅ​មន្ទីរពេទ្យ​ឯកជន គេ​ដកហូត GST ( នៅ​កម្ពុជា VAT) ៧ ភាគរយ​ពី​ខ្ញុំ គ្រប់​ថ្នាំពេទ្យ​ដែល​ខ្ញុំ​បាន​ទិញ​ប្រហែលជា​ម៉ោង ១០ ព្រឹក។ ពេល​ខ្ញុំ​ត្រឡប់មកវិញ នៅ​ចំណត​យន្តហោះ​ប្រហែល​ម៉ោង ២ រសៀល​ក្នុង​ថ្ងៃ​តែមួយ ខ្ញុំ​បាន​បំពេញ​លិខិត​ទារ​ត្រឡប់មកវិញ (Claim)ពី​អង្គភាព​ពន្ធដារ​នៅ​ព្រលានយន្តហោះ។ គេ​បើកប្រាក់​មក​ឲ្យ​ខ្ញុំ​វិញ។ នេះ​ជា​ប្រព័ន្ធ​ដក​ចុះ-ឡើង​មួយ​ដ៏​ល្អ។ ប្រព័ន្ធ​នេះ​ថ្វីត្បិតតែ​អស់ថ្លៃ​ដើម (Cost) ខ្ពស់​បន្តិច​នៅពេល​គេ​ដំឡើង​វា តែ​វា​ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​គ្នា​ទៅវិញ-មក (Cross-Checking) មួយ​ដ៏​ល្អ​ណាស់ ដែល​បញ្ជាក់​ពី​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង​ប្រកបដោយ​តម្លាភាព​នៃ​ការបង់ប្រាក់​ពន្ធ។ ប្រព័ន្ធ​នេះ​ធ្វើ​ឲ្យ​អ្នក​ដកហូត​ពន្ធ​ញញើត​និង​ធ្វើ​ការកេងបន្លំ​ប្រាក់​ពន្ធ​ណាស់។ ប្រព័ន្ធ​នេះ​ក៏​ជួយ​ឲ្យ​អ្នក​បង់ប្រាក់​មាន​ជំនឿ​ទុកចិត្ត​លើ​ការបង់ប្រាក់​ពន្ធ​របស់​គេ​ថា ពិតជា​បាន​បង់​ចូល​រដ្ឋ​ពិតមែន។ នេះ​ជា​តម្លាភាព​នៃ​ការបង់ប្រាក់​ពន្ធ៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​