ពលរដ្ឋ​ខេត្ត​កោះកុង​អះអាង​ថា​ទឹក​ដែល​ពួក​គេ​ប្រើប្រាស់​មាន​ពណ៌​ក្រមៅ​និង​ក្លិន​ស្អុយ

ពលរដ្ឋ​នៅ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ជួប​បញ្ហា​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ជាង​នេះ​ទៅ​ទៀត ទឹក​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ខេត្ត​មាន​ពណ៌​ក្រមៅ និង​មាន​ក្លិន​ស្អុយ។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​បញ្ហា​នេះ​កើត​ឡើង ព្រោះ​គ្មាន​ការ​យកចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក

ពលរដ្ឋ​លើក​ឡើង​ថា ជាង​មួយ​សប្ដាហ៍​ហើយ នៅ​ខេត្ត​កោះកុង គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ។ ពួក​គេ​ត្រូវ​ចំណាយ​លុយ​ទិញ​ទឹក​បរិសុទ្ធ​ធុង​ធំ មក​ប្រើ​ជំនួស​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់។

ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង លោកស្រី ស៊ី សុគន្ធា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា មុន​ដំបូង​ទឹក​ចេញ​ពី​ក្បាល​រ៉ូប៊ីនេ​នៅ​ផ្ទះ​របស់​លោកស្រី​កករ​ល្អក់ និង​មាន​ក្លិន​ស្អុយ ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ មិន​អាច​បើក​ទឹក​ប្រើ​តែ​ម្តង។ លោកស្រី​បន្ត​ថា ពេល​នេះ​នៅ​ក្នុង​គ្រួសារ​របស់​លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត គ្មាន​ទឹក​ងូត ឬ​ទឹក​ប្រើប្រាស់​ប្រចាំ​នោះ​ទេ៖ «ពិបាក​ត្រង់​ថា អត់​មាន​ទឹក​ងូត​ទឹក​ប្រើ ពិបាក​មែន​ទែន​ព្រោះ​ថា នៅ​ម្តុំ​នេះ​ផ្ទះ​ល្វែង​ចឹង អត់​មាន​អណ្ដូង​ប្រើ»

ករណី​បំពង់​ទឹក​ស្អាត​ចេញ​ទឹក​កខ្វក់​នេះ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឈ្មោះ អ្នក​កោះកុង បង្ហោះ​រូបភាព​ទឹក​បង្ហូរ​ចេញ​ពី​ទុយោ​ទឹក​ស្អាត​មាន​ពណ៌​ក្រមៅ។

តាម​ការ​បញ្ជាក់​ពី លោកស្រី ស៊ី សុគន្ធា ថា នៅ​ខេត្ត​កោះកុង តែង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​រដូវ​ប្រាំង ជាពិសេស​ក្នុង​អំឡុង​ខែ​មេសា។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្ត​កោះកុង ជា​ក្រុមហ៊ុន​របស់ លោក ផាត់ ប៊ុនហួរ ក្មួយ​របស់​ឧកញ៉ា លី យ៉ុងផាត់។ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយសារ​កំណើន​ពលរដ្ឋ និង​អាជីវកម្ម​នៅ​ខេត្ត ហើយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​មិន​គ្រប់​តម្រូវ​ការ។ លោក​អះអាង​ថា បញ្ហា​នេះ អាច​មក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក មិន​បាន​ពង្រីក​អាង​ស្តុក​ទឹក និង​ត​បណ្ដាញ​ផ្លូវ​ទឹក​ថែមលោក​បន្ត​ថា បញ្ហា​កង្វះ​ទឹក​ស្អាត​នៅ​ខេត្ត​កោះកុង នេះ កើត​ឡើង​នៅ​ក្នុង​តំបន់​មួយចំនួន​ធំ​ក្នុង​ខេត្ត​កោះកុងលោក​ថា ពលរដ្ឋ​ដែល​ជួប​ប្រទះ​បញ្ហា​នេះ​ខ្លាំង គឺ​ពលរដ្ឋ​ក្រីក្រ ព្រោះ​ពួក​គេ​គ្មាន​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា៖ «អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​ស្ទុះស្ទា ហើយ​ត្រូវ​យក​រាល់​កង្វល់ និង​សំណូមពរ​របស់​ប្រជាជន​ទៅ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត លោក អ៊ូច ទូច បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

ស្ថិតិ​ឆ្នាំ​២០០៨ ខេត្ត​កោះកុង មាន​ពលរដ្ឋ​ជិត ១​សែន ៤​ម៉ឺន​នាក់ (១៣៩.៧២២​នាក់)។ ខេត្ត​នេះ​មាន​ចំនួន ៧​ស្រុក និង​ក្រុង។

ពលរដ្ឋ​ខេត្ត​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​បញ្ហា​រឿង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ជូន​ពួក​គាត់​ប្រើប្រាស់​ឲ្យ​បាន​ពេញលេញ​ទាំង​នៅ​រដូវ​ប្រាំង និង​រដូវ​វស្សា ព្រោះ​ថា បញ្ហា​ខ្វះ​ទឹក​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ គឺ​ពួក​គាត់​ខ្វះ​ទឹក​ប្រើប្រាស់​ជាច្រើន​ខែ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។