លោក កឹម សុខា អំពាវនាវ​ជា​ថ្មី​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ឲ្យ​តម្លៃ​ជាតិ​ជា​ធំ​និង​រួបរួម​គ្នា​កសាង​ជាតិ

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​វេទិកា​សកម្មជន​មូលដ្ឋាន ដើម្បី​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន ចលនា​ស្ត្រី និង​ចលនា​ខ្មែរ-ឥស្លាម ខេត្ត​កំពត នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កុម្ភៈ។ លោក កឹម សុខា បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ​ប្រទេស​តាម​រយៈ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ដោយ​អហិង្សា។ វេទិកា​នេះ ប្រព្រឹត្ត​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ភូមិ​ព្រេច ឃុំ​បឹងនិមល ស្រុក​ឈូក ខេត្ត​កំពត។

លោក កឹម សុខា មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង បាន​អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ទាំងអស់ ឲ្យ​តម្លៃ​ជាតិ​ជា​ធំ ហើយ​ងាក​មក​រួបរួម​គ្នា​ដើម្បី​កសាង​ប្រទេស​ជាតិ។

ថ្លែង​នៅ​ក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន​នៅ​ខេត្ត​កំពត លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ មាន​ប្រសាសន៍​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត លោក​ថា​គណបក្ស​នេះ​នឹង​រៀបចំ​ប្រទេស​ឲ្យ​ល្អ រៀបចំ​ឲ្យ​ប្រទេស​មួយ​មាន​ការ​គោរព​ច្បាប់​ទម្លាប់​ត្រឹមត្រូវ គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​មិន​ឲ្យ​មាន​រឿង​អយុត្តិធម៌​ក្នុង​សង្គម​ឡើយ។

លោក កឹម សុខា៖ «យើង​ត្រូវ​រៀបចំ​ជា​យន្តការ​ប្រទេស​ជាតិ​មួយ ក្នុង​ការ​គ្រប់គ្រង​ប្រកប​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ប្រទេស​កម្ពុជា យើង​បង​ប្អូន​អើយ! ធ្លាប់​ល្បីល្បាញ​ណាស់ មិន​គួរ​ឡើយ​មក​ដល់​សព្វថ្ងៃ​នេះ គេ​ចេញ​របាយការណ៍​ជា​ប្រទេស​ដែល​ប្រើ​អំពើ​ហិង្សា។ ខ្ញុំ​ឮ​សូរ​គេ​ដៀល គេ​ថា​បែប​នេះ​ខ្ញុំ​ឈឺ​ចាប់​ណាស់។ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​យើង​ទាំងអស់​គ្នា ងាក​មក​ចាប់​ដៃ​គ្នា ទោះ​បី​នៅ​បក្ស​ផ្សេង​គ្នា​ក៏ដោយ មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា​ក៏ដោយ រួម​គ្នា​លើក​កិត្យានុភាព​លើក​កិត្តិយស​ជាតិ​ខ្មែរ​យើង​ឡើង​វិញ​ឲ្យ​បាន​ជា​ដាច់​ខាត»

ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​របស់ លោក កឹម សុខា នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា កម្ពុជា ពុំ​មាន​ការ​បែក​បាក់​ជាតិ​ដែល​តម្រូវ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​អ្វី​ទៀត​នោះ​ទេ ព្រោះ​កម្ពុជា បាន​ឆ្លង​ផុត​ដំណាក់​កាល​ដ៏​ជូរ​ចត់​រួច​ហើយ។ លោក​ថា ការ​លើក​ឡើង​របស់ លោក កឹម សុខា គឺ​ជា​ល្បែង​នយោបាយ​ដែល​មិន​ទទួល​ស្គាល់​ថា កម្ពុជា កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​នោះ​ទេ «យើង​មាន​ទស្សនៈ​ខុស​គ្នា​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស វា​មិន​អាក្រក់​ទេ ប៉ុន្តែ​វា​អាក្រក់​នៅ​ត្រង់​ថា អ្នក​ធ្វើ​នយោបាយ​មិន​ឈរ​ទៅ​លើ​តថភាព​សង្គម គឺ​អ្វី​ដែល លោក កឹម សុខា លោក សម រង្ស៊ី ធ្វើ​នយោបាយ​ប្រៀប​ដូចជា​ការ​ធ្វើ​នយោបាយ​កាល​នៅ​ទសវត្សរ៍​ទី​៩០។ អ្វីៗ​ដែល លោក កឹម សុខា និយាយ​ដដែលៗ គ្មាន​បាន​ការ​អ្វី​ទាល់​តែ​សោះ ហើយ​ជា​ទស្សនៈ​នយោបាយ​ដែល​គ្មាន​ការ​ប្រែប្រួល​ដូច​កាល​នៅ​ឆ្នាំ​១៩៩៣។ តែ​ឥឡូវ កម្ពុជា វិវឌ្ឍន៍​ច្រើន​ណាស់​ពី​១៩៩៣ មក​ឆ្នាំ​២០១៦ រហូត​ដល់​ប្រទេស​មួយ​ដែល​មាន​មោទនភាព និង​កិត្យានុភាព។ យើង​មិន​យក​ទស្សនៈ​ដែល​ឆ្លៀត​ឆ្ងាយ​ពី​តថភាព​សង្គម​មក​ពិចារណា​ទេ ហើយ​សមត្ថភាព​របស់​គណបក្ស​ប្រឆាំង គឺ​ជា​រឿង​របស់​ពួក​គាត់»

ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី សន្ទស្សន៍​ប្រជាធិបតេយ្យ​នៃ​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច ដែល​ហៅ​កាត់​ថា ឌឺ អេខូនូមីស អ៊ីនថែលលឺជិន យូនីត (The Economist Intelligence Unit) បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មករា ថា ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១១៣ ក្នុង​ចំណោម ១៦៧​ប្រទេស នៅ​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ក្រុម​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ក្រុម​ប្រទេស​របប​កូន​កាត់​ប្រជាធិបតេយ្យ​ពាក់​កណ្ដាល ផ្ដាច់​ការ​ពាក់​កណ្ដាល ហើយ​ថា​កម្ពុជា ហៀប​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រទេស​របប​ផ្តាច់​ការ។ សន្ទស្សន៍​ប្រជាធិបតេយ្យ​នេះ មាន​សូចនាករ​ចំនួន​៥ ដើម្បី​ដាក់​ពិន្ទុ​កំណត់​កម្រិត​ប្រជាធិបតេយ្យ​របស់​ប្រទេស ដែល​រួម​មាន ប្រព័ន្ធ​បោះ​ឆ្នោត និង​ពហុបក្ស សេរី​ភាព​សង្គម​ស៊ីវិល ការ​បំពេញ​តួនាទី​របស់​រដ្ឋាភិបាល ការ​ចូលរួម​ផ្នែក​នយោបាយ និង​វប្បធម៌​នយោបាយ។

ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច​នេះ បាន​ពន្យល់​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់​ចុះ គឺ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដែល​បាន​ស្ដែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ហើយ​ជា​ប្រទេស​ដែល​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ ជា​រឿយៗ រដ្ឋាភិបាល​តែង​ដាក់​សម្ពាធ​លើ​ក្រុម​បក្ស​ប្រឆាំង ក្នុង​នោះ​រួម​មាន ខ្វះ​ការ​អនុវត្ត​ពេញ​លេញ​វប្បធម៌​សន្ទនា ការ​បំពេញ​តួនាទី​របស់​រដ្ឋាភិបាល និង​ការ​ចូលរួម​ផ្នែក​នយោបាយ ហើយ​អំពើ​ពុក​រលួយ​មាន​សភាព​ធ្ងន់ធ្ងរ។

ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ប្រទេស​កម្ពុជា មិន​មាន​ការ​បែក​បាក់​មេ​ដឹក​នាំ​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​នយោបាយ​ពិត​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​នៅ​បក្ស​ផ្សេង​គ្នា មិន​ចុះ​សម្រុង​គ្នា​ឡើយ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណបក្ស​ទាំង​ពីរ​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​គោល​នោះ។

រីឯ លោក កឹម សុខា វិញ នៅ​គ្រា​ដែល លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន លោក​តែង​តែ​ផ្ញើ​សារ​នយោបាយ​អំពី​ការ​បង្រួប​បង្រួម​ជាតិ និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ប្រកប​ដោយ​យុត្តិធម៌​ត្រឹមត្រូវ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។