គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​សមាជិក​ជា​លើក​ដំបូង​នៅ​ខេត្ត​កំពង់ស្ពឺ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សម្រេច​ធ្វើ​សមាជ​ដែល​រៀបចំ​ឡើង​ពី​ថ្នាក់​ក្រោម​ជាតិ​មក​វិញ។ សមាជ​គណបក្ស​ដែល​ដំណើរ​ការ​ជា​លើក​ដំបូង ក្រោយ​ពី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​គណបក្ស​នយោបាយ​កាល​ពី​ឆ្នាំ​២០១៥ រួច​មក​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​អះអាង​ថា ជា​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ។

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ការ​ដាក់​ពី​របៀប​នៃ​ការ​អនុវត្ត​ដូចនេះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហាក់​ប្លែក​បន្តិច ហើយ​ក៏​ជា​មធ្យោបាយ​ប្រសើរ​ដែរ បើ​ប្រៀបធៀប​កម្មវិធី​នយោបាយ​របស់​បក្ស​ដទៃ​ដែល​ធ្លាប់​មាន។

មន្ត្រី​នៃ​គណៈកម្មការ​កណ្ដាល​បណ្ដោះ​អាសន្ន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឲ្យ​ដឹង​ថា នីតិវិធី​នៃ​ការ​ជ្រើស​រើស​តំណាង​ឲ្យ​ឃុំ-សង្កាត់ គឺ​ពុំ​មែន​ជា​អង្គការ​ចាត់​តាំង​ពី​ថ្នាក់​ជាតិ​ទេ ក៏ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោល​នយោបាយ​មួយ​ដែល​កំណត់​ក្នុង​កម្មវិធី​នយោបាយ គឺ​រាល់​សេចក្ដី​សម្រេច ត្រូវ​ធ្វើ​ពី​ថ្នាក់​ក្រោម​ជាតិ​ទៅ​វិញ ពោល​គឺ​ពី​ឃុំ សង្កាត់ ស្រុក ខណ្ឌ និង​ខេត្ត-ក្រុង។

ការ​ថ្លែង​ដូចនេះ​របស់ លោក មួង សុជាតិ ជា​សមាជិក​គណៈកម្មការ​កណ្ដាល​បណ្ដោះ​អាសន្ន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បន្ទាប់​ពី​បញ្ចប់​សមាជ នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ។ លោក មួង សុជាតិ បញ្ជាក់​ថា ការ​តែង​តាំង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ គឺ​ពុំ​មែន​ធ្វើ​ឡើង​ពី​ថ្នាក់​ជាតិ​មក​វិញ ពោល​គឺ​ត្រូវ​បោះ​ឆ្នោត​ពី​សមាជិក​ដែល​គាំទ្រ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ដើម្បី​រក​តំណាង​នៅ​ក្នុង​បក្ស​នេះ គឺ​មិន​ខុស​គ្នា​ពី​របៀប​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឡើយ។ លោក​បន្ត​ថា «ឥត​មាន​មេ​បញ្ជា​ទេ តែ​គេ​ស្ម័គ្រ​ចិត្ត។ តែ​បើ​ឥត​ស្ម័គ្រ​ចិត្ត ឈរ​ប៉ុន្មាន​គឺ​រៀបចំ​លេខ​រៀង​ទី​១ ទី​២ ដាក់​ឈ្មោះ​ទៅ ដូច​យើង​បោះ​ឆ្នោត​ឃុំ-សង្កាត់​អ៊ីចឹង មាន​គណៈកម្មការ មាន​សន្លឹក​ឆ្នោត​នៅ​ក្នុង​ហ្នឹង ហើយ​បោះ​ជា​សម្ងាត់។ បត់​សន្លឹក​ឆ្នោត​ដាក់​ក្នុង​ហិប មាន​អ្នក​រាប់​សន្លឹក​ឆ្នោត និង​មាន​ដាក់​ពិន្ទុ មិន​ខុស​អី​ពី​បោះ​ឆ្នោត​ឃុំ-សង្កាត់​ទេ»

សមាជ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​រៀបចំ​នៅ​ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ មាន​សមាជិក​ចូលរួម​ជាង ១៥០​នាក់​សម្រេច​ជា​ឯកច្ឆន្ទ។

លោក ដុំ ដន ត្រូវ​បាន​សមាជិក​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ឃុំ​មហាសាំង ដើម្បី​ត្រៀម​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

សមាជិក​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និយាយ​ថា មុន​នឹង​រើស​អ្នក​តំណាង​ខេត្ត ត្រូវ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ពី​សមាជិក​ឃុំ-សង្កាត់​ជា​មុន​សិន ហើយ​សមាជិក​ទាំង​នេះ នឹង​បោះ​ឆ្នោត​រើស​តំណាង​ខេត្ត​វិញ​ម្ដង។ ម្យ៉ាង​ទៀត ការ​ឈរ​ឈ្មោះ គឺ​អាស្រ័យ​លើ​ការ​ស្ម័គ្រ​ចិត្ត​របស់​សមាជិក។ លើស​ពី​នេះ ចំនួន​អ្នក​ឈរ​ឈ្មោះ​សម្រាប់​ឲ្យ​សមាជិក​បោះ​ឆ្នោត គឺ​អាស្រ័យ​លើ​អាសនៈ​នៅ​ក្នុង​ឃុំ-សង្កាត់​នីមួយៗ ហើយ​សមាជិក​ដែល​ជាប់​នៅ​ក្នុង​ឃុំ-សង្កាត់ គឺ​ស្មើ​នឹង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​លេខ​រៀង​ទី​១។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ចុះ​ក្នុង​បញ្ជី​ស្ដីពី​គណបក្ស​នយោបាយ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥។ តាម​គម្រោង​របស់​បក្ស​មូលដ្ឋាន​នេះ រំពឹង​ថា នឹង​មាន​សមាជិក​ជាង ១.៥០០​នាក់ ក្នុង​ចំណោម ១០០​ឃុំ-សង្កាត់ នឹង​ត្រូវ​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ខាង​មុខ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា កម្មវិធី​នយោបាយ​របស់​បក្ស​ថ្មី​នេះ​ហាក់​ប្លែក​បន្តិច ហើយ​បើ​អនុវត្ត​ដូច​អ្វី​ដែល​បាន​កំណត់​នេះ​មែន ប្រហែល​ជា​មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា មាន​កម្មវិធី​នយោបាយ​ជាច្រើន​ដែល​ដាក់​ចេញ​សម្រាប់​អនុវត្ត​នៅ​ថ្នាក់​ក្រោម​ជាតិ ក៏ប៉ុន្តែ​មើល​ទៅ​ហាក់​មាន​ភាព​យឺតយ៉ាវ ដែល​នៅ​ពុំ​ទាន់​ឃើញ​ឆ្លើយ​តប​ឲ្យ​ទាន់​តម្រូវ​ការ។ លោក​បន្ត​ថា «បើ​សិន​ណា​ជា​យើង​ធ្វើ​តាម​របៀប​គណបក្ស​មូលដ្ឋាន​ដោយ​កសាង​កម្លាំង​ពិត​ពី​ក្រោម​ទៅ គឺ​នេះ​មាន​ន័យ​ថា គណបក្ស​នោះ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ជួប ឬ​ក៏​ដឹង​ពី​កម្លាំង​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ។ អ៊ីចឹង​ទេ គឺ​មាន​ប្រសិទ្ធភាព​ជាង​ការ​ដែល​យើង​មាន​តែ​ទ្រឹស្ដី ហើយ​មិន​មាន​ការ​អនុវត្ត​ជាក់ស្ដែង»

អ្នក​វិភាគ​យល់​ឃើញ​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​នៅ​ក្នុង​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​សហស្សវត្ស ក្នុង​ន័យ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​ដ៏​តិច​ក្ដី អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅ​តែ​មាន​អត្រា​មួយ​ដ៏​ខ្ពស់​នៅ​ឡើយ។ ពលរដ្ឋ​ជាច្រើន​នៅ​បន្ត​ធ្វើ​ចំណាក​ស្រុក ដោយសារ​ពុំ​សូវ​មាន​ជំនាញ​បច្ចេកទេស និង​ខ្វះ​ការ​គាំពារ​ដោយ​រដ្ឋ ជាពិសេស​ដីធ្លី​ត្រូវ​បាន​ឈ្មួញ​រឹប​អូស និង​បណ្ដេញ​ចេញ​តាម​រយៈ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច ជាដើម។

ជុំវិញ​រឿង​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​បន្ត​ធ្វើ​សមាជ​នៅ​តាម​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​បន្តបន្ទាប់​ទៀត ដើម្បី​ជ្រើស​រើស​បេក្ខជន​ដែល​ល្អ​ជាង​គេ​នៅ​ក្នុង​ឃុំ​នីមួយៗ សម្រាប់​ត្រៀម​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។