គ្រូ​បង្រៀន​និង​សិស្ស​តវ៉ា​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ស្រាបៀ​លីអូ​ក្នុង​អនុវិទ្យាល័យ​គគីរ

គ្រូ​បង្រៀន និង​សិស្សានុសិស្ស​ដែល​កំពុង​បង្រៀន និង​រៀន​នៅ​អនុវិទ្យាល័យ​គគីរ ក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ជាង ៤០០​នាក់ នាំ​គ្នា​តវ៉ា​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ស្រាបៀ​លីអូ (LEO) នៅ​ក្នុង​បរិវេណ​សាលា។ ទោះ​ជា​មាន​ការ​តវ៉ា​យ៉ាង​នេះ​ក្ដី ក៏​កម្មវិធី​ប្រគំ​តន្ត្រី នៅ​តែ​បន្ត​ចូល​ដល់​ថ្ងៃ​ទី​ពីរ។

គ្រូ​បង្រៀន​ចំនួន ២៣​នាក់ និង​សិស្ស​ចំនួន ៤៤២​នាក់ នាំ​គ្នា​ផ្ដិត​មេដៃ​ប្រឆាំង​នឹង​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ស្រាបៀ​លីអូ (LEO) ដែល​ធ្វើ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​ជា​លើក​ទី​២ ចាប់​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា។

គ្រូ​បង្រៀន​មួយ​រូប​ក្នុង​ចំណោម​គ្រូ​បង្រៀន​ដែល​ផ្ដិត​មេដៃ​ចំនួន ២៣​រូប គឺ​លោក ឡាច វ៉េត ថ្លែង​ថា ពួក​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រគំ​តន្ត្រី​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​គគីរ បន្ត​ទៀត​ឡើយ ជាពិសេស​ការ​ផ្សព្វផ្សាយ​ស្រាបៀ​លីអូ​នោះ៖ «យក​គ្រឿង​ស្រវឹង​យក​អី​មក​ដាក់​សាលា​អ៊ីចឹង ដោយ​គេ​មិន​គិត​ពី​ផល​ប៉ះពាល់​ក្នុង​សាលា​រៀន ដល់​ពេល​ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍​រួម​ពេញ​ចិត្ត​អ៊ីចឹង​ហើយ ដូចជា​មិន​សូវ​ជា​ជួយ​លោក​គ្រូ​អ្នក​គ្រូ​សោះ ហើយ​អាជ្ញាធរ​ដែនដី​ហ្នឹង ខ្ញុំ​ចង់​និយាយ​ថា​ខុស​ឆ្គង​ធ្ងន់​ណាស់។ អត់​ត្រូវ​យក​គ្រឿង​ស្រវឹង​អី​អ៊ីចឹង​ទេ ដូច​ចំនៀរ​ខាង​ខ្ញុំ​គគីរ កាល​ដែល​យើង​ប្រគំ​លីអូ សា​មុន ក្មេងៗ​ចេញ​មក​ខ្លះ​មាន​គ្រោះថ្នាក់ ស្លាប់​អី​ក៏​មាន​ដែរ»

លោក​គ្រូ​អ្នក​គ្រូ​ទាំង​នេះ​បញ្ជាក់​ក្នុង​ញត្តិ​មួយ​ថា មូលហេតុ​នៃ​ការ​តវ៉ា គឺ​ព្រោះ​បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា របស់​ក្រុមហ៊ុន​ស្រាបៀ​លីអូ បាន​បន្សល់​ទុក​សំរាម​ជាច្រើន ដូចជា អំបែង​ដប​ស្រាបៀ និង​ក្លិន​ស្អុយ​ពី​សំណល់​ផ្សេងៗ។

លោក ឡាច វ៉េត បន្ត​ថា លោក​គ្រូ​អ្នក​គ្រូ និង​សិស្ស បាន​ដាក់​ស្នាម​មេ​ដៃ​សិស្ស​ជាង ៤០០​នាក់ (៤៤២​នាក់) ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា នាយក​រដ្ឋមន្ត្រី និង​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដើម្បី​ឲ្យ​លុប​ចោល​កម្មវិធី​ប្រគំ​តន្ត្រី​នោះ ប៉ុន្តែ​កម្មវិធី​នេះ​នៅ​តែ​អាច​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ។ លោក​ទទួល​បាន​ការ​ឆ្លើយ​តប​ថា ថ្នាក់​លើ​ជា​អ្នក​សម្រេច។

នាយក​អនុវិទ្យាល័យ​គគីរ លោក យឹម នីរ៉ា ឆ្លើយ​តប​ថា លោក​មិន​មែន​ជា​អ្នក​សម្រេច​ទេ គឺ​អាជ្ញាធរ​ដែន​ដី​ជា​អ្នក​សម្រេច ព្រោះ​កន្លែង​នោះ​ជា​ដី​ស្តាត ឬ​កីឡដ្ឋាន មិន​មែន​ជា​របស់​សាលា​ទេ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កណ្ដាល លោក អ៊ុង តុលា ក៏​បដិសេធ​ថា ខាង​លោក​មិន​ពាក់ព័ន្ធ​ដែរ គឺ​ខាង​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​អនុញ្ញាត។ លោក​បន្ថែម​ថា ខាង​ក្រសួង​ក៏​មិន​គាំទ្រ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​សាលា​ដែរ៖ «ជាទូទៅ​ក្រសួង​បាន​ណែនាំ ហើយ​មន្ទីរ​ក៏​បាន​ណែនាំ​ដែរ ប៉ុន្តែ​មាន​រឿង​ខ្លះ​ជា​រឿង​សហគមន៍ និង​អាជ្ញាធរ ដែល​គាត់​គិត​ថា​តម្រូវ​ឲ្យ​មាន​ការ​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ ហើយ​មិន​ប៉ះពាល់​ម៉ោង​សិក្សា​របស់​សិស្ស​អី គាត់​អាច​ធ្វើ​បាន។ សំខាន់​ចៀសវាង​ការ​ប៉ះពាល់​ម៉ោង​សិក្សា​របស់​សិស្ស។ បើ​មិន​ប៉ះពាល់​ម៉ោង​សិក្សា​របស់​សិស្ស​ទេ ដូច​ជា​មិន​អី​ទេ»

មេ​ឃុំ​គគីរ លោក គង់ ឆេង មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​មែន​ជា​អ្នក​ស្រេច​តែ​ឯង​ទេ៖ «សូម​ជម្រាប​ជូន​ថា ទីលាន​ស្តាត​នេះ​គេ​ហៅ​ថា​ស្តាត​គគីរ ស្តាត​របស់​ស្រុក។ ប៉ុន្តែ​ក្រោយ​មក​ហ្នឹង នៅ​ជិត​ស្តាត​ហ្នឹង​គេ​មាន​សង់​អគារ​សិក្សា​របស់​សិស្ស ហើយ​ការ​រៀបចំ​នេះ គេ​មិន​បាន​ទៅ​រៀបចំ​ឲ្យ​ទៅ​ជិត​សិស្ស​នោះ​ដែរ គឺ​យើង​ដាក់​ឲ្យ​ដាច់​ឆ្ងាយ​ពី​សិស្ស។ ប៉ុន្តែ​ទីលាន​ហ្នឹង​វា​អត់​មាន​របង​សម្រាប់​សាលា អត់​មាន​របង​សម្រាប់​ស្តាត​ទេ។ អ៊ីចឹង​វា​លក្ខណៈ​ជា​រួម»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បញ្ចេញ​ទស្សនៈ​ថា ការ​យក​សាលា​រៀន​ដែល​ជា​មជ្ឈមណ្ឌល​យុវជន ធ្វើ​ជា​កន្លែង​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នោះ​ជា​ការ​មិន​ត្រឹមត្រូវ​ទេ៖ «អស់​លោក​ហ្នឹង​គួរ​ពិចារណា​ថា​មាន​កន្លែង​ណា​ដែល​ល្អ​សម្រាប់​ពួក​យុវជន ដែល​គ្នា​ទៅ​រៀន​សូត្រ​ពី​សង្គម​ល្អ​មួយ​បាន បើ​គាត់​ទៅ​បង្ហាញ​តែ​ការ​ផឹក​ស៊ី​ផឹក​ស្រាបៀ​បាន​ឡូយ​អី​អ៊ីចឹង ឧទាហរណ៍។ អ៊ីចឹង​តើ​កន្លែង​ណា​ដែល​រក​ឲ្យ​គ្នា​បាន​កន្លែង​ល្អ? កន្លែង​ដែល​កសាង​សីលធម៌ កន្លែង​ផ្ដល់​នូវ​ការ​អប់រំ​ឲ្យ​គ្នា​ពិត​ប្រាកដ? សូម្បី​តែ​កន្លែង​អប់រំ យើង​យក​ទៅ​ធ្វើ​អ៊ីចឹង​ទៀត​ហើយ»

លោក​ឲ្យ​ដឹង​ថា មាន​ស្ថាប័ន​ជា​ច្រើន​រាប់​ទាំង​ក្រសួង​សុខាភិបាល និង​ព្រឹទ្ធសភា ផង កំពុង​ខិតខំ​ធ្វើ​ច្បាប់​សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​បញ្ជូន​ត្រឡប់​មក​ក្រសួង​សុខាភិបាល វិញ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់លាស់។

ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង គឺ​មាន​គោលដៅ​កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ដែល​ទាក់ទាញ​យុវជន​ឲ្យ​ចាប់​ផ្ដើម​ទទួល​ទាន​គ្រឿង​ស្រវឹង។

លោក យង់ គិមអេង ថ្លែង​ថា រដ្ឋាភិបាល​មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​សាលា​ទេ ហើយ​ក្រសួង​គួរ​ចាត់​វិធានការ​នៅ​ពេល​ណា​មាន​ការ​ផ្សព្វផ្សាយ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។