ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ កាលពីពេលថ្មី​ៗកន្លងមក​នេះ​មានជំងឺ​អុតក្តាម បាន​ធ្វើការ​រាតត្បាត​ទៅ​លើ​សត្វ​គោ ក្របី ជ្រូក របស់​ប្រជា​កសិករ នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​សត្វ​របស់​ពួក​គាត់ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ កន្លង​ទៅ​នេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ​នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តព្រៃវែង បាន​ទទួល​ព័ត៌មាន​ថា នៅ​ក្នុងភូមិ​បឹង​ឥដ្ឋ និង​ភូមិ​ហារ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច កំពុង​កើត​ជំងឺ​អុតក្តាម ។

ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​កុំឱ្យ​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត លោក តាន់ ផា​ន់​ណា​រ៉ា ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម បាន​ដឹកនាំ​មន្ត្រី​ពេទ្យសត្វ​ខេត្ត ចុះ​ទៅ​កាន់​តំបន់​នោះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ព្យាបាល​ជំងឺ​ដែល​កើត​នៅ​លើ​សត្វ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ។ លោក​បាន​ណែនាំ​ដល់​មន្ត្រី​ពេទ្យសត្វ​ខេត្ត គ្រប់​ស្រុក​ទាំងអស់ ត្រូវ​ចុះ​ក្ដាប់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ អំពី​ការ​ផ្ទុះ​ជំងឺ​ទៅ​លើ​សត្វ នៅ​តាម​ស្រុក​ដែល​ខ្លួន​គ្រប់គ្រង ជា​ពិសេស​ត្រូវ​ឩ​ស្សា​ហ៍​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​សត្វ​ដែល​មាន​ជំងឺ ហើយ​ត្រូវ​ត្រៀម​រៀបចំ​ថ្នាំ​ទុក​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាប់​បើក​យុទ្ធនាការ​ជួយ​ព្យាបាល​សត្វ​ទាំង​អស់នោះ ។

ក្នុង​ករណី​ខ្វះ​ថ្នាំ ត្រូវ​រាយការណ៍​ជា​បន្ទាប់​ទៅ​នាយកដ្ឋាន ដើម្បី​ទទួល​បាន​ថ្នាំ​បន្ថែម ។ សូម​បញ្ជាក់​ថា នៅ​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ និង​ព្យាបាល​សត្វ​ដែល​កើត​ជំងឺ​អុតក្តាម ក្នុង​ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច​នេះ មន្ត្រី​ជំនាញ​បាន​ព្យាបាល​សត្វ​គោ ក្របី ដែល​បាន​ឈឺ​មាន​ចំនួន​២៣​ក្បាល និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទៅ​លើ​ទ្រុង​គោ ក្របី ជ្រូក នៅ​តាម​ផ្ទះ​ប្រជា​កសិករ បាន​ចំនួន​១៤៣​ខ្នង ហើយ​មន្ត្រី​ពេទ្យសត្វ និង​បន្ត​តាម​ទៅ​លើ​សត្វ​ដែល​មាន​ជំងឺ និង​ការ​វិវដ្ត​នៃ​ជំងឺ ឱ្យ​បាន​រហ័ស​ទាន់​ពេលវេលា​ទាំងអស់ ៕