ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត​៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​របស់​ចៅក្រម​ស៊ើបសួរ​ខេត្តកណ្តាល ពី​បទ​ឆបោក និង​ក្លែង​ឯកសារ​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ពោ​ធ៍​ដុះ ហើយ​មក​លាក់ខ្លួន​នៅ​ក្នុង​សង្កាត់​កំពង់បាយ ត្រូវ​បាន​កម្លាំង​របស់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ។
លោក​វរសេនីយ៍ទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​ង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​តាម​ដីការ​ពី​បទ​ឆបោក និង​ក្លែង​ឯកសារ​នេះ មានឈ្មោះ ខឹ​ម សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ធ៍​ដុះ ឃុំ​បឹង​និមល ស្រុក​ឈូក ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ខេត្តកណ្តាល ចោទ​ពី​បទ​ឆបោក និង​ក្លែង​ឯកសារ​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ពោ​ធ៍​ដុះ ឃុំ​បឹង​និមល ស្រុក​ឈូក កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១២ កន្លង​ទៅ ដោយ​យោង​តាម​មាត្រា​៣៧៧, មាត្រា​៣៧៨, មាត្រា​៦២៦, មាត្រា​៦២៧ និង​មាត្រា​៦២៨ នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ័ ។ ក្រោយ​ពី​បាន​ឃាត់ខ្លួន ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​ប្រគល់​ឲ្យ​ទៅ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ចាត់ការ​បន្ត ៕ ​