បទ​ឈប់​បាញ់​គ្នា​នៅ​ស៊ីរី​ជាទូទៅ​មាន​ប្រសិទ្ធភាព ​ប៉ុន្តែ​ក៏​មាន​ការ​របាយការណ៍​អំពី​អំពើ​ហិង្សា​ដែរ

បទ​ឈប់​បាញ់​គ្នា​នៅ​ស៊ីរី​ជាទូទៅ​មាន​ប្រសិទ្ធភាព ​ប៉ុន្តែ​ក៏​មាន​ការ​របាយការណ៍​អំពី​អំពើ​ហិង្សា​ដែរ

ក្មេងប្រុស​ស៊ីរី​ជិះកង់​ឆ្លង​កាត់​អាគារចាស់ៗ​នៅ​ទីក្រុង Homs កាល​ពីថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

បទឈប់បាញ់​គ្នា​នៅស៊ីរី​បាន​នាំ​មក​នូវ​ភាព​ស្ងប់ស្ងៀម​ខ្លះៗ​ដល់​នៅ​តំបន់​ភាគច្រើន​នៃ​ប្រទេស​ស៊ីរី ជា​លើកដំបូង​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។

ការ​ផ្អាក​បាញ់​គ្នា​នេះ​ ដែល​ផ្តួចផ្តើម​ដោយ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ក៏​នៅ​មាន​ហេតុការណ៍​ហិង្សា​ខ្លះៗ​ដែរ។ ទោះបី​ជា​យ៉ាង​នេះ​ក្តី ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ស៊ីរី​បាន​ថ្លែង​ថា ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​នេះ​ «គួរ​ឲ្យ​ទុកចិត្ត​បាន​គ្រាន់បើ»។

លោក ​Staffan de Mistura​ មាន​ប្រសាសន៍​ថា គេ​រំពឹង​ថា​នឹង​មាន​អំពើ​ហិង្សា​ខ្លះៗ​ក្រោយ​ពី​ជម្លោះ​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​នោះ។ ប៉ុន្តែ​លោកបាន​បន្ថែម​ថា ​«ថ្ងៃ​និង​យប់​ដំបូង​នេះ​ពិត​ជា​បានធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​អារម្មណ៍​ថា ទាំងអស់​គ្នា​ពិត​ជា​ធ្វើ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​មែន​ ដើម្បី​បន្ត​ឆ្ពោះ​ទៅរក​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា»។

សម្ព័ន្ធ​ក្រុម​ប្រឆាំង​នៅ​ស៊ីរី ដែល​គេហៅ​ថា​គណៈកម្មការ​ចរចា​កម្រិត​ខ្ពស់​នោះ​និយាយ​ថា ពួកគេ​ចំនួន​៩៧​ក្រុម​បាន​សន្យា​ថា​នឹង​ចូលរួម​នៅក្នុង​កិច្ច​ព្រៀមព្រៀង​ឈប់​បាញ់​គ្នា​នេះ។

បទ​ឈប់​បាញ់​គ្នា​នេះ​មិន​រាប់​បញ្ចូល​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ភេរវកម្ម ​al-Nusra Front ដែល​មាន​ចំណង​ទាក់ទង​នឹង​ក្រុម​អាល់​កៃ​ដា​នោះ​ទេ៕