អាជ្ញាធរ​ថៃ​ជំរុញ​ប្រជាពលរដ្ឋ​សន្សំសំចៃ​ទឹក​ ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ ព្រោះ​​គ្រោះ​រាំង​ស្ងួត

អាជ្ញាធរ​​​ថៃ​បាន​ជំរុញ​ឲ្យ​សាធារណជន​​​របស់​ខ្លួន បន្ថយ​​​​​ការ​ប្រើ​ប្រាស់​ទឹក​ រួម​ទាំង​​​​​​​​​​សកម្មភាព​​លេង​ទឹក​​អំឡុង​​​ ពិធី​បុណ្យ​​​ចូល​ឆ្នាំ​​ថ្មី​(សង្ក្រាន្ត) ខាង​មុខ ស្រប​ពេល​​ដែល​ប្រទេស​ថៃ​ ត្រៀម​​ខ្លួន​ជួបគ្រោះ​រាំង​ស្ងួត​​​​​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈ​​ពេល​២០​ឆ្នាំ​ចុង​ក្រោយ។

 

អាជ្ញាធរ​ថៃ​ជំរុញ​ប្រជាពលរដ្ឋ​សន្សំសំចៃ​ទឹក​ ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ ព្រោះ​​គ្រោះ​រាំង​ស្ងួត
 

សកម្មភាពលេងបាញ់ទឹក ថ្ងៃបុណ្យចូលឆ្នាំ នៅប្រទេសថៃ ក្នុងឆ្នាំ២០១៥
 

លោក Thongplaew Kongchan អ្នក​នាំ​ពាក្យ​​នៃ​​​​នាយកដ្ឋាន​​​ធនធាន​ទឹក​​​ថៃ បាន​ឲ្យ​ដឹង​​ថា ប្រជាជន ប្រារព្ធ​ពិធី​បុណ្យ​​​​ សង្ក្រាន្ត​ គួរ​​បន្ថយ​​សកម្មភាព​ ការ​លេង​បាញ់​ទឹក​ដាក់​គ្នា​។ នេះបើ​តាម​ សារព័ត៌មាន​​​ថៃ PBS។

 

​​​​​​លោក Thongplaew ក៏​បាន​​ណែនាំ​​​ឲ្យ​​​មាន​ការ​កាត់​បន្ថយ​​ចំនួន​ថ្ងៃ​នៃ​ការ​លេង​​បាច​ទឹក​ដាក់​គ្នា​​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ ក៏​ដូច​ជា​​ចំនួន​​​​ទឹក​ប្រើ​ប្រាស់​​​ផង​ដែរ។

 

អគ្គលេខាធិការ​​​​ គណៈកម្មការ​​បង្ការ​​​​​គ្រោះ​មហន្តរាយ​​ជាតិ​ថៃ លោក Seri Suprathit បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ថៃ​កំពុង​ជួប​នឹង​វិបត្តិ​គ្រោះ​​​​រាំង​ស្ងួត​​រយៈ​ពេល​២០​ឆ្នាំ ហើយ​​វិបត្តិ​ទឹក ជា​បញ្ហា​មួយ​មិន​អាច​​ចៀស​រួច។ ប្រសិន​​​បើ​គ្មាន​ភ្លៀង​​​ ចន្លោះ​ពី​ខែ មិនា និង​ខែ​មិថុនា​ទេ ដំណាំ​ស្រូវ​​​​នឹង​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​​ប្រហែល ១២​ពាន់​លាន​បាត (ជាង​៣៣៥​លាន​ដុល្លារ)។

 

ប្រភព​ទឹក​​​ក្នុង​ប្រព័ន្ធ​ស្រោច​ស្រព​​ក្នុង​ប្រទេស​ថៃ នឹង​​នៅ​សល់​ទឹក​តែ​​អាច​​ស្រោច​ដំណាំ​បាន​ដល់​ខែ​សីហា​ខាង​មុខ ប្រសិន​បើ​គ្មាន​ភ្លៀង​។ នោះ​បើ​តាម​ លោក Thongplaew ។

 

ខេត្ត​ចំនួន​ ១២ ដែល​មាន​​​៤៦​ស្រុក ត្រូវ​បាន​ប្រកាស​​​អំពី​ភាព​រាំង​ស្ងួត​ និង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។ អាជ្ញាធរ​​ថៃ​ នឹង​​ត្រួត​ពិនិត្យ​​​តាម​​តំបន់​ប្រភព​ទឹក​មួយ​ចំនួន​ជា​ពិសេស​តំបន់​ទំនប់​ទឹក​​សំខាន់​ Ubonrat ជិត​​វាល​ស្រែ​និង​កសិដ្ឋាន​ចិញ្ចឹម​ត្រី ក្នុង​ខេត្ត​ Khon Kaen ៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts, thaipbs​​​​

​​