អ្នក​ស្រុក​​​ផ្ទុះកំហឹង​​​​​​នឹង​​​ផែនការ​​​លក់​​​ស្រះទឹក​​​វត្ត​​​តម្លៃ​​​៤,៨លាន​ដុល្លារឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍

អ្នកស្រុក​​​រាប់​​​រយ​​​អ្នក​​​ដែល​​​រស់​​​នៅ​​​ជុំ​​​វិញ​​​វត្ត​​​គោក​​​បញ្ជាន់​ក្នុង​​​ក្រុង​​​ភ្នំពេញ បាន​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​វត្ត​​​នេះ​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែនជ័យ​​​កាលពី​​​ចុង​​​សប្តាហ៍​​​ជំទាស់​​​នឹង​​​ផែន​​​ការ​​​របស់​​​ព្រះចៅ​​​អធិការ​​​វត្ត​​​​​លក់​​​ស្រះទឹក​​​ឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​មួយក្នុង​​​តម្លៃ​​​៤,៨​​​លាន​​​ដុល្លារ។

លោក​​​ ពុំ ផល្លី អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ប្រហែល​​​៥០០​​​នាក់​​​ដែល​​​បាន​​​មក​​​ចូល​​​រួម​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​និង​​​ថ្ងៃ​​​ម្សិលមិញ បាន​​​និយាយ​​​ថា ពួក​​​គាត់​​ទទួល​​​បាន​​​ដំណឹង​​​​​​លក់​​​នេះ​​​ បន្ទាប់​​​ពី​​ការ​​​ប្រជុំ​​​មួយ​​​ធ្វើ​​​ឡើង​​​រវាង​​​ក្រុម​​​មន្ត្រី​​​សង្កាត់​​​ចោម​​​ចៅ​​​ និង​​​ព្រះ​​​សង្ឃ​​​ក្នុង​​​វត្ត​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។ លោក​​​និយាយ​​​ថា អ្នក​​​ស្រុក​​​ជា​​​ច្រើន​​​ពឹង​​​លើ​​​ស្រះទឹក​​​នោះ​​​ដើម្បី​​​ស្រោច​​ច្បារ​​​​ដំណាំ​​​​​​​​​​​របស់​​​ពួកគាត់​​​ ហើយ​​​ថា ពួក​​​គាត់​​​​​​បន់​ស្រន់​​​ដល់​​​អ្នក​​​ថែរក្សា​​​ស្រះ​​​ ដែល​​​គេ​​​ជឿ​​​ថា ​គង់​​​នៅ​​​ក្នុង​​​ទី​​​សក្ការ​​​មួយ​​​នៅ​ចម្ងាយ​​​៣០០​​​ម៉ែត្រ​​​ពី​​​វត្ត​​​នោះ។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ពីព្រោះ​​​ព្រះ​ចៅអធិការវត្ត​​​រួម​​​គំនិត​​​ជា​​​មួយ​​​ក្រុម​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​លក់​​​ស្រះទឹក​​​នេះ​​​។ យើង​​​មិន​​​ចង់​​​ឲ្យ​​​លក់​​​ស្រះ​​​ទឹក​​​នេះ​​​ទេ​​​ ពីព្រោះ​​វា​​​ជា​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ។ គ្មាន​​​នរណា​​​អាច​​​យក​​​វា​​​ធ្វើ​​​ជា​​​របស់​​​ឯកជន​​​បាន​​​ឡើយ”។

លោក​​​ ផល្លី បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​នឹង​​​បន្ត​​​តវ៉ា​​​នៅ​​​ថ្ងៃ​​​នេះ​​​ និង​​​មាន​​​គម្រោង​​​ដាក់​​​ញត្តិ​​​ទៅ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​​​ឲ្យ​​​លោក​​ជួយ​​​បញ្ឈប់​​​ការ​​​លក់​​​ដូរ​​​នេះ​​​​​​នៅ​​​ពេល​​​ណា​​​​​​អ្នក​​​ភូមិ​​​ប្រមូល​​​បាន​​​ស្នាម​​​ផ្តិត​​​មេដៃ​​ចំនួន​​​១.០០០។

ព្រះចៅ​​​អធិការ​​​វត្ត​​​ ព្រះ​​​នាម សេង ​ថន ​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការអត្ថាធិប្បាយ​​​បាន​​​ទេ។

លោក​​​ សុ៊ត​​​ សាត់ ចៅ​​​សង្កាត់​​​ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​ប្រជុំ​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ បាន​​​ការ​​​ពារ​​​ផែន​​​ការ​​​លក់​​​ដូរ​​​នេះ​​​​​​​​​ ប៉ុន្តែ មិន​​​បាន​​​ប្រាប់​​​ឈ្មោះ​​​​​​អ្នក​​​ទិញ​​​ទេ​​​ ហើយ​​​​​​បញ្ជាក់​​​ថា ​​​ផែន​​​ការ​​​គ្រាន់​​​តែ​​​ជា​​​ការដោះដូរ​​​ទេ។​​​ លោក​​​បាន​​​និយាយ​​​ថា ​​​ផែន​​​ការ​​​របស់​​​វត្ត​​​គឺ​​​នឹង​​​លក់​​​ដី​ស្រះ​ទឹក​​​ទំហំ​​​៣ហិកតា​​​ក្នុង​​​តម្លៃ​​​១៦០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​មែ៉ត្រ​​​ក្រឡា​​​ ដែល​​​សរុប​​​ទៅ​​​ប្រហែល​​​​៤,៨​​​លាន​​​ដុល្លារ។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ព្រះចៅ​​​អធិការ​​​វត្ត​​​មាន​​​ផែនការ​​​ដោះ​​​ដូរ​​​វា​​​ ប៉ុន្តែ ព្រះ​​​អង្គ​​​មិន​​​បាន​​​​​​ទទួល​​​សូម្បី​​​​​​មួយ​​​រៀល​​​ពី​​​នរណា​​​ម្នាក់​​​នៅ​​​ឡើយ​​​ទេ។ ព្រះ​​​សង្ឃ​​​បាន​​​ជីក​​​ស្រះ​​​ទឹក​​​នេះ​​​​​​ដើម្បី​​​យក​​​​ទឹក​​​ប្រើ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​​​​ព្រះ​​​សង្ឃ​​​មាន​​​ទឹក​​​ស្អាត​​​​​​ប្រើ​​​ហើយ។ ទន្ទឹម​​​នឹង​​​នេះ​​​ព្រះ​​​សង្ឃ​​​ក៏​ខ្វះ​​​បច្ច័យ​ដើម្បី​​​​​​កសាង​​​វត្ត​​ដែរ”។

លោក សាត់ បាន​​​និយាយ​​​ថា ព្រះសង្ឃ​​​បាន​​​ជីក​​​ស្រះទឹក​​​នោះ​​​នៅ​​​ឆ្នាំ​​​១៩៩៥​​​។ ក៏​​​ប៉ុន្តែ ​លោក​​​ ផល្លី​​​ បាន​​​និយាយ​​​ថា ស្រះទឹក​​​នេះ​​​មាន​​​មុន​​​នោះ​​​ទៅ​​​ទៀត​​​ ហើយ​​​ថា ព្រះ​​​សង្ឃ​​​គ្រាន់​​​តែ​​​ជីក​ពង្រីក​​​ស្រះ​​​នោះ​​​ប៉ុណ្ណោះ។

លោក​​​ វ៉ា សាវឿន ចៅសង្កាត់​​​រង​​​ ជា​​​សមា​​ជិក​​​គណបក្ស​​​ប្រឆាំង ដែល​​​ក៏​​​បាន​​​ចូល​​​រួម​​​ការ​​​ប្រជុំ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ពុធ​​​ដែរ បាន​​​និយាយ​​​ថា ស្រះ​​​ទឹក​​​នោះ​​​នឹង​​​មាន​​​ប្រយោជន៍​​​កាន់​​​តែ​​​ខ្លាំង​​​សម្រាប់​​​​​​សាធារណជន​​​ប្រើ​​​ប្រាស់​​​  បើ​ស្រះ​​​ទឹក​​​​​​ មួយ​​​ផ្នែក​​​​​​ត្រូវ​​​បាន​​​ចាក់​​​ដី​​​បំពេញ​​​​​​ ទុក​​​​សម្រាប់​​សាង​​​សង់​​​សាលា​រៀន​​ ឬ​​​មន្ទីរ​​​ពេទ្យ​​​នៅ​ពេល​អនាគត។

លោក​​​បាន​​​និយាយ​​​ថា ប្រជាជន​​​​​​៩៩​​​ភាគ​​​រយ​​​មិន​​​គាំទ្រ​​​ការ​​​លក់​​​ស្រះទឹក​​​នេះ​​​ទេ​​​ ដូច្នេះ​​​ខ្ញុំ​​​គាំទ្រ​​​ប្រជាជន”៕និត

The post អ្នក​ស្រុក​​​ផ្ទុះកំហឹង​​​​​​នឹង​​​ផែនការ​​​លក់​​​ស្រះទឹក​​​វត្ត​​​តម្លៃ​​​៤,៨លាន​ដុល្លារឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍ appeared first on ខេមបូឌា ដេលី.