ប្រធាន​ក្រុមហ៊ុន​​ត្រូវ​បាន​ចោទ​ប្រកាន់​​បណ្ដោះ​អាសន្នពាក់ព័ន្ធ​ភ្លុក​ដំរី​​ក្នុង​​​ចំនួន​យ៉ាង​ច្រើន​

សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​បាន​ចោទ​ប្រកាន់​ប្រធាន​​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហរ័ណ​នីហរ័ណ​ម្នាក់​ជា​បណ្ដោះ​អាសន្ន ដោយ​សារ​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​​ការ​រត់​ពន្ធ​ភ្លុក​ដំរី​ជាង​៣.០០០​គីឡូក្រាម​ចូល​មក​ក្នុងប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៤ ជា​ចំនួន​ភ្លុក​ដំរី​ច្រើន​ បំផុត​​ដែលពុំធ្លាប់​​ត្រូវ​បាន​រឹបអូស​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។

លោក អុី ឃាង ចៅក្រម​ស៊ើបសួរ​នៅ​សាលា​ដំបូង​ខេត្ត​នេះ​​បាន​លើក​ឡើង​ថា លោក​ ខាន់ ស៊ីនិត ប្រធាន​ក្រុមហ៊ុន​ Reho Both (Cambodia) Co. ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​ច្បាប់​​​គយ និង​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ ក្រោយ​ការ​ស៊ើបអង្កេត​មួយ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​​ដែល​បាន​​ធ្វើ​ការ​លើ​បញ្ហា​នេះ​អស់​រយៈ​ពេល​ជាង​១ឆ្នាំ​កន្លះ​​។

ចៅក្រម អុី ឃាង បាន​មាន​ប្រសាសន៍​ថា “​ព្រះរាជអាជ្ញារង​បាន​ចោទ​ប្រកាន់​ប្រធាន​ក្រុមហ៊ុន​ Reho Both (Cambodia) Co. ​ជា​បណ្ដោះ​អាសន្ន​​ពីបទ​នាំចូល​​ទំនិញ [ភ្លុក​ដំរី​] ដោយ​ខុស​ច្បាប់ និង​ជាប់​ពាក់​ព័ន្ធ​​​របស់​រត់​ពន្ធ​ ​យោង​តាម​មាត្រា​៩៨​នៃ​ច្បាប់​ព្រៃឈើ និង​មាត្រា​៧៥​នៃ​ច្បាប់​គយ”។

ចៅក្រម​រូប​នេះ​បាន​បន្ថែម​ថា ការ​ស៊ើប អង្កេត​ផ្ទាល់​របស់​លោក​លើ​ករណី​នេះ​​ជិត​​ចប់​ហើយ​​ ហើយ​បន្ទាប់មក​ទៀត​លោក​នឹង​សម្រេច​ថាតើ​ត្រូវ​ចោទ​ប្រកាន់​លោក ខាន់ ស៊ីនិត ជា​ផ្លូវ​​ការ​ឬយ៉ាង​ណា​។

លោក ហួត វិចិត្រ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលាដំបូងខេត្តនេះ​ ​បាន​បញ្ជាក់​​ពី​ការ​ចោទ​ប្រកាន់​ជា​បណ្ដោះ​អាសន្ន​នេះ ប៉ុន្តែ​បាន​បដិ​​​សេធ​មិន​ពិភាក្សា​​បន្ថែម​លើ​ករណី​នេះ​ឡើយ​​​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​បាន​​ចោទ​ប្រកាន់​បុគ្គល​រូប​នេះ​ដែល​ជាប់​​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​ នេះ​រួច​ហើយ ហើយ​ខ្ញុំ​បាន​បញ្ជូន​ការចោទ​​​ប្រកាន់​​នេះទៅ​ចៅក្រម​ស៊ើបសួរ​កាលពី​២ឬ៣ខែ​មុន​”។

មន្ត្រី​គយ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​​​សីហនុ​ បាន​រក​ឃើញ​ភ្លុក​ដំរី​ទម្ងន់​​៣.០០៨​គីឡូក្រាម​ ដែល​​គិត​ជា​ទឹក​ប្រាក់​អាច​មាន​តម្លៃ​រហូត​ដល់​រាប់​សិប​​លាន​ដុល្លារនោះលាក់នៅ​​​​ក្នុង​កុងតឺន័រ​​ផ្ទុក​សណ្ដែក​សៀង​ចំនួន​ពីរ​​​គ្រឿង​ ​​​ដែល​​មាន​ប្រភព​ចេញពី​ប្រទេស​កេនយ៉ា ហើយ​​​​មក​ដល់​ប្រទេស​កម្ពុជា​តាម​ប្រទេស​ម៉ាឡេស៊ី។

លោក ខាន់ ស៊ីនិត បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា គេ​បាន​ជូន​ដំណឹង​មក​លោក​រួច​ហើយ​អំពី​ករណី​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​លោក​​នៅ​តែ​ប្រកាន់​ជំហរ​ថា ក្រុមហ៊ុន​របស់​លោក​គ្មាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​នាំចូល​​ភ្លុក​ដំរី​ទាំង​នេះទេ។

ផ្ទុយទៅវិញ លោក​បាន​លើក​ឡើង​ថា ក្រុម​​​​​​ហ៊ុន​របស់​លោក​​គឺ​ជា​អ្នក​រងគ្រោះ​ដោយ​សារ​​កលល្បិច​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ទៀត​ គឺ​ក្រុមហ៊ុន​ដឹកជញ្ជូន​ Road Logistics Express ដែល​លោក​អះអាង​ថា​​​ បាន​ប្រើ​ឈ្មោះ​​​ក្រុមហ៊ុន​របស់​លោក​​ដើម្បី​នាំចូល​ភ្លុក​ដំរី​ទាំង​នេះ​​ពី​តំបន់​អាហ្វ្រិក​ខាង​កើត​។

លោក​បាន​​មានប្រសាសន៍​​ថា “​ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​បទល្មើស​មែននោះ ម្លេ៉ះ​ខ្ញុំ​បិទ​ក្រុមហ៊ុន​របស់​ខ្ញុំ ហើយ​​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​​ធ្វើ​ដូច្នេះ​ទេ​​​ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​នឹង​​តតាំង​ចំពោះ​មុខច្បាប់​ ទោះបី​ជា​​គេ​ចាប់​ខ្លួន​ខ្ញុំ​ដាក់​ពន្ធនាគារ​ក៏​​​ដោយ”។

​ក្រុមហ៊ុន​ Road Logistics Express មិន​អាច​ទាក់​ទង​បាន​ទេ​។

ដោយ​ឡែក​បើ​និយាយ​ទាក់​ទិន​នឹង​ភ្លុក​ដំរី​វិញ លោក គិន លី ប្រធាន​សាខា​គយ​ប្រចាំ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បានលើក​ឡើង​ថា ​វា​កំពុង​ស្ថិត​នៅ​ក្នុង​កំពង់ផែ​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​កំពុង​ តែ​យាម​ការ​ពារ​ភ្លុក​ដំរី​ទាំង​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រោះយើង​ខ្លាច​បាត់​បង់​​”៕ ស៊ុយឈាង​​​

The post ប្រធាន​ក្រុមហ៊ុន​​ត្រូវ​បាន​ចោទ​ប្រកាន់​​បណ្ដោះ​អាសន្នពាក់ព័ន្ធ​ភ្លុក​ដំរី​​ក្នុង​​​ចំនួន​យ៉ាង​ច្រើន​ appeared first on ខេមបូឌា ដេលី.