គ្រោះថ្នាក់​ចរាចរណ៍​តិចតួច លោក​ផ្កាយ​១​បាញ់​គំរាម​ម៉ូតូឌុប

គ្រោះថ្នាក់​ចរាចរណ៍​តិចតួច លោក​ផ្កាយ​១​បាញ់​គំរាម​ម៉ូតូឌុប

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​មាន​ឋានន្តរស័ក្តិ​ផ្កាយ​១​នៅ​ក្រសួងការពារជាតិ បង្ក​ការ​ប្រទូស្ដ​រ៉ា​យ​ដក​កាំភ្លើង​បាញ់​១​គ្រាប់ ខណៈ​បើករថយន្ត​ឡិច​ស៊ី​ស RX330 ពាក់​ស្លាក​លេខ ខ​.​ម មួយ​គ្រឿង​ទៅ​ប៉ះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ ១​គ្រឿង បើកបរ​ដោយ​បុរស​អ្នក​រត់​ឌុ​ប​ពេល​រាត្រី​ម្នាក់ ។

ការ​បើក​ប៉ះ​គ្នា​នោះ​គឺ​បន្តិច​បន្តួច​ទេ តែ​មិន​ព្រម​ចុះ​ពី​រថ​យន្តដេ​ាះ​ស្រាយ ធ្វើ​ឱ្យ​ជន​រង​គ្រាះ​ខឹង​ក៏​លើក​ម៉ូតូ​ជិះ​ទៅ​ទះ​ក្បាល​រថយន្ត​និង​ស្រែក ហើយ​ម្ចាស់​រថយន្ត ខឹងសម្បា​ក៏​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​១​គ្រាប់​សំដៅ​ទៅ​លើ​បុរស​អ្នក​រត់​ឌុ​ប​នោះ ប៉ុន្តែ​សំណាងល្អ​មិន​ត្រូវ ។ ពេល​បាញ់​ហើយ​ក៏​បើករថយន្ត​ព្យាយាម​គេចខ្លួន ទើប​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដេញ​តាម​ចាប់​ផ្អើល​ទាំង​យប់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខ​ផ្សារ​ហេង លី ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា អ្នក​បើករថយន្ត​ឡិច​ស៊ីស RX330 ពាក់​ស្លាក​លេខ ខម 2-6882 ដែល​បាន​បាញ់ ទៅ​លើ​បុរស​អ្នក​រត់​ម៉ូតូឌុប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ហេង ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​១ បម្រើ​ការងារ​នៅ​ខាង​ភស្តុ​ភារ​នៃ​ក្រសួងការពារជាតិ​។ តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​បង្ហើប​ថា ចំណែក​អ្នក​រត់​ម៉ូតូឌុប​ឈ្មោះ រៀម  ឃួ​ន  អាយុ​២៦​ឆ្នាំ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1I-2354 ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​អ្នក​រត់​ម៉ូតូឌុប​រូប​នេះ​ប្រាប់​ថា  មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ១​គ្រឿង​តាម​ផ្លូវ​លេខ​១៨២​ឡើង​មក ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​ពេល​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ីស RX330 មួយ​គ្រឿង​ពាក់​ស្លាក​លេខ ខម 2-6882 បើក​ស្រប​ទិស​គ្នា​មក​ប៉ះ​ម៉ូតូ​គាត់​ពីក្រោយ បណ្តាល​ឱ្យ​ដួល ។ ពេល​នោះ​គាត់​ខឹង ក៏​យកដៃ​ទៅ​ទះ​ក្បាល​រថយន្ត​ហើយ​បន្ទោស​ថា «​បើកឡាន​ឈ្លើយ​» ឯ​ម្ចាស់​រថយន្ត​ឮ​ដូច្នេះ​ក៏​បើកទ្វារ​ហើយ​បាញ់​មក​លើ​គាត់​មួយ​គ្រាប់​តែ​មិន​ត្រូវ ព្រោះ​គាត់​លោត​ចេញពី​ម៉ូតូ​ទាន់ ។

មិន​មាន​ប្រភព​ឯករាជ្យ​ណាមួយ​ប្រាប់​ថា ជា​ការ​បាញ់​ទៅ​លើ​បុរស​នោះ ឬ​ក៏​បាញ់​ឡើង​លើ​ដើម្បី​គំរាម​នោះ​ទេ រួច​ហើយ​ម្ចាស់​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​រត់គេច​សំដៅ​ទៅ​ផ្ទះ​របស់​ខ្លួន​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពេល​បើករថយន្ត​មក​ដល់​មុខ​ផ្ទះ មន្ត្រី​យោធា​រូប​នេះ​បាន​ចុះ​ពី​រថយន្ត​ដៃ​កាន់​កាំភ្លើង​សម្ញែង​មួយសន្ទុះ លុះ​ដឹង​ថា​ខ្លួន​កំពុង​ត្រូវ​បាន​គេ​តាម​ប្រមាញ់​ក៏​រត់​ចូល​ទៅ​ក្នុងផ្ទះ​ឡើង​លើដំបូល ហើយ​បន្ទាប់​មក​គេចខ្លួន​បាត់  ។

ស្រប​ពេល​នោះ​ដែរ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​មក​ដល់​ផ្ទះ​នាយទាហាន​រូប​នោះ តែ​ពេល​មក​ដល់​ឃើញ​តែ​រថយន្ត​មិន​បានឃើញ​ម្ចាស់​ទេ ។ ពេល​កំពុងធ្វើការ​ត្រួតពិនិត្យ​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​កាន់​កូនសោ​រថយន្ត​មក​ចាក់​ទ្វារ​យក​អីវ៉ាន់ ក៏​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ហើយ​ដឹក​តាម​រថយន្ត​យក​ទៅ​សួរនាំ​បន្ត​នៅ​ទីបញ្ជាការ ។

ប្រមាណ​ជាង​២​ម៉ោង​ក្រោយមក ទើប​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហើប​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា អ្នក​បើករថយន្ត​ឡិច​សុ​ី​ស RX330 ពាក់​ស្លាក​លេខ ខម 2-6882 ដែល​បាន​បាញ់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​នៅ​មុខ​ផ្សារ​ហេង​លី គឺជា​មន្ត្រី​យោធា​មាន​ឋានន្តរស័ក្តិ​ជា​ឧត្ដមសេនីយ៍ត្រី បម្រើ​ការងារ​នៅ​ខាង​ភស្តុ​ភារ នៃ​ក្រសួងការពារជាតិ​ឈ្មោះ ហេង ហើយ​ពេល​នេះ​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​តាម​ប្រមាញ់​។

ដោយសារ​តែ​ហេតុការណ៍​នេះ​ដែរ ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​ពី​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ឆ្ពោះទៅ​ច្រមុះជ្រូក ត្រូវ​កកស្ទះ​ណែនណាន់តាន់តាប់​អស់​រយៈពេល​ប្រមាណ​២​ម៉ោង​ផង​ដែរ ៕