ឪពុក​ម្តាយ​បោះបង់​កូនប្រុស​ស្រី​ក្នុង​មន្ទីរពេទ្យ

ឪពុក​ម្តាយ​បោះបង់​កូនប្រុស​ស្រី​ក្នុង​មន្ទីរពេទ្យ

ខេត្តសៀមរាប ៖ ក្មេង​កម្សត់​ប្រុស​ស្រី​២​នាក់​បងប្អូន ដែល​កើតមក​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​បាន​ឪពុក​ម្តាយ​គ្មាន​ធម៌​មេត្តា គ្មាន​ក្តី​អាណិតស្រឡាញ់​បាន​នាំ​មក​បំប​បង់​ចោល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប​រួច​គេចខ្លួន​បាត់ ។
ក្រុម​គ្រូពេទ្យ​និង​អ្នក​ដែល​នាំ​កូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​ដល់​ក្មេង​ទាំង​ពីរ​នាក់​ពន់ពេក ដែល​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ចោល ដែល​មិន​គួរ​ណា​ទុក​ពួក​គេ​ឱ្យ​រស់នៅ​កំព្រា​ក្នុង​មន្ទីរពេទ្យ​បែប​នេះ​ឡើយ ។

បើ​តាម​ប្រភព​ពី​អ្នក​ដែល​ទៅ​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បានឱ្យ​ដឹង​ថា រាល់ថ្ងៃ​ក្មេង​ទាំង​ពីរ​នេះ ត្រូវ​បាន​មន្ទីរពេទ្យ​ជា​អ្នក​ចិញ្ចឹម ដោយ​ដាក់​នៅ​ក្នុង​ទ្រុង​សម្រាប់​ការពារ​កុំឱ្យ​ពួក​គាត់​ធ្លាក់​មក​ក្រោម ឬ​ដើរ​ប្រ​សេក​ប្រសាច ដែល​ពិបាក​មើលថែ ។

ប្រភព​ពី​គ្រូពេទ្យ​នៅ​ទីនោះ បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គាត់​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មើលថែ​ក្មេង​ទាំង​២​នាក់​នេះ​ទេ ព្រោះ​មាន​អ្នកជំងឺ​កូន​ក្មេង​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​ណាស់​ក្នុង​ថ្ងៃ​ៗ ។ បច្ចុប្បន្ន​ក្មេង​ទាំង​២​នាក់ ស្ថិត​នៅ​ក្នុង​សាល​បន្ទប់វះកាត់ សាល​លេខ​៣ ជាន់​ទី​២ ត្រូវ​បាន​អ្នក​មក​សម្រាលកូន​នៅ​ជិត​នោះ បាន​ជួយ​ងូតទឹក និង​បញ្ចុក​បាយ​ឱ្យ ព្រោះ​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​មិន​អាច​ញ៉ាំ​បាយ ដោយ​ខ្លួនឯង​បាន​ទេ ។ ក្មេង​ស្រី​ជា​ប្អូន​មាន​ដុះ​សាច់​នៅ​លើ​ច្រមុះ​តាំង​តែ​ពី​កើតមក ឥឡូវ​មាន​អាយុ​៣​ឆ្នាំ​ហើយ ។ រីឯ​ក្មេង​ប្រុស​ជា​បង​វិញ​មាន​ដក់​ទឹក​នៅ​ក្នុង​ខួរក្បាល និង​មាន​អាយុ​៥​ឆ្នាំ​ហើយ​ដែរ ដែល​ទាំង​២​នាក់​កើតមក​យក​ជំងឺ​មក​ជាមួយ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​លែង​ចិញ្ចឹម​តែ​ម្តង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជ័យ​វរ្ម័ន​ទី​៧ នៃ​ខេត្តសៀមរាប សូម​ស្វែងរក​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ប្រសិនបើ​បងប្អូន​មាន​សន្ដាន​ចិត្ត​សប្បុរសធម៌​ចង់​ជួយ​ឧបត្ថម្ភ​ដល់​ក្មេង​កម្សត់​ប្រុស​ស្រី​ទាំង​ទ្វេ​ដូច​ជា សម្លៀក​បំពាក់ ខោ​ទឹកនោម ចំណីអាហារ ឬ​ភេសជ្ជៈ​របស់របរ​ក្មេង​លេង អាច​ទំនាក់ទំនង​មក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប នៅ​បន្ទប់វះកាត់ សាល​លេខ​៣​ជាន់​ទី​២ ខេត្តសៀមរាប​ដោយ​ក្តី​មេត្តា​ផង ។

ក្រុម​គ្រូពេទ្យ​គន្ធ​បុប្ផា សង្ឃឹម​និង​ជឿជាក់​ថា បងប្អូន​ជនរួមជាតិ​ទាំងអស់​នឹង​ចូលរួម​តាម​សទ្ធា​ជ្រះថ្លា​តិច​ក្តី​ច្រើន​ក្តី ដើម្បី​ជា​កុសលផល​បុណ្យ ដល់​អ្នក​ទាំងអស់​គ្នា​ទៅ​ថ្ងៃ​មុខ កុំឱ្យ​ជួប​ប្រទះ​រឿងរ៉ាវ​អភ័ព្វ​ដូច​ក្មួយ​ៗ​ទាំង​២​នាក់​នេះ ដែល​ត្រូវ​ឪពុក​ម្តាយ​បោះបង់​ចោល ឱ្យ​រស់នៅ​កំព្រា​យ៉ាង​លំបាក​បែប​នេះ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ៕