សុខភាព &raquo សុខភាព

បុគ្គល​ដែល​ទទួលទាន​ទឹក​ផ្លែ​ឈើ​ស្រស់​ទៀងទាត់​រៀង​រាល់​ព្រឹក អាច​បណ្តាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធៀប​នឹង​បុគ្គល​ដែល​ទទួលទាន​ម្តងម្កាល នេះ​បើ​យោង​តាម​របកគំហើញ​ថ្មី​មួយ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ បច្ចេកវិទ្យា Swinburne នៅ​ក្រុង Hawthorn​រដ្ឋ​វិច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី​បាន​អះអាង​ថា ការ​ទទួលទាន​ទឹក​ផ្លែ​ឈើ​ស្រស់​១​កែវ​ជា​ប្រចាំ​រាល់ថ្ងៃ​នាំ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ សភាព​បែប​នេះ​អាច​នាំ​ឱ្យ​ហានិភ័យ​កើត​មាន​បញ្ហា​ដូច​ជា គាំងបេះដូង ឬ​ចុក​ទ្រូង​កើនឡើង ។ 

សម្ពាធ​ឈាម​កណ្តាល​ត្រូវ​បាន​វាស់​ស្ទង់​នៅ​ក្នុង​សរសៃឈាម​ក្រហម​ធំ​ដែល​មាន​នាទី​ចែកចាយ​ឈាម​ពី​បេះដូង​ទៅ​កាន់​សរីរាង្គ  ផ្សេង​ៗ ។

អ្នកដឹកនាំ​ការ​សិក្សា វេជ្ជបណ្ឌិត Matthew Pase បាន​ថ្លែង​ថា ការ​រក​ឃើញ​នេះ​សំខាន់​ខ្លាំង​ណាស់​ដ្បិត​មាន​សញ្ញា​នៃ​ការ​យល់​ដឹង​មួយ​ដែល​ថា ទឹក​ផ្លែ​ឈើ​ស្រស់​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​។ លោក​បាន​បន្ត​ថា បើ​ទោះបី​ទឹក​ផ្លែ​ឈើ​ស្រស់​អាច​មាន​ផ្ទុក​វីតាមីន​សំខាន់​ៗ​មួយ​ចំនួន ប៉ុន្តែ តាម​ធម្មតា​វា​ក៏​ផ្ទុក​ស្ករ​លាយ​សារធាតុ​សរសៃ​ក្នុង​ចំនួន​ខ្ពស់​ផង​ដែរ ។ ដូច្នេះ​ការ​ទទួលទាន​ជា​រឿយ​ៗ​អាច​នាំ​ឱ្យ​លើស​សារធាតុ​ស្ករ លើសឈាម​និង​កើត​មាន​ជំងឺ​បេះដូង​ជាដើម ។

នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន តួយ៉ាង​អង់គ្លេស​ជាដើម ទឹក​ផ្លែ​ឈើ​ស្រស់​ជា​កត្តា​ចម្បង​មួយ​បង្កើន​ចំនួន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ធាត់​លើស​ទម្ងន់ ។

ទឹក​ផ្លែ​ឈើ​ស្រស់​ចំណុះ​២៥០​មី​ល្លី​លី​ត្រ​ផ្ទុក​កាឡូរី​១១៥​ពោល​គឺ​ស្មើនឹង​ស្ករ​៧​ស្លាបព្រា​កាហ្វេ ។ បើ​ប្រៀបធៀប​ទៅ​នឹង​ភេសជ្ជៈ​កំប៉ុង បរិមាណ​កាឡូរី​របស់​វា​គឺ​ប្រហាក់​ប្រហែល​គ្នា​ខណៈ​ក្នុង​ទឹកក្រូច​១​កំប៉ុង​ផ្ទុក​កាឡូរី​១៣៩​។ តាម​សៀវភៅ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សរសេរ​ថា បុគ្គល​ម្នាក់​មិន​គួរ​ទទួលទាន​ស្ករ​ច្រើន​ជាង​៦​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ៕