ព្រះខ័នរាជ លត់ក្រុមខ្លា ៦-១ ខណៈស៊ីម៉ាក់ បំបាក់ក្រុមអាស៊ីអឺរ៉ុប ចាស់ដៃ

ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញភាពខ្លាំងនៅលើទឹកដី ជាលើកទី២ តាមរយៈការលត់ក្រុមខេមបូឌានថាយហ្គឺរ ដែលបានយករូបខ្លាជានិមិត្តរូប ជាមួយលទ្ធផល ៦-១ ខណៈក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ក៏បានបំបាក់ក្រុមអាស៊ីអឺរ៉ុប ដើម្បីបង្កើតនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញផងដែរ។
2
សម្រាប់ការប្រកួតរដូវកាលថ្មីនេះ ក្រុមព្រះខ័នរាជ ធ្លាប់បានលត់ក្រុម ៦-២ ម្តងរួចមកហើយ សម្រាប់ការប្រកួតបើកឆាករបស់ពួកគេ កាលពីថ្ងៃសប្តាហ៍មុន។ ចំណែកការប្រកួតជើងទី២ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានគ្រប់គ្រងស្ថានភាពប្រកួតបានយ៉ាងល្អ ដើម្បីបំពេញតាមការចង់បានរបស់អ្នកគាំទ្រនៅកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន។ នៅក្នុងការប្រកួតនេះ ក្រុមស្វាយរៀង បានស៊ុតបាល់បញ្ចូលទីជាបន្តបន្ទាប់ ដើម្បីយកឈ្នះលើក្រុមខេមបូឌានថាយហ្គឺរ ក្នុងលទ្ធផល ៦-២ ហើយ៦គ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Lee Jong Ho ៣គ្រាប់ Atuheire Kipson ២គ្រាប់ និង សុខ សំណាង ១គ្រាប់ រីឯ១គ្រាប់របស់ខេមបូឌានថាយហ្គឺរ រកបានដោយកីឡាករជប៉ុន Tomoki Muramatsu នៅនាទីទី៨២ គឺបន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង នាំមុខ ៥-០។
1
ការឈ្នះជាមួយការស៊ុតបាល់បញ្ចូលទីយ៉ាងច្រើននេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ ជាបណ្តោះអាសន្ន ដោយបានទម្លាក់ក្រុមបឹងកេតអង្គរ ដែលបានឡើងទៅឈរនៅលើកំពូលតារាង តាមរយៈការលត់ក្រុមវេស្ទើន ៦-០ កាលពីថ្ងៃសៅរ៍ ឲ្យទៅឈរនៅលេខរៀងទី២វិញ ខណៈក្រុមក្រសួងការពារជាតិ ដែលបានឈ្នះក្រុមណាហ្គាវើល ១-០ កាលពីថ្ងៃសៅរ៍នោះដែរ ត្រូវធ្លាក់ទៅឈរនៅលេខរៀងទី៣វិញ។

ចំណែកក្រុមស៊ីម៉ាក់ បានលត់ក្រុមអាស៊ីអឺរ៉ុបរហូតដល់ ៥-១ សម្រាប់ការជួបគ្នានៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនោះដែរ ហើយលទ្ធផលនេះបានជួយឲ្យក្រុមដែលធ្លាក់ទៅឈរនៅបាតតារាង កាលពីសប្តាហ៍ទី១មួយនេះ អាចឡើងមកឈរនៅលេខរៀងទី៥ បន្ទាប់ពីក្រុមភ្នំពេញក្រោន ដ៏មិនគួរឲ្យជឿ៕