(Video Highlights) Man City ឈ្នះ​ពាន League Cup ដោយ​ឈ្នះ​បាល់​ប៉េ​ណាល់​ទី​

អ្នក​ចាំ​ទី​ Willy Caballero បាន​បង្ហាញ​​ពី​ភាព​ជា​វី​រ​បុរស​ដ៏​មិន​គួរ​ឲ្យ​ជឿ​ជាមួយ​នឹង​ការ​សង្គ្រោះ​បាល់​ប៉េ​ណាល់​​ទី​ចំនួន​៣​គ្រាប់ ខណៈ​ដែលក្រុម Manchester City បានផ្តួល​ក្រុម Liverpool ក្នុង​លទ្ធផល ៣-១ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទីកាត់​សេច​ក្តីនៅ​កីឡ​ដ្ឋាន Wembley កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ឈ្នះពាន League Cup របស់​អង់​គ្លេស​។

mancity

ការ​ប្រកួត​នេះ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ក្រោយ​ពី​ការ​​បន្ថែម​​នាទី​១៥​នាទី​ពីរ​ដង ខណៈ​ដែល​ខ្សែ​បម្រើ Philippe Coutinho បាន​រកគ្រាប់​បាល់​តាមស្មើ​ឲ្យ​​ក្រុម Liverpool នៅនាទី ទី​៨៣ បន្ទាប់​ពី​ Fernandinho បាន​ជួយ​ឲ្យ​ក្រុម Man City មាន​គ្រាប់​បាល់​នាំ​មុខមុន​ក្នុង​តង់​ទី​២ ហើយ Caballero ក៏​បាន​បំពេញ​តួនាទី​យ៉ាងល្អក្នុង​តំបន់​​ចាំ​ទី​តែ​ម្តង​។

pellegrini-mancity

អ្នក​ចាំ​ទី​សញ្ជាតិ​អា​ហ្សង់​ទីន​វ័យ​៣៤​ឆ្នាំ​រូប​នេះ ដែល​បាន​ចូល​ជំនួស​កន្លែ​ង​របស់ Joe Hart ក្នុង​ការ​ប្រកួត​លក្ខណៈ​ជា​ពាននោះ បាន​សង្គ្រោះ​បាល់​ប៉េ​ណាល់​ទី​​ពី​​ការ​ស៊ុត​របស់​កីឡាករ Lucas Leiva, Coutinho និង​ខ្សែ​បម្រើ​បម្រុង Adam Lallana ហើយ​បើ​ទោះ​បី Fernandinho បាន​ស៊ុត​បាល់​ប៉ះ​បង្គោល​ទី​ពីការ​ស៊ុត​បាល់​ពី​ចំណុច​១១​ម៉ែត្រ​ក៏​ដោយ ប៉ុន្តែ Yaya Toure បាន​ស៊ុត​​បាល់​ប៉េ​ណាល់​ទីកាត់​សេច​ក្តី​ដើម្បី​ផ្តល់​ជ័យ​ជម្នះ​ដល់​ក្រុម Man City តែ​​ម្តង​។ ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​​លោក​ដើម្បី​​រក្សា​​ការ​ជឿ​ជាក់​លើក Caballero លោក Manuel Pellegrini អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man City បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​នឹង​ជ្រើស​រើសយក​ការ​បាត់​បង់​ពាន ជាង​ការ​ក្បត់​ពាក្យ​សម្តី​របស់​ខ្ញុំ​។ បណ្តាញ​សារ​ព័ត៌​មាន​ជា​ច្រើន​​បាន​រង់​ចាំ​​រិះ​គន់​ខ្ញុំ ប្រសិន​បើ Willy Caballero ធ្វើ​ឲ្យ​មាន​កំហុស​។ ខ្ញុំ​មានការ​ជឿ​ជាក់​ខ្លាំងលើ Caballero។ ខ្ញុំ​ពិត​ជា​រីក​រាយ​​ចំពោះកីឡាកររ​បស់​ខ្ញុំ​ និង​បុគ្គលិក ប៉ុន្តែ កាន់​តែ​រីក​រាយ​ចំ​ពោះ Caballero​»​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia