រាជបណ្ឌិត្យ​សភា​កម្ពុជា​ មានតួនាទី​សំខាន់​ពីរធំៗ​ គឺការ​បណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជា មានតួនាទីសំខាន់ពីរធំៗគឺ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ហើយសកម្មភាព ទាំងពីរនេះជួយពង្រឹងគ្នា ទៅវិញទៅមក ដើម្បីឧត្តមភាពនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាស្ថាប័នសិក្សា ស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ និងជាគ្រឹះស្ថានអប់រំ ថ្នាក់ក្រោយឧត្តមសិក្សា។

លោកបណ្ឌិតសភាចារ្យ សុខ អាន បានបន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវលើកកម្ពស់ការសិក្សា ស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងការបង្រៀន និងសម្រាប់ផ្សារភ្ជាប់ទ្រឹស្តីនៅនឹងការអនុវត្តជាក់ស្តែង ហើយលទ្ធផលនៃការស្រាវជ្រាវត្រូវទទួលបានការលើកទឹកចិត្ត ឱ្យបោះពុម្ពក្នុង ទិនានុប្បវត្តិវិទ្យាសាស្រ្ត ជាពិសេសទិនានុប្បវត្តិវិទ្យាសាស្រ្តដែលទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិ។

បណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា “ដើម្បីធានាឱ្យមានគុណភាពខ្ពស់ និងទទួលបានការបោះពុម្ពផ្សាយជាអន្តរជាតិ ឯកសារស្រាវជ្រាវគួរត្រូវបានត្រួតពិនិត្យ ដោយអ្នកឯកទេស ឯករាជ្យលើប្រធានបទ ស្រាវជ្រាវនោះ ហើយត្រូវបញ្ជៀសឱ្យបានទាំងស្រុងនូវការបង្កើតទិន្នន័យដោយខ្លួនឯង ដោយគ្មានការចុះអង្កេតផ្ទាល់ តាមលក្ខណៈបច្ចេកទេសនិងវិទ្យាសាស្ត្រត្រឹមត្រូវ ព្រោះថា លទ្ធផលនៃការសិក្សាស្រាវជ្រាវ គឺពឹងផ្អែកទាំងស្រុង ទៅលើគុណភាពនៃទិន្នន័យ ដែលប្រើប្រាស់ ក្នុងការសិក្សាស្រាវជ្រាវ។ ប្រសិនបើទិន្នន័យគ្មានគុណភាព នោះលទ្ធផលដែលទទួលបាន ពីការយកទិន្នន័យនេះ ទៅប្រើប្រាស់នឹង ពិតជាលទ្ធផលក្លែងក្លាយ គ្មានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ។

អំពើបែបនេះនឹងជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរទៅដល់ ការប្រើប្រាស់លទ្ធផល នៃការសិក្សាស្រាវជ្រាវ ក្នុងការតាក់តែង គោលនយោបាយនានា ហើយធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងទៅដល់កិត្តិនាម របស់ខ្លួនផ្ទាល់ របស់ស្ថាប័នដែលខ្លួនបម្រើការ និងប្រទេសជាតិរបស់ខ្លួន”។

លោក សុខ អាន បានផ្តល់ជាអនុសាសន៍នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៦ថា អ្នកសិក្សាស្រាវជ្រាវ គួរប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌ អាជីពរៀងៗខ្លួន ដើម្បីជៀសវាងឱ្យ បាននូវការប្រើប្រាស់ស្នាដៃរបស់អ្នកស្រាវជ្រាវដទៃទៀត ដោយពុំមានផ្តល់នូវប្រភពត្រឹមត្រូវ និងដើម្បីលើកកម្ពស់ សុចរិតភាពក្នុងការ សិក្សាស្រាវជ្រាវ។ អ្នកស្រាវជ្រាវពូកែត្រូវ មានចំណេះដឹងខ្ពស់ ទាំងផ្នែកទ្រឹស្ដី និងវិធីសាស្ត្រស្រាវជ្រាវទូលំទូលាយ ព្រមទាំងមានការអភិវឌ្ឍខ្លួន ជាប្រចាំតាមរយៈ ការសិក្សាលើអត្ថបទស្រាវជ្រាវថ្មីៗនានា និងការធ្វើបទបង្ហាញនៅក្នុងសន្និសីទវិទ្យាសាស្ត្រ ដើម្បីធ្វើបច្ចុប្បន្នភាព ចំណេះដឹងក្នុងជំនាញ ឯកទេសនៃការស្រាវជ្រាវរបស់ខ្លួន។

សូមបញ្ជាក់ថា ការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រគល់តួនាទីភារកិច្ចនិងគោរមងារថ្មីដល់បញ្ញជនទាំងពីររូបគឺ លោកបណ្ឌិត ច័ន្ទ សំណព្វ និង លោកបណ្ឌិតសភាចារ្យ សុខ ទូច គឺពិតជាកម្លាំងចលករប្រកប ដោយឋាមពលបន្ថែមទៀត ដែលអាចរុញច្រានឱ្យ ក្រុមប្រឹក្សាជាតិភាសាខ្មែរនិងរាជបណ្ឌិត្យសភាកម្ពុជា កាន់តែមានសន្ទុះទ្វេឡើង៕

រាជបណ្ឌិត្យ​សភា​កម្ពុជា​ មានតួនាទី​សំខាន់​ពីរធំៗ​ គឺការ​បណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​

រាជបណ្ឌិត្យ​សភា​កម្ពុជា​ មានតួនាទី​សំខាន់​ពីរធំៗ​ គឺការ​បណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​