ក្រុមហ៊ុន​ Mercedes ​ប្ដូរ​ពី​ប្រើ​មនុស្ស​យន្ត​មកប្រើ​​មនុស្ស​​ពិតៗ​វិញ​ម្ដង

​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ Bloomberg បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ Mercedes កំពុង​ជំនួស​​កម្មករ​ដ៏​ទំនើប​របស់​ខ្លួន​ ដោយ​​ប្រើ​កម្លាំង​មនុស្ស​​ពិតលើ​សង្វាក់ផលិតកម្ម​របស់​ខ្លួន​វិញ​ម្ដង។

 

ក្រុមហ៊ុន​ Mercedes ​ប្ដូរ​ពី​ប្រើ​មនុស្ស​យន្ត​មកប្រើ​​មនុស្ស​​ពិតៗ​វិញ​ម្ដង

 

​​​មូលហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​ដោយ​សារ​ មនុស្ស​យន្ត​មិន​អាច​​ធ្វើ​​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន (customization) ​ ដែល​ក្រុមហ៊ុន​មាន​ផ្ដល់​ជូន​នៅ​លើ​រថយន្ត​ម៉ូដែល​ S-Class របស់​ខ្លួន។ បើ​និយាយ​ពី​ការ​កុម្ម៉ង់​​ គ្រាន់​តែ​គម្រប​វ៉ាល់​លើ​កង់​រថយន្ត​តែ​មួយ​មុខ​គឺ​​មាន​ដល់​ទៅ​បួន​ជម្រើស​ខុសៗ​ពី​គ្នា។ មិន​តែ​ប៉ុណ្ណោះ​​សូម្បី​តែ​សម្ភារៈ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ជា​ច្រើន​ជម្រើស​ផង​ដែរ ដែល​​កិច្ចការ​នេះលើស​ពី​សមត្ថភាព​​របស់​មនុស្សយន្ត។

 

លោក​ Markus Schaefer ប្រធាន​ផ្នែក​ផលិត​របស់​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា​ មនុស្ស​យន្ត​មិន​អាច​រាប់​រង​នូវ​ការ​ផលិត​រថយន្ត​ដែល​មាន​លក្ខណៈ​ពិសេសៗ​ និង​ស្មុគស្មាញ​ដូច​អ្វី​ដែល​​ក្រុមហ៊ុន​មាន​បច្ចុប្បន្ន​នោះ​ឡើយ។ លោក​បន្ថែម​ថា​៖ “​យើង​​កំពុង​​សន្សំ​សំចៃ​ថវិកា​និង​​ការពារ​អនាគត​​របស់​យើង​ តាម​រយៈ​ការ​ជួល​កម្លាំង​មនុស្ស​ពិត​បន្ថែម”។

 

គួរ​បញ្ជាក់​ថា​មនុស្សយន្ត​មិន​មែន​​ត្រូវ​បាន​ដក​ចេញ​ពី​រោងចក្រ​​របស់​ក្រុមហ៊ុន​ Mercedes ទាំង​ស្រុង​នោះ​ឡើយ។ ម៉ាស៊ីន​ទាំង​នោះ​នៅ​តែ​អាច​បំពេញ​កិច្ចការ​បាន​ល្អ​ដូច​ជា​​ការ​ផ្សារ​ភ្ជាប់​ ការ​លាប​ថ្នាំ​ពណ៌​ និង​ដំឡើង​ម៉ាស៊ីន​ជា​ដើម៕​​​

 

ចុច​អាន៖ Cadillac CT6 ​រថយន្ត​នាំ​សំណាង​ដូច​ត្រី​​មាស​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​ Engadget