ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​២០១៥ ស្រប​នឹង​តម្រូវការ​ក្នុងស្រុក​ចុះ​ខ្សោយ​។ ក្នុង​នោះ​ដែរ ការ​នាំ​ចូល​ពី​សិង្ហ​បុរី និង​៤​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​អត្រា​ច្រើន​ជាង​៩០% នៃ​ការ​នាំ​ចេញ​របស់​បណ្តា​ប្រទេស​អាស៊ាន បាន​ធ្លាក់​ចុះ​១៣%​កាលពី​ឆ្នាំ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​បំផុត​ក្នុង​រយៈពេល​៦​ឆ្នាំ ។

ការ​ធ្លាក់​ចុះ​នេះ បណ្តាល​មក​ពី​ការ​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ប្រេង​ឆៅ និង​ធនធានធម្មជាតិ​ផ្សេង​ទៀត ក៏​ដូច​ជា​សេដ្ឋកិច្ច​ចិន​ដែល​កំពុង​ចុះ​ខ្សោយ ព្រមទាំង​ការ​ធ្លាក់​ថ្លៃ​នៃ​រូបិយប័ណ្ណ​ប្រាក់​ចិន​ផង​ដែរ ខណៈ​ចិន​ជា​ប្រទេស​នាំមុខ​គេ​នៃ​ការ​ធ្វើ​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​ទាំង​៥ ។

ទន្ទឹម​នឹង​នេះ ទឹកប្រាក់​សរុប​នៃ​ការ​នាំ​ចេញពី​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ថៃ ឥណ្ឌូ​ណេ​ស៊ី និង​វៀតណាម​បាន​ធ្លាក់​ចុះ ទោះបីជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ព្យាករ​ថា វា​នឹង​កើនឡើង​២,៨% ក្តី ។

ម៉ា​ឡេ​ស៊ី គឺជា​ប្រទេស​នាំ​ចេញ​ធំ​ជាងគេ​ទី​២ ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស ក៏​បាន​រង​នូវ​ការ​ប៉ះទង្គិច​នៃ​ការ​ធ្លាក់​ចុះ​នេះ​ដែរ ដោយសារ​តែ​ម៉ា​ឡេ​ស៊ី​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ធនធានធម្មជាតិ ពោល​គឺ​ប្រេង​ឆៅ ឧស្ម័ន និង​ប្រេងដូង ។ ផលិតផល​ទាំង​បី​នេះ​មាន​អត្រា​ច្រើន​ជាង​២០% នៃ​ការ​នាំ​ចេញ​សរុប ។ ទន្ទឹម​នឹង​នេះ តម្លៃ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​២២% ស្មើនឹង​១៨១,៧​ប៊ី​លាន​ដុល្លារ ដែល​ជា​ការ​ធ្លាក់​ចុះ​ដំបូង​បំផុត​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក ។

ចំណែក​ការ​នាំ​ចេញពី​ឥណ្ឌូ​ណេ​ស៊ី​វិញ បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​៤ ក្នុង​អត្រា​១៥% គិត​ជា​ទឹកប្រាក់​ចំនួន​១៥០,២​ប៊ី​លាន​ដុល្លារ ។ នេះ​ក៏​ជា​លើក​ដំបូង​ដែរ​នៃ​ការ​ធ្លាក់​ចុះ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៦​ឆ្នាំ​នេះ ដោយសារ​តែ​ការ​ធ្លាក់​ថ្លៃ​នៃ​ធ្យូងថ្ម និង​ប្រេង ។ មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ចម្បង​មួយទៀត​នោះ គឺ​តម្លៃ​នៃ​កៅស៊ូ​ធម្មជាតិ​បាន​ធ្លាក់​ចុះ​២០% នៅ​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ផ្ទុយ​ទៅ​វិញ ប្រទេស​វៀតណាម​ទទួល​បាន​ប្រាក់​ចំណេញ​លើ​ការ​នាំ​ចេញ​សម្រាប់​រយៈពេល​៦​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​មាន​តម្លៃ​១៦២,១​ប៊ី​លាន​ដុល្លារ ពោល​គឺ​កើនឡើង​៨% ។ ជាក់ស្តែង ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក​របស់​វៀតណាម​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ លើស​ពី​នេះ​ទៀត ក្នុង​នាម​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អន្តរ​ភាគី​ពាណិជ្ជកម្ម​សេរី ការ​នាំ​ចេញ​របស់​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​កើនឡើង​ទៀត ។

គួរ​បញ្ជាក់​ថា បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១៦​នេះ ។ តួយ៉ាង ប្រទេស​ថៃ​រំពឹង​ថា ការ​នាំ​ចេញ​នឹង​កើនឡើង​៥% ។ ប៉ុន្តែ​ទស្សនវិស័យ​សេដ្ឋកិច្ច​ហាក់​មាន​សភាព​អាប់អួ ខណៈ​ប្រទេស​ចិន​រាយការណ៍​ថា ការ​នាំ​ចូល​នៅ​ក្នុង​ខែមករា​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​២០% ៕