ក្រុម​រដ្ឋឥស្លាម​ធ្វើការ​វាយប្រហារ​ពីរកន្លែង​នៅ​ជាយក្រុងបាកដាដ

ក្រុម​រដ្ឋឥស្លាម​ធ្វើការ​វាយប្រហារ​ពីរកន្លែង​នៅ​ជាយក្រុងបាកដាដ

មនុស្ស​ម្នា​ប្រមូលផ្តុំ​នៅ​កន្លែង​រងការវាយប្រហារ​ដោយគ្រាប់បែក​នៅ​ក្រុង Sadr City ប្រទេស​អ៊ីរ៉ាក់ កាល​ពីថ្ងៃ២៨ ខែ​កុម្ភៈ ឆ្នាំ២០១៦។

ក្រុម​ជនសកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បានធ្វើ​ការ​វាយ​ប្រហារ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ខាង​លិច ​និង​ខាង​កើត​នៃ​ក្រុង​បាកដាដ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​បណ្តាល​ឲ្យ​មនុស្ស​រាប់សិបនាក់​ស្លាប់។​

នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​នាំ​ឲ្យភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ជនគ្រាប់បែក​អត្តឃាត​បី​នាក់​និង​ជន​ប្រដាប់អាវុធ​ជិះ​ក្នុង​រថយន្ត​មួយ​បាន​ធ្វើការ​វាយ​ប្រហារ​ក្នុង​សង្កាត់ Abu Ghraib ឋិត​នៅ​ចម្ងាយ​២៥គ.ម.ខាង​លិច​ក្រុង​បាកដាដ។​

នៅ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​មក​ ពួក​ជ្រុលនិយម​ទាំង​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​ពីរ​នៅ​ក្នុង​សង្កាត់ Shi'ite Sadr City នា​ប៉ែកឦសាន​នៃ​ក្រុង​បាកដាដ​ ដោយ​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៤​នាក់​បាត់បង់​ជីវិត។​

លោក Moqtar al Sadr មេដឹកនាំ​ពួក​ Shi'ite បានអំពាវ​នាវ​ដល់​ពួក​អ្នក​ដើរ​តាម​លោក​ឲ្យ​ការពារ​ក្រុង​បាកដាដ។​

អ្នកស្រុក​បាននិយាយថា​តំបន់អន្តរជាតិ​ហៅ​កាត់​ថា​ IZ នៃ​ក្រុង​បាកដាដ​ ដែល​ជា​តំបន់​មាន​ស្ថានទូត​ច្រើន​ និង​មាន​ផ្ទះបុគ្គលិកអន្តរជាតិ​និង​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ផង​ដែរ​នោះបាន​ត្រូវ​ដាក់​ឲ្យឋិត​នៅ​ក្នុងការ​ប្រុងប្រយ័ត្ន​ខ្លាំង​ជា​បណ្តោះអាសន្ន។​

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ជា​ច្រើន​បាន​ត្រូវ​បញ្ជូន​ជា​បន្ទាន់​ទៅ​កាន់​តំបន់​ IZ នៃក្រុង​បាកដាដ និង​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់​ដែល​ឋិត​នៅ​ខាង​លិច​ក្រុងនេះ។​

កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ក្រុម​មន្ត្រី​អ៊ីរ៉ាក់​បាន​ប្រកាស​ថា​ ការ​ប្រយុទ្ធ​នៅ​ Abu Ghraib បានចប់ហើយ​ ហើយ​អ្នកស្រុក​ក្រុង​បាកដាដ​បាននិយាយ​ថា​ ក្រុង​នេះ​មាន​ស្ថានភាព​ធម្មតា​វិញ​ហើយ៕