ចប់​និយាយ​! មិត្ត​ខ្ញុំ​ ថ្ងៃ​ម៉ាក់​ប៉ា​វា​ផ្សំ​ដំណេក​វា​ទៅ​គេង​ប្រឡោះ​កណ្ដាល…

នឹក​ឃើញ​រឿង​នេះ​ខ្ញុំ​ហួស​ចិត្ត​ចង់​បោក​ក្បាល​! ខ្ញុំ​មាន​មិត្តភ័ក្ដិ​ម្នាក់​ នាង​ឈ្មោះ អង្គា។ កាល​នោះ​ខ្ញុំ​អាយុ ១១ ឆ្នាំ​ ហើយ​​នាង​អាយុ ១០ ឆ្នាំ​ ពួក​យើង​​​នៅ​ផ្ទះ​ជិត​គ្នា​ហើយ​តែង​តែ​លេង​បាយឡុកបាយឡ​​ជាមួយ​រាល់​ថ្ងៃ។

 

ម្ដាយ​ឪពុក​នាង​បាន​លែង​លះ​គ្នា នាង​រស់​នៅ​ជាមួយ​ម្ដាយ​នាង ប៉ុន្តែ​ដោយ​ម្ដាយ​របស់​នាង ត្រូវ​ធ្វើ​ការ​រោងចក្រ​ឆ្ងាយ នាង​ក៏​ត្រូវ​រស់​នៅ​ជាមួយ​តាយាយ​របស់​នាង ហើយ​ផ្ទះ​ពួក​គាត់​នៅ​ជាប់​ផ្ទះ​ខ្ញុំ។

 

បើ​គិត​ទៅ​ អង្គា ​ក៏​គួរ​ឱ្យ​អាណិត​ដែរ​ នាង​មិន​បាន​រៀន​ដិតដល់​ទេ ព្រោះ​ខ្វះ​អ្នក​យក​ចិត្ត​ទុក​ដាក់។ យាយ​របស់​នាង​ផឹក​រាល់​ថ្ងៃ ដល់​ថ្នាក់​អ្នកភូមិ​ហៅ​គាត់​ថា «យាយ​ឡូឡា» គាត់​​តែង​តែ​រករឿង​នាង​ ជេរ​ច្រាស​គ្មាន​លោះ​ថ្ងៃ​ឡើយ ដោយ​ហេតុ​ថា​ម្ដាយ​របស់​នាង​​មិន​មែន​ជា​កូន​បង្កើត​របស់​គាត់​គឺ​ជា​កូន​ប្រពន្ធ​ចុង ។

 

ម្ដាយ​របស់​​​នាង​ក៏​រៀប​ការ​ជាមួយ ប្ដី​មួយ​ទៀត​ ហើយ​យប់​ផ្សំ​ដំណេក​​នាង​បាន​ចូល​ទៅ​ដេក​ជិត​ម៉ាក់​របស់​នាង​ធ្វើ​មិន​ដឹង។ រហូត​ដល់​យាយ​របស់​នាង​អូស​ដៃ​ចេញ​ឱ្យ​ទៅ​ដេក​ជាមួយ​គាត់​វិញ ព្រម​ទាំង​បន្ទោស​ថា «យប់​គេ​ផ្សំ​ដំណេក​ឯង​ទៅ​ដេក​ប្រឡោះ​កណ្ដាល!»។

 

ឱ្យ​តែ​នឹក​ឃើញ​រឿង​នេះ​ ខ្ញុំ​សើច​មិន​ឈប់​ឡើយ តែ​មើល​ទៅ​ អង្គា ​ដូច​ជា​មិន​ខ្វាយខ្វល់​នឹង​រឿង​នេះ​សោះ។ ក្រោយ​​ពិធី​រៀបការ​ អង្គា ​មក​រស់​នៅ​ជាមួយ​តា​យាយ​របស់​នាង​វិញ ហើយ​នាង​បាន​ប្រាប់​ខ្ញុំ​ថា​ នាង​មិន​ចង់​ឱ្យ​ម៉ាក់​របស់​នាង​រៀប​ការ​ទេ នាង​ចង់​ឱ្យ​គាត់​ចិញ្ចឹម​​តែ​នាង​ម្នាក់​បាន​ហើយ។

 

 

ចប់​និយាយ​! មិត្ត​ខ្ញុំ​ ថ្ងៃ​ម៉ាក់​ប៉ា​វា​ផ្សំ​ដំណេក​វា​ទៅ​គេង​ប្រឡោះ​កណ្ដាល…

(រូបតំណាង)

 

យូរ​ៗ​ អង្គា​ទៅ​លេង​ម៉ាក់​របស់​នាង​ម្ដង​ ពេល​ត្រឡប់​មក​វិញ​នាង​ប្រាប់​ខ្ញុំ​ថា «ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ»។ ខ្ញុំ​សួរ​ថា​រឿង​អី? នាង​ថា «បើ​គាត់​ចង់​ថើប​គ្នា​ គាត់​មិន​គួរ​ថើប​គ្នា​មុខ​ខ្ញុំ​ទេ! ខ្ញុំ​ខឹង»។
អង្គា​មិន​ដែល​ពេញ​ចិត្ត​ ប៉ា​ចុង​របស់​នាង​ទេ។ មាន​រឿង​អី​ក៏​នាង​ប្រាប់​ខ្ញុំ​ដែរ ឱ្យ​តែ​នាង​ពិបាក​ចិត្ត។ ហើយ​អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច ជា​រៀង​រាល់​ល្ងាច​ តែងតែ​ឮ​សំឡេង​យាយ​ឡូឡា​​ជេរ​អង្គា​ ហើយ​គាត់​ចូល​ចិត្ត​វ៉ៃ​ក្បាល​អង្គា​ណាស់​។ ខ្ញុំ​ខ្លាច​តែ​ថ្ងៃ​ណាមួយ​ នាង​ទៅ​ជា​ឡប់​សតិ​ទេ​។

 

យូរ​ៗ​ទៅ​ យាយ​ឡូឡា​ក៏​នឹក​ឃើញ​ឱ្យ​ចៅ​ចូល​រៀន​ ប៉ា​ខ្ញុំ​ក៏​ជួយ​ចុះ​ឈ្មោះ​ឱ្យ​នាង​រៀន​ថ្នាក់​ទី​មួយ​ឡើង​វិញ ព្រោះ​សូម្បី​តែ​ ក ខ គ ក៏​នាង​មិន​ទាន់​ចេះ​ដែរ។ រៀន​បាន​ប្រហែល​ពីរ​ខែ នាង​ក៏​ឈប់​រៀន​ដោយ​ប្រាប់​ថា​រៀន​មិន​ទាន់ ហើយ​នាង​មិន​ចង់​រៀន​ថ្នាក់​ទី​មួយ​ព្រោះ​នាង​​ធំ​ហើយ។ យាយតា​របស់​នាង​ក៏​មិន​បាន​ជំរុញ​ចៅ​ឱ្យ​ខិតខំ​រៀន​ដែរ​ ចៅ​ចង់​ឈប់​គាត់​ឱ្យ​ឈប់​នៅ​ផ្ទះ​​ដាំ​បាយ​ឱ្យ​គាត់​ហូប។

 

អង្គា​ នៅ​បន្ត​មក​លេង​បាយឡុកបាយឡ​ជាមួយ​ខ្ញុំ​ដូច​ធម្មតា។ យើង​និយាយ​ត្រូវ​រ៉ូវ​គ្នា ហើយ​លេង​មិន​ដែល​ឈ្លោះ​គ្នា​ឡើយ​ លុះ​ដល់​ខ្ញុំ​រៀន​បាន​ថ្នាក់​ទី ៨ មិត្ត​ភាព​យើង​ក៏​ចាប់​ផ្ដើម​បញ្ចប់​ព្រោះ​​​តែ​ថ្ងៃ​នោះ… ខ្ញុំ​បាន​បាត់​លុយ ២ ម៉ឺន​រៀល​ វា​ជា​លុយ​ដែល​ខ្ញុំ​សន្សំ​។

 

យប់​នោះ​នាង​ លេង​ជាមួយ​ខ្ញុំ​ដល់​ម៉ោង ៨ យប់​ហើយ​អត់​ទាន់​ទៅ​ផ្ទះ​ទៀត។ នាង​ក៏​ដឹង​ដែរ​ថា​លុយ​ខ្ញុំ​តែង​តែ​ដាក់​ក្នុង​ថត​តុ​ នៅ​មុខ​បន្ទប់​។ ចៃដន្យ​បង​ស្រី​ហៅ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​ ​ ខ្ញុំ​ក៏​ចូល​ទៅ​លុះ​មក​វិញ​ អត់​ឃើញ​នាង​ឡើយ។ ស្អែក​ឡើង​ទើប​ដឹង​ថា​បាត់​លុយ ខ្ញុំ​ក៏​សួរ​បង​ៗ​របស់​ខ្ញុំ គាត់​ថា​គ្រាន់​តែ​ឃើញ​អង្គា​ធ្វើ​ដូច​ផ្អើល​ៗ​ ពេល​គាត់​ដើរ​ចូល​ក្នុង​ផ្ទះ។ ខ្ញុំ​ដឹង​ភ្លាម​ថា​ អង្គា​ជា​អ្នក​លួច​លុយ​ខ្ញុំ​ តែ​អ្នក​ផ្ទះ​ខ្ញុំ​មិន​បាន​រក​រឿង​នាង​ទេ គ្រាន់​តែ​ប្រាប់​ថា​ឈប់​ឱ្យ​ខ្ញុំ​លេង​ជាមួយ​នាង​ទៀត។

 

ថ្ងៃ​បន្ទាប់​ ខ្ញុំ​ដើរ​ទៅ​រៀន​​ក៏​ជួប​នាង​ កំពុង​ជិះ​កង់​មក​ពី​ដូរ​កំប៉ុង​ហ្គាស​ ខ្ញុំ​មិន​ទាន់​និយាយ​អី​ផង នាង​គេច​មុខ​ធ្វើ​មិន​ឃើញ​ខ្ញុំ​តែ​ម្ដង នេះ​គេ​ហៅ​ថា​ ស៊ី​លៀស​រអៀស​ខ្លួន។​​

 

​​​​ទោះ​យ៉ាង​ណា​ខ្ញុំ​មិន​បាន​ ខឹង​ ឬ ស្អប់​នាង​ឡើយ​ខ្ញុំ​ខឹង​គ្រួសារ​នាង​ច្រើន​ជាង​ ព្រោះ​យាយ​នាង​គិត​តែ​ដក​មេ​ តា​នាង​គិត​តែ​រឿង​ផឹក​កាហ្វេ​ព្រោកប្រាជ្ញ​ ឯ​ម្ដាយ​នាង​​មាន​ប្ដី​ក្រោយ​ហើយ​ដូច​មាន​អ្វី​ៗ​ទាំង​អស់​! មិន​សូវ​ខ្វល់​ពី​នាង​ឡើយ ពូ​មីង​របស់​នាង​ គឺ​ដឹង​តែ​ប្រើ​ ត្រូវ​ជេរ​ក៏​ជេរ​ភ្លាម។
ក្រោយ​មក​ទៀត​នាង ក៏​ឈប់​នៅ​ជាមួយ​យាយតា ហើយ​ទៅ​ធ្វើ​ការ​​រោងចក្រ​ជាមួយ​ម្ដាយ​នាង។ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ព្យាយាម​អូសទាញ​នាង​​ឱ្យ​រៀន​សូត្រ​ហើយ តែ​សាមី​ខ្លួន​និង​អ្នក​ផ្ទះ​ ដូច​ជា​មិន​សូវ​ខ្វល់​ទេ​ ដូច្នេះ​មាន​តែ​បណ្ដោយ​ទៅ​តាម​ការ​ជ្រើសរើស​របស់​នាង​ចុះ៕

 

 

អត្ថបទ៖ ឡឹក ស្រី​ទីន​

ចុចអាន៖ សង្ស័យ​ថា ពូស្រឡាញ់ម្ដាយខ្លួន ចុងក្រោយទើបដឹង…!

អានអត្ថបទមនុស្សដែលខ្ញុំចងចាំទាំងអស់

មានរឿងរ៉ាវចង់ចែករំលែក សូមផ្ញើទៅកាន់ e-mail: [email protected]

[email protected]ទទៅកាន់លេខ ០១០ ៧០០ ៧២៧