បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ឆ្នាំង បន្ត​រាលដាល​ដោយសារ​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ពុករលួយ

លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ មានការ​សង្ស័យថា លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​លោក សោម ភា​រុណ ទើប​បណ្ដោយ​ឲ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​បទល្មើស​នេសាទ​ប្រើ​សម្រាស់​ហ៊ុមព័ទ្ធ​ក្នុង​ទន្លេសាប​នៃ​ក្រុង​កំពង់ឆ្នាំង កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មិនឃើញ​លោក សោម ភា​រុណ ចាត់វិធានការ​បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ​។

ប្រជា​នេសាទ​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា នៅក្នុង​បឹង​ទន្លេសាប​មូលដ្ឋាន​របស់​ពួកគាត់​មាន​បទល្មើស​ហ៊ុម​សម្រាស់​ប្រមាណ​៥០​កន្លែង ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប​ភូមិ​កណ្ដាល ដែល​និគមជន​យួន​ធ្លាប់​រស់នៅ​និង​ដាក់​បែ​ចិញ្ចឹម​ត្រី ឥឡូវ​បាន​ក្លាយជា​ទីតាំង​ហ៊ុមព័ទ្ធ​សម្រាស់​ដើម្បី​ចាប់យក​ត្រី​បន្ទាប់ពី​ជនជាតិ​យួន​ទាំងនោះ ចាកចេញ​កាលពី​អំឡុង​ចុងឆ្នាំ​២០១៥​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ដាក់​សម្រាស់​ហ៊ុមព័ទ្ធ​ចាប់​ត្រី​នេះ កើតឡើង​តាំងពី​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០១៥ ហើយ​សម្រាស់​ទាំងនោះ​បង្កប់​នៅក្រោម​កំប្លោក​អណ្ដែត​ទឹក បន្ទាប់មក​ជនល្មើស​តែង​ហ៊ុម​អួន​ចាប់យក​ត្រី​នៅពេល​ល្ងាច​ឬ​ពេលយប់​យ៉ាង​រលូន​។

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ផ្សារឆ្នាំង បាន​ឲ្យ​ដឹងថា អ្នក​ដាក់​សម្រាស់​ហ៊ុមព័ទ្ធ​ចាប់​ត្រីភាគ​ច្រើន គឺជា​ជនជាតិ​យួន ប៉ុន្តែ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​ជាបន្ទាន់ ព្រោះ​បទល្មើស​ហ៊ុម​សម្រាស់​ព័ទ្ធ​អួន​ចាប់យក​ត្រី គឺជា​បទល្មើស​ដែល​បំផ្លាញ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​។ ជាងនេះទៅទៀត​លោក សោម ភា​រុណ ត្រូវបាន​គេ​រិះគន់ថា ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង ដូច្នេះ​ល្មម​ដល់​ពេលដែល​អគ្គនាយក​រដ្ឋបាល​ជលផល និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​តាមច្បាប់​ហើយ​៕

11058236_1642876705983862_8040766391971512374_nលោក សោម ភារុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង 202b80c6-5f1b-45b2-90e2-d0bb862449ca