ចាំមើល​ដំណោះស្រាយ​របស់លោក យន្ត មីន ទាក់ទង​ប្លង់​កម្មសិទ្ធិ​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ស្ពាន​ឆេះ​

ករណី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ស្ពាន​ឆេះ​និង​បឹង​ព្រែក​ទប់ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​រង់​ចាំមើល​ចំណាត់ការ​របស់លោក យន្ត មីន ដែលជា​អភិបាលខេត្ត​។ ដោយហេតុថា ដីព្រៃ​លិច​ទឹក​តំបន់​ស្ពាន​ឆេះ​ប្រមាណ​ជាង​១០​ហិកតា ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទន្ទ្រាន​កាន់កាប់​និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ចង់​ឲ្យ​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះសីហនុ ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​វែកមុខ​អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ស្ពាន​ឆេះ ចាត់វិធានការ​តាមច្បាប់​ដើម្បី​ជាការ​ព្រមាន​។

ប្រភពពី​មន្ត្រីរាជការ​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​តំបន់​ស្ពាន​ឆេះ​ប្រមាណ​ជាង​១០​ហិកតា​កន្លងមក​តំបន់​នេះ មិន​អនុញ្ញាត​ឲ្យ​មាន​ប្លង់​កម្មសិទ្ធិឯកជន​ឡើយ ព្រោះ​ជា​ដី​របស់​រដ្ឋ​។ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០១៤​ស្របពេល​ដែល​លោក ស្បោង សា​រ៉ា​ត អតីត​អភិបាលខេត្ត​ព្រះសីហនុ ដល់ពេល​ចូលនិវត្តន៍​ស្រាប់តែ​ដីព្រៃ​លិច​ទឹក​ជាង​១០​ហិកតា​នោះ ត្រូវបាន​គេ​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​យ៉ាង​រលូន​ដោយ​ទុក​តែ​ទទឹង​ពី​៣០​ទៅ​៤០​ម៉ែត្រ នៅ​ចន្លោះ​កណ្ដាល​បណ្ដោយ​ផ្លូវ​លិច​ទឹក ដើម្បី​រំដោះ​ទឹកភ្លៀង​កុំ​ឲ្យ​ជន​លិច​នៅ​រដូវវស្សា​តែប៉ុណ្ណោះ​។ ជំនាន់​លោក ឈិ​ត សុខុន ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ស្ពាន​ឆេះ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល ហើយ​អ្នកមាន​លុយ អ្នកមានអំណាច មិន​ខ្លាច​ចំណាត់ការ​របស់​មន្ទីរ​ពាក់ព័ន្ធ​នោះទេ​។

ការចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​ព្រៃ​លិច​ទឹក​ស្ពាន​ឆេះ​បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បញ្ហា​នេះ​។ ដូច្នេះហើយ​ទើប​គេ​រង់ចាំ​មើល​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ទីរ​ពាក់ព័ន្ធ​នានា ក៏បាន​ធ្វើ​សេចក្ដីរាយការណ៍​ទៅ​លោក យន្ត មីន រួចរាល់​ផងដែរ​។ បញ្ហា​ចំពោះមុខ​គឺ​ប្រជាពលរដ្ឋ​ចង់ឃើញ​មានការ​វែកមុខ​ក្រុម​អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យកទៅ​ចាត់វិធានការ​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​គឃ្លើន​បន្តទៀត​៕

min-855លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ 20160220_141521-1 20160220_143039