មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

​ថ្មីៗ​នេះ​មានការ​បង្ក្រាប​ឈើ​សុ​ក្រំ​និង​ឈើ​រាជ​ថ្កុ​ល​៨៨​ដុំ ដែល​ជនល្មើស​កាប់​អារច្រៀក​រួច​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដកហូត​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​។ ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​លើកឡើងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​យ៉ាង​អាធិបតេយ្យ​។ ប្រសិនបើ​គេ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គួរតែ​ចាត់វិធានការ​ទៅលើ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​តាម​ការអះអាង​ពី​ជនល្មើស​និង​អ្នកភូមិ​ដែល​ស៊ីឈ្នួល​ចូលទៅ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា បើ​ចង់​ចូលទៅ​កាប់​ឈើ​ក្នុង​តំបន់​នោះ ត្រូវ​បង់​ឲ្យ​មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ​ក្នុង​រណារ​ត្រង់​ស៊ី​ន័​រ​១​គ្រឿង​២០​ម៉ឺន​រៀល ប្រេងសាំង​១​កាន​៣០​លីត្រ​ត្រូវ​បង់​២០​ម៉ឺន​រៀល ហើយ​បើ​អស់​ប្រេង​ចុះមក​១​កាន​ទៀត​ត្រូវ​បង់​២០​ម៉ឺន​រៀល​ថែមទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ដឹកឈើ​ចេញពី​ព្រៃ​ពួកគេ​ត្រូវ​បង់​ក្នុង​១​រទេះ​ឬ​១​គោយន្ត​១០​ម៉ឺន​រៀល​ឲ្យ​មន្ត្រី​បរិស្ថាន និង​៨​ម៉ឺន​រៀល​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទើប​មិន​ប្រឈម​នឹង​ការបង្ក្រាប​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឲ្យ​ដឹង​ទៀតថា នៅពេល​អារច្រៀក​ឈើ​រួច​ក្រុម​ជនល្មើស​បាន​អូស​ឈើ​ទាំង​នោះមក​ដាក់​នៅ​ចំណុច​ចិន​យំ ឬ​ចំណុច​រង្វង់​មូល​នៅលើ​ភ្នំ​ឱ​រ៉ា​ល់ ទើប​យក​រទេះ​និង​គោយន្ត​ទៅ​ដឹកជញ្ជូន​មក​ទុក​ក្នុងភូមិ​។

ក្នុងចំណោម​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ការពារ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​នោះ លោក បឿ ប៊ុនថន នាយក​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ព្រោះ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រការនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ឡើងវិញ​ផងដែរ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាបន្ទាន់ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ជាការ​ព្រមាន​ផងដែរ​៕

KA-27-02-2016-09 KA-27-02-2016-08 KA-27-02-2016-15 KA-27-02-2016-11